អានតួអត្ថបទ
កម្ពុជា-កីឡា

កីឡា១៤ប្រភេទ រួមមានជាង៤២០វិញ្ញាសារ នឹងដាក់ឲ្យប្រកួតនៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២

ក្នុងនាមជាម្ចាស់ផ្ទះ ប្រទេសកម្ពុជានឹងបើកកម្មវិធីជាផ្លូវការនៅថ្ងៃសៅរ៍ទី០៣ ខែមិថុនាស្អែកនេះ ដើម្បីដំណើរការការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយមានការចូលរួមពីប្រតិភូកីឡាករប្រមាណ២៧០០នាក់ គិតទាំងកម្ពុជាផងដែរ។ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនេះ ត្រូវបានធ្វើឡើងតែជាង២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឬស៊ីហ្គេម ប្រកបដោយជោគជ័យ។

កីឡា១៤ប្រភេទ រួមមានជាង៤២០វិញ្ញាសារ នឹងដាក់ឲ្យប្រកួតនៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២។
កីឡា១៤ប្រភេទ រួមមានជាង៤២០វិញ្ញាសារ នឹងដាក់ឲ្យប្រកួតនៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២។ © Internet
ផ្សាយពាណិជ្ជកម្ម

ប្រតិភូកីឡា និងអត្តពលិកជាង២៧០០នាក់ រួមទាំងកម្ពុជាជាម្ចាស់ផ្ទះផង នឹងធ្វើការប្រកួតប្រជែងគ្នាចាប់ពីថ្ងៃទី០៣ ដល់ទី០៩ ខែមិថុនា នៃព្រឹត្តិការណ៍កីឡាអាស៊ានបារ៉ាហ្គេមលើកទី១២ ឬការប្រកួតកីឡាជនពិការនៃបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី១២។

ប្រទេសនៅតំបន់អាស៊ានទាំង១១ សុទ្ធតែមានប្រតិភូ និងសមាសភាពកីឡាជនពិការចូលរួមទាំងអស់ ដោយថៃបានបញ្ជូនប្រតិភូចូលរួមច្រើនជាងគេរហូតដល់ ៦២៩នាក់ ឥណ្ឌូនេស៊ី ៥៨០នាក់ លេខ៣គឺកម្ពុជាដែជាម្ចាស់ផ្ទះមានប្រតិភូ ៣៤៣នាក់។ ក្រៅពីនេះ ម៉ាឡេស៊ី និងហ្វីលីពីន បានបញ្ជូនប្រតិភូប្រទេសនីមួយៗជាង ២០០នាក់ ខណៈដែលវៀតណាម ភូមា និងសិង្ហបុរី មានប្រតិភូចូលរួមសម្រាប់ប្រទេសនីមួយៗ ត្រឹមជាង១០០នាក់។ ដោយឡែក ឡាវ ប៊្រុយណេ និងទីម័រខាងកើតមានអ្នកចូលរួមត្រឹមក្រោម១០០នាក់ប៉ុណ្ណោះ។

មិនខុសគ្នាពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជាកាលពីជាង២សប្តាហ៍មុនទេ ប្រតិភូកីឡាជនពិការចម្រុះជាតិសាសន៍សុទ្ធតែទទួលបាននូវការស្នាក់នៅ និងអាហារដោយមិនគិតថ្លៃ។

ចំពោះប្រភេទកីឡាទាំង១៤ ដែលនឹងត្រូវដាក់ឲ្យមានការប្រកួតនោះ រួមមានកីឡា អត្តពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះរទេះ បាល់ទះអង្គុយ វាយកូនឃ្លីលើតុជនពិការ វាយសីជនពិការ បាល់ទាត់ជនពិការភ្នែក បាល់ទាត់ចលករខួរក្បាល បាល់បោះជនពិការ លើកទម្ងន់ជនពិការ យូដូ កីឡាបូស្យា អុកចត្រង្គ និងកីឡា E-Sport។ ក្នុងចំណោមប្រភេទកីឡាទាំង១៤ ត្រូវបានបែងចែកជាជាង៤២០វិញ្ញាសារ ផងដែរ។

ទីតាំងដែលត្រូវប្រកួតកីឡាទាំងអស់នេះរួមមាន៦ទីតាំង គឺពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡានជាតិអូឡាំពិក សកលវិទ្យាល័យភូមិន្ទភ្នំពេញ ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាស៊ីណូណាហ្គាវើលដ៏២ និងអគារអូឡាំព្យាម៉ល។

សូមរំលឹកថាប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅក្នុងពិធីសម្ពោធស្ពាននៅសប្តាហ៍នេះនៅភ្នំពេញ បានថ្លែងបញ្ជាក់ថាពិធីបើក និងបិទការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ គឺធ្វើឡើងមិនចាញ់ពិធីបើក និងបិទការប្រកួតកីឡាស៊ីហ្គេមដែលទើបតែបញ្ចប់នោះទេ ពោលគឺទាំងផ្ទាំងទស្សនីយភាពនៃការសម្ដែង និងការបាញ់កាំជ្រួចជាដើមនោះ នឹងបង្ហាញពីភាពអស្ចារ្យដូចគ្នា។

សូមរំលឹកដែរថា កាលពីការប្រកួតកីឡាជនពិការអាស៊ានលើកទី១១នៅឥណ្ឌូនេស៊ី ឆ្នាំ២០២២ ប្រទេសកម្ពុជាបានស្ថិតនៅចំណាត់ថ្នាក់ទី៧ ក្នុងចំណោម១១ប្រទេស ដោយទទួលបានមេដាយសរុប ២៨ ក្នុងនោះមាស ៧ ប្រាក់១០ និងសំរឹទ្ធ១១ ពោលគឺនៅឈរលើប្រទេសសិង្ហបុរី ទីម័រខាងកើត ឡាវ និងប្រ៊ុយណេ។

ក៏ប៉ុន្តែលោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការកីឡាប៉ារ៉ាហ្គេមកម្ពុជា បានផ្តល់បទសម្ភាសឲ្យវិទ្យុបារាំង RFI កន្លងទៅនេះថា កម្ពុជារំពឹងថានឹងឈ្នះមេដាយទ្វេរដង ខណៈដែលព្រឹត្តិការណ៍នៃការប្រកួតកីឡាជនពិការលើកទី១២នេះ ត្រូវបានរៀបចំនៅកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ