អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្សភ្លើងទៀនបដិសេធការចោទប្រកាន់ថាលាក់ច្បាប់ដើមនៃបញ្ជីចុះឈ្មោះគណបក្សនយោបាយ

គណបក្សភ្លើងទៀននៅថ្ងៃទី៣០ ខែឧសភានេះ បានចេញមកបញ្ជាក់ដោយទាត់ចោលការចោទប្រកាន់ថាគណបក្សប្រឆាំងមួយនេះ បានលាក់ច្បាប់ដើមដែលបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៣​ ខែមីនា ឆ្នាំ១៩៩៨ ក្នុងចេតនាមិនចង់ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលជាឧបាយកលធ្វើឲ្យបរទេសដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា និងបង្កចលាចលក្នុងសង្គម។ ការបញ្ជាក់របស់គណបក្សភ្លើងទៀន បានធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុនបានដាក់ការសង្ស័យថាការបាត់លិខិតច្បាប់ដើមរបស់គណបក្សភ្លើងទៀនគឺជាឧបាយកលអ្នកណាម្នាក់។

ក្រុមប្រឹក្សាធម្មនុញ្ញ
ក្រុមប្រឹក្សាធម្មនុញ្ញ © Internet
ផ្សាយពាណិជ្ជកម្ម

ប៉ុន្មានថ្ងៃក្រោយការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមិនជឿថាគណបក្សភ្លើងទៀនបាត់លិខិតច្បាប់ដើមចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ គណបក្សភ្លើងទៀនបានបញ្ជាក់ជំហររបស់ខ្លួនថាគណបក្សប្រឆាំងមួយនេះ នៅតែមានឆន្ទៈពិតប្រាកដ និងយ៉ាងមោះមុតក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ តាមរយៈធ្វើការទំនាក់ទំនងជាមួយក្រសួងមហាផ្ទៃ។

គណបក្សភ្លើងទៀនបញ្ជាក់ថាគណបក្សនេះ បានបាត់ច្បាប់ដើមនៃប្រកាសលេខ១៩៣ ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយក្នុងអំឡុងឆ្នាំ ២០១៧ នៅពេលដែលទីស្នាក់ការកណ្តាលគណបក្សភ្លើងទៀន ដែលស្ថិតនៅខាងក្រោមទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ ត្រូវបិទដោយអំណាចសាលដីកាតុលាការកំពូល។

កាលពីសប្តាហ៍មុនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងវេទិការសាធារណៈជាមួយកម្មករថាលោកមិនជឿថាលិខិតចុះបញ្ជីគណបក្សច្បាប់ដើមរបស់គណបក្សភ្លើងទៀនបាត់នោះទេ។ លោកនាយករដ្ឋមន្ត្រីវិភាគថា លិខិតចុះបញ្ជីគណបក្សភ្លើងទៀនច្បាប់ដើម គឺស្ថិតនៅជាមួយបុគ្គលណាម្នាក់នៅឯក្រៅប្រទេស ដែលមានបំណងមិនចង់ឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោត ដែលជាឧបាយកលមួយ មានបំណងចង់ឲ្យបរទេសគាបសង្កត់កម្ពុជា។

ក៏ប៉ុន្តែតាមរយៈការបញ្ជាក់នៅថ្ងៃនេះ គណបក្សភ្លើងទៀនបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការចូលរួមការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣នេះ ដែលមានរហូតដល់១៥ចំណុច។ ចាប់តាំងពីចំណុចទី១ រហូតដល់ចំណុចចុងក្រោយ គណបក្សភ្លើងទៀន បានរៀបរាប់ពីសកម្មភាពការងាររបស់ខ្លួនយ៉ាងសកម្ម ជាមួយអាជ្ញាធរពាក់ព័ន្ធជាពិសេសជាមួយក្រសួងមហាផ្ទៃ ធ្វើយ៉ាងណាទទួលបានការបញ្ជាក់ជាផ្លូវការ ដើម្បីឲ្យគណបក្សប្រឆាំងមួយនេះ អាចចូលរួមបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០២៣នេះបាន។ គណបក្សភ្លើងទៀន ក៏បានរំលេចផងដែរពីការតស៊ូមតិតាមផ្លូវច្បាប់នៅដំណាក់កាលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងដំណាក់កាលក្រុមប្រឹក្សាធម្មនុញ្ញ។

ទោះយ៉ាងណា គណបក្សភ្លើងទៀន ដែលត្រូវបានផាត់ចោលដោយ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញា ក្រោមហេតុផលមិនមានឯកសារគ្រប់គ្រាន់ បញ្ជាក់ថាគណបក្សនេះ នៅតែប្រកាន់ជំហរចូលរួមបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោនជាតិជាបន្តបន្ទាប់នាពេលខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ