អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្សភ្លើងទៀននៅតែរក្សាគម្រោងជួបជុំទាមទារចូលរួមការបោះឆ្នោតដើម្បីបង្ហាញភាពអយុត្តិធម៌

គម្រោងជួបជុំសមាជិកនិងអ្នកគាំទ្រប្រមាណជាង ១ម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យរបស់គណបក្សភ្លើង​​ទៀន ដើម្បីទាមទារចូលការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ នៅតែរក្សាជំហរដដែល បើទោះបីជាមានការព្រមានចាប់ខ្លួនក៏ដោយ។ ប៉ុន្តែគម្រោងជួបជុំតស៊ូមតិដោយសន្តិវិធីនេះ អាចធ្វើទៅបានលុះត្រាណាតែមានការអនុញ្ញាតពីសាលាក្រុងភ្នំពេញ និងក្រសួងមហាផ្ទៃជាមុនសិន។ នេះបើតាមលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន។ 

គណបក្សភ្លើងទៀន
គណបក្សភ្លើងទៀន © Internet
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃសុក្រនេះ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនឲ្យដឹងថា ការដាក់លិខិតទៅសាលាក្រុងភ្នំពេញ និងក្រសួងមហាផ្ទៃ របស់គណបក្សភ្លើងទៀន ដើម្បីស្នើសុំជួបជុំសមាជិកនិងអ្នកគាំទ្រប្រមាណជាង ១ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យចុងសប្ដាហ៍នេះ ត្រូវបាន​​លើកពេល។ លើកពេលដោយសារមានបញ្ហាមួយចំនួនដែលគណបក្សនេះ ត្រូវធ្វើការពិភាក្សា​គ្នាបន្ថែម ប៉ុន្តែ​គម្រោងជួបជុំទាមទារចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅតែរក្សាដដែល។ នេះបើតាមលោក រ៉ុង ឈុន។

បើតាមលោក រ៉ុង ឈុន ទោះបីការតស៊ូមតិនេះ នៅតែមិនអាចទាមទារឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតបាន ប៉ុន្តែការរក្សាជំហរធ្វើការជួបជុំសមាជិក និងអ្នកគាំទ្រនៅទីលានប្រជាធិបតេយ្យ គឺចង់បង្ហាញភាពអយុត្តិធម៌សម្រាប់គណបក្សភ្លើងទៀន ដែលមិនត្រូវបានអនុញ្ញាតឲ្យចូលរួមការបោះឆ្នោត​។ អនុប្រធានគណបក្សភ្លើងទៀនបន្តថា ការមិនអនុញ្ញាតឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតថ្នាក់ជាតិ នឹងធ្វើឲ្យប៉ះពាល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋប្រ​មាណជិត ២លាននាក់ ដែលគាំទ្រគណបក្សភ្លើងទៀន កាលពីបោះឆ្នោតឃុំ-សង្កាត់កន្លងមក។

ជាការកត់សម្គាល់ ក្រោយគណបក្សភ្លើងទៀនប្រកាសប្រមូលផ្ដុំជួបជុំសមាជិក និងអ្នកគាំទ្រប្រមាណជាង ១ម៉ឺននាក់ នៅទីលានប្រ​ជាធិបតេយ្យសារជាថ្មី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បន្តព្រមានចាប់ខ្លួនផងដែរ ប្រសិនបើហ៊ានចេញតវ៉ាដោយខុសច្បាប់។ ការព្រមានជាថ្មីនេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប ឬស្ពានឬស្សីកែវ នៅថ្ងៃទី៣១ឧសភា​។

ប៉ុន្តែយ៉ាងណាការព្រមានចាប់ខ្លួននេះ លោក រ៉ុង ឈុន ថាគណបក្សភ្លើងទៀនមិនមានការព្រួបារម្ភឡើយ ជាពិសេសរូបលោកផ្ទាល់។ មិនមានការព្រួយបារម្ភ ដោយលោក រ៉ុង ឈុន ថាគណបក្សភ្លើង​ទៀនធ្វើអ្វីៗគោរពទៅតាមច្បាប់ ដូច្នេះបើការជួបជុំនេះ មិនត្រូវបានអនុញ្ញាពីអាជ្ញាធរទេ នោះគណបក្សភ្លើងទៀន មិនធ្វើការជួបជុំតស៊ូមតិឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ