អានតួអត្ថបទ
កម្ពុជា-នយោបាយ

ករណីចាប់ខ្លួនសកម្មជនចំនួន២រូប៖ អនុប្រធានគណបក្សភ្លើងទៀនថាជារឿងអយុត្តិធម៌បំផុត

សកម្មជនគណបក្សភ្លើងទៀននៅខេត្តត្បូងឃ្មុំចំនួន ២រូប គឺលោក អ៊ំ យ៉េត និងលោក ស៊ាង ហាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយចោទប្រកាន់អ្នកទាំងពីរថា បានប្រព្រឹត្តបទល្មើសញុះ​ញង់​​។ ការចាប់ខ្លួនអ្នកទាំងពីរនេះ ត្រូវបានអនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ថាវាជារឿងអយុត្តិធម៌បំផុតសម្រាប់ពួកគេ ដោយគ្រាន់សន្ទនាគា្នជុំវិញរឿងលោក សម រង្ស៊ី មកប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាដើម។ 

គណបក្សភ្លើងទៀន
គណបក្សភ្លើងទៀន © Internet
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃសុក្រនេះ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បានបញ្ជាក់ថា ការចាប់ខ្លួនសកម្មជនគណបក្សភ្លើងទៀននៅខេត្តត្បូងឃ្មុំចំនួន ២រូប គឺលោក អ៊ំ យ៉េត និងលោក ស៊ាង ហាននេះ សមត្ថកិច្ចពុំមានដីកាចាប់ខ្លួនឡើយ។ បើតាមលោក រ៉ុង ឈុន បើផ្អែកតាមអង្គហេតុ និងអង្គច្បាប់ ដែលលោកទទួលព័ត៌មានបានពីមេធាវីការពារក្ដីឲ្យអ្នកទាំងពីរខាងលើនេះ គឺការចាប់ខ្លួនពុំសមហេតុផលទាល់តែសោះ។ ពុំសមហេតុផល ដោយសារអ្នកទាំងពីរសន្ទនាគ្នាតាមទូរស័ព្ទជុំវិញរឿងលោក សម រង្ស៊ី មកប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បែរជាចោទគ្នាថាញុះញង់ទៅវិញ។

ករណីនេះ លោក រ៉ុង ឈុន ថាវាជារឿងអយុត្តិធម៌បំផុតសម្រាប់ពួកគេ ដោយគ្រាន់តែសន្ទនាគ្នាសោះបែរជាត្រូវចាប់ខ្លួន និងចោទប្រកាន់ថា បានប្រព្រឹត្តបទល្មើសញុះញង់។ ករណីនេះបើតាមលោក​ រ៉ុង ឈុន គួរតែធ្វើការអប់រំណែនាំ មិនគួរឈានទៅដល់ការចាប់ខ្លួន និងចោទប្រកាន់ឡើយ។

យ៉ាងណាមិញចំពោះបុគ្គលដែលជាប់ព័ន្ធនឹងលោក សម រង្ស៊ីវិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រទី០៩ ខែមិថុនានេះ នៅតែបញ្ជាក់ថា លោកនឹងមិនលើកលែងឲ្យឡើយ។ ចំពោះបុគ្គលដែល​ផ្ដាច់ខ្លួនចេញពីលោក សម រង្ស៊ី ទើបលោកលើកលែងទោសឲ្យ។ មិនតែប៉ុណ្ណោះចំពោះបុគ្គលដែលនៅជាប់ព័ន្ធជាមួយនឹងលោក សម រង្ស៊ី ត្រូវតែបន្តចាប់ខ្លួន។ នេះបើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

សូមបញ្ជាក់ថា លោក អ៊ំ យ៉េត និងលោក ស៊ាង ហាន ជាសមាជិកគណៈកម្មាធិការប្រតិបត្តិក្រុងសួង ខេត្តត្បូងឃ្មុំ របស់គណបក្សភ្លើងទៀន។ លោកទាំងពីរត្រូវបានក្រុមកម្លាំងសមត្ថកិច្ចស្នងការដ្ឋានក្រុងសួង ខេត្តត្បូងឃ្មុំ ចាប់ខ្លួននៅថ្ងៃទី៨ ខែមិថុនា។ ក្រោយពីចាប់ខ្លួន ក្រុមកម្លាំងសមត្ថកិច្ចក៏បានបញ្ជូនសកម្មជននយោបាយទាំង២នាក់នេះ ទៅសាលាដំបូងរាជធានីភ្នំពេញផងដែរ។

ជាការកត់សម្គាល់ ការចាប់ខ្លួនមន្រ្តីគណបក្សភ្លើងទៀននេះ មិនមែនទើបតែកើតមានលើអ្នកទាំងពីរខាងលើនេះនោះទេ កន្លងមកមានមន្រ្តីគណបក្សភ្លើងទៀនទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដូចជាលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ថា ចេញសែកស្អុយ និង​លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បាននិងកំពុងជាប់រឿងក្ដីក្ដាំបរិហាកេរ្កិ៍ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជន​ ដែលត្រូវបង់សងជំងឺចិត្តជាច្រើនម៉ឺនដុល្លារផងដែរ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ