អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន ថា ការបាត់បង់EBA២០%កន្លងមក បានប្រាប់កម្ពុជាឲ្យត្រូវពង្រឹងភាពធន់ដោយខ្លួនឯង

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នា​វេទិកា​សាធារណៈ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ បន្ត​អះអាង​ថា​ ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​របស់​សហភាព​អឺរ៉ុប​ ២០% ​រយៈពេល​ជិត​៣ឆ្នាំ​កន្លង​មក​នេះ ​មិនបាន​នាំ​បញ្ហា​អ្វី​ដល់​ការ​នាំចេញ​របស់​កម្ពុជា​សោះឡើយ។​ ផ្ទុយ​មក​វិញ​ សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី ​ការ​បាត់បង់​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធ​នេះ ​បាន​ពង្រឹង​ភាព​ធន់​របស់​កម្ពុជា ​ដ្បិត​ប្រព័ន្ធ​អនុគ្រោះ​របស់​សហភាព​អឺរ៉ុប​ គង់​តែ​នឹង​បាត់បង់​ទាំង​ស្រុង​ក្នុង​ពេល​ខាង​មុខ។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខបណ្តាកម្មកររោងចក្រ ក្នុងខេត្តកំពង់ស្ពឺ ព្រឹកនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានឆ្លើយតបទៅនឹងបញ្ហាEBA ដែលជាប្រព័ន្ធអនុគ្រោះរបស់សហភាពអឺរ៉ុប ចំពោះបណ្តាទំនិញនាំចេញពីកម្ពុជា  ជាពិសេសវិស័យវាយនភណ្ឌកាត់ដេរ ថាមិនបានប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា បើទោះបីជាការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបត្រូវបង់ពន្ធ បន្ទាប់ពីកម្ពុជាបានបាត់បង់ប្រព័ន្ធអនុគ្រោះមួយនេះ ២០%។ តាមលោក ហ៊ុន សែន ការបាត់បង់២០%នៃប្រព័ន្ធអនុគ្រោះពន្ធ EBA គ្រាន់តែធ្វើឲ្យកម្ពុជាចំណេញតិចជាងមុនតែប៉ុណ្ណោះ។

ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ២០% រយៈពេលបីឆ្នាំមកនេះ លោក ហ៊ុន សែន បានអះអាងថា ជាការពង្រឹងភាពធន់របស់កម្ពុជាចាប់ពីពេលនេះតទៅ។ បញ្ហានេះ លោក ហ៊ុន សែន បានឲ្យដឹងថា លោកធ្លាប់រំលឹកមន្ត្រីក្រោមឱវាទរបស់ខ្លួន នាអំឡុងទៅប្រជុំនៅអឺរ៉ុប ថាដាច់ណាត់មិនឲ្យហាមាត់សុំត្រលប់មកវិញ នូវចំនួន២០%ដែលអឺរ៉ុបបានកាត់ពីកម្ពុជានោះទេ។ បើតាមលោក ហ៊ុន សែន ការធ្វើយ៉ាងនេះ គឺដើម្បីសាកល្បងចង់ដឹងថា តើភាពធន់កម្ពុជានៅកម្រិតណា ហើយកម្ពុជាត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដោយមិនចាំបាច់ត្រូវការខ្យល់អុកស៊ីសែនរបស់អឺរ៉ុបមកដកដង្ហើមឡើយ។

គួររំលឹកថា សហភាពអឺរ៉ុប នៅឆ្នាំ២០២០ បានសម្រេចកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ២០%ពីកម្ពុជា ដោយសារតែកម្តៅនយោបាយបានពុះកញ្ជ្រោល ក្រោយការរំលាយអតីតគណបក្សសង្រ្គោះជាតិ។ ការបាត់បង់ផ្នែកខ្លះនៃ EBA នាំឲ្យសហជីពក្នុងវិស័យកាត់ដេរ យល់ឃើញថា​ ជាការនាំផលលំបាកដល់កម្មករក្នុងវិស័យវាយនភណ្ឌកាត់ដេរ ដ្បិតមុខទំនិញសំលៀកបំពាក់ ស្បែកជើង កាបូបជាដើម នឹងត្រូវបង់ពន្ធ។

តែយ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអាទិត្យ បានអះអាងជាថ្មី ថា​ ការបាត់អស់២០%នោះ មិនជាបញ្ហាអ្វីឡើយ ហើយកម្ពុជាក៏នឹងតៀមចិត្តក្នុងការបាត់បង់ប្រព័ន្ធអនុគ្រោះនេះទាំងស្រុងដែរ។ លោកថា​ EBA គង់តែបាត់ ១០០ភាគរយ ក្នុងពេលខាងមុខ អាចនៅឆ្នាំ២០២៦ ឬ២០២៧ នៅពេលដែលកម្ពុជាចេកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។

គួរកត់សម្គាល់ថា ក្រោយការបាត់បង់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមបង្វែរទិសដៅចរន្តសេដ្ឋកិច្ច ដោយងាកទៅប្រទេសដទៃទៀត តាមរយៈការបង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ ក្នុងនោះចិន ជាទីផ្សារ ដែលកម្ពុជាចរចា FTA បានសម្រេចមុនគេ ដើម្បីបង្កើនទំហំពាណិជ្ជកម្មក្នុងការនាំចេញ នាំចូល។ ក្រៅពីនេះ ទីផ្សារកូរ៉េខាងត្បូង ហើយក៏នៅមានបណ្តាប្រទេសផ្សេងទៀត ដែលកម្ពុជាចិញ្ចឹមចិត្តចង់បង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីបន្ថែម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ