អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

លោក ទៀ បាញ់ ធានាអះអាងថា កម្ពុជានឹងរក្សានូវតម្លាភាពចំពោះការអភិវឌ្ឍកំពង់ផែរាម

លោក ទៀ បាញ់ អះអាងជាថ្មីថា កម្ពុជានឹងធានាឱ្យបាននូវតម្លាភាពចំពោះការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងរដ្ឋធម្មនុញ្ញរបស់ខ្លួន ក្រោយមានការចោទប្រកាន់ជាបន្តបន្ទាប់។​ ការបញ្ជាក់ជំហររបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានាពេលនេះធ្វើឡើង ក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២០នៅឯប្រទេសសិង្ហបុរីកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។​ តែយ៉ាងណា អ្នកជំនាញយល់ថា កម្ពុជាត្រូវជម្រះមន្ទិលសង្ស័យឱ្យអស់ ដើម្បីកុំចំណាយពេលបកស្រាយបញ្ហាមូលដ្ឋានទ័ពរាមបន្តទៀត។  

កំពង់ផែរាម
កំពង់ផែរាម © សហការី
ផ្សាយពាណិជ្ជកម្ម

ជុំវិញភាពចម្រូងចម្រាសនៃការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់នៅចំពោះមុខមេដឹកនាំលើវិស័យការពារជាតិមកពីបណ្តាប្រទេសក្នុងតំបន់ឥណ្ឌូ-បាស៊ីហ្វិកថា រាល់ការអភិវឌ្ឍនៅក្នុងមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា គឺគ្មានហេតុផលអ្វីក្រៅតែពីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពនៃមូលដ្ឋានទ័ព ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក្នុងវិស័យការពារជាតិ ដូចជាកិច្ចការពារសន្តិសុខលម្ហសមុទ្រ និងកិច្ចសហប្រតិបត្តិការនានាជាមួយរដ្ឋបរទេស។

ម្យ៉ាងវិញទៀត ការអភិវឌ្ឍមូលដ្ឋានទ័ពរាម ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការការពារអធិបតេយ្យភាពរបស់កម្ពុជាផង។ នេះបើតាមការលើកឡើងបន្ថែមរបស់លោក ទៀ បាញ់។

ឆ្លើយតបទៅនឹងការចោទប្រកាន់ថា មូលដ្ឋានកងទ័ពជើងទឹករាមកម្ពុជា គឺអភិវឌ្ឍន៍សម្រាប់តែបម្រើផលប្រយោជន៍ផ្តាច់មុខដល់កងទ័ពចិន និងអាចបង្កអសន្តិសុខក្នុងតំបន់ លោក ទៀ បាញ់ថ្លែងថា មូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា គឺគ្រាន់តែជាមូលដ្ឋានតូចមួយដែលមានទំហំមិនទាន់ស្មើនឹងកំពង់ផែស៊ីវិលរបស់ប្រទេសមួយចំនួនផង។ ហើយវានឹងមិនប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ឡើយ។

ផ្ទុយទៅវិញ ការធ្វើទំនើបកម្មកំពង់ផែរាមនេះ រដ្ឋមន្ត្រីការពារជាតិរូបនេះ យល់ថា ជាជោគជ័យទៅវិញទេ ដើម្បីអាចឱ្យកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមសកម្មភាពនានាក្នុងការបង្កើនសន្តិសុខក្នុងតំបន់ ខណៈកម្ពុជានឹងធានានូវតម្លាភាពនៃការអភិវឌ្ឍកំពង់ផែរាម។

ទាក់ទិននឹងរឿងនេះ លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយកត់សម្គាល់ថា ការបញ្ជាក់ម្តងជាពីរដងរបស់កម្ពុជាជុំវិញការអភិវឌ្ឍកំពង់ផែរាម គឺជាជំហរដ៏ម៉ឺងម៉ាត់ និងដើម្បីជម្រះមន្ទិលសង្ស័យនានាដែលសហគមន៍អន្តរជាតិចោទប្រកាន់មកលើកម្ពុជា។ លោកសាស្ត្រាចារ្យថា ដើម្បីបញ្ចប់ការសង្ស័យពីសំណាក់សហគមន៍អន្តរជាតិ លុះត្រាណា កម្ពុជាខ្លួនឯង​ បង្ហាញពីជំហរអព្យាក្រឹត្យលើផ្នែកកិច្ចការបរទេសតាមរយៈការមិនចូលបក្សសម្ព័ន្ធ ក៏ដូចជាធ្វើអ្វីឱ្យស្របទៅតាមសន្និសញ្ញាទីក្រុងបារីស។

បើតាមលោក ឯម សុវណ្ណរ៉ា ការដែលសហគមន៍អន្តរជាតិនៅបន្តទាមទារឱ្យកម្ពុជាបង្ហាញនូវតម្លាភាពនៃការអភិវឌ្ឍកំពង់ផែរាម ដោយសារ រាល់កម្ចីរបស់ចិន គឺត្រូវបំពេញលក្ខខណ្ឌចាំបាច់មួយ ដោយត្រូវអនុញ្ញាតឱ្យកងទ័ពចិនតាំងមូលដ្ឋានទ័ពក្រោមហេតុផលការពារសន្តិភាព ដែលនេះវាស្របទៅនឹងទិដ្ឋាភាពបច្ចុប្បន្នដែលកំពង់ផែរាមត្រូវបានអភិវឌ្ឍន៍ក្រោមជំនួយរបស់ចិន។   

សូមជម្រាបថា មូលដ្ឋានទ័ពរាមកម្ពុជានៅតែជាបញ្ហាចម្រូងចម្រាសរវាងកម្ពុជា និងសហរដ្ឋអាមេរិក បន្ទាប់ពីកម្ពុជាបានវាយកម្ទេចចោលនូវអគារមួយជាជំនួយរបស់អាមេរិកកាលពីអំឡុងខែតុលា ឆ្នាំ២០២០ ហើយសា្វគមន៍ការអភិវឌ្ឍក្រោមជំនួយរបស់ចិនវិញ។ បញ្ហានេះ​ បានក្លាយជាវិញ្ញាសារបស់កម្ពុជាក្នុងការបង្ហាញតម្លាភាព ដើម្បីធានានូូវសន្តិសុខ និងស្ថិរភាពក្នុងតំបន់៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ