អានតួអត្ថបទ
កម្ពុជា-នយោបាយ

តុលាការកំពូលលើកពេល​ប្រកាសសាលដីកាសំណុំរឿង លោក ថាច់ សេដ្ឋា

តុលាការកំពូល​នៅព្រឹកថ្ងៃចន្ទនេះ បានបើកសវនាការលើ​សំណុំរឿង លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀននៅក្រោម​បទ​ចោទ​«ញុះញង់​បង្ក​ឲ្យមានភាពវឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ញុះ​ញង់​​ឲ្យមានការរើសអើង»។ បើតាម​មេធាវីការពារក្តី​ក្រោយ​បិទ​សវនាការ​នៅព្រឹកនេះ គឺប្រធានអង្គជំនុំជម្រៈ​សម្រេច​លើកពេល​ប្រកាស​សាលដីកាទៅថ្ងៃទី១៩មិថុនាខាងមុខ។ 

គណបក្សភ្លើងទៀន
គណបក្សភ្លើងទៀន © Internet
ផ្សាយពាណិជ្ជកម្ម

មេធាវីការពារក្តីឲ្យលោក ថាច់ សេដ្ឋា គឺលោក ជួង ជូងី សុំមិនបញ្ចេញមតិ​យល់ឃើញអ្វីច្រើន​ឡើយ​លើ​ការ​បើក​សវនាការ​នៅថ្ងៃនេះ ដោយគ្រាន់តែ​បញ្ជាក់ថា លទ្ធផល​យ៉ាង​គឺរងចាំដល់​ថ្ងៃទី១៩មិថុនា។

អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ត្រូវបានចាប់​ខ្លួនកាលពីថ្ងទី១៦មករា២០២៣ ពីបទ «មិន​បាន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន»ឬចេញឆែកមិនមានទឹកប្រាក់ ដែល​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៩ ។ តុលាការកំពូលបាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំរបស់​លោក ថាច់ សេដ្ឋា បើទោះជា​មានការ​បង់​ប្រាក់​តម្កល់ប្រាក់៣ម៉ឺនដុល្លារ​ដើម្បី​ធានា​នៅក្រៅឃុំ​ក៏ដោយ។

ប៉ុន្តែក្រោយមក លោក​ ថាច់ សេដ្ឋា ​ត្រូវ​បាន​តុលាការ​កំពូល​ចោទ​ប្រកាន់​បទ​ល្មើស​ព្រហ្មទណ្ឌ​បន្ថែម​ទៀត​ ពី​បទ​ញុះញង់​ អំឡុង​ពេល​អ្នក​នយោបាយ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ចេញ​ទៅ​ប្រទេស​កូរ៉េ។​ ការណ៍​នេះ​ គណបក្ស​ភ្លើងទៀន​លើក​ឡើង​ថា ​ជា​ការ​ចោទ​ប្រកាន់​តាម​បែប​នយោបាយ​ ជា​ជាង​តាម​ប្រព័ន្ធ​ផ្លូវ​ច្បាប់។​

សូមរំលឹកថា ក្រៅពីលោក ថាច់ សេដ្ឋា លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនម្នាក់ទៀត បានបាត់បង់ដីធ្លី ក្រោយរងបណ្តឹងគណបក្សប្រជាជន ហើយលោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្ស ក៏បានរងនូវបណ្តឹងតុលាការដែរ។ ទីបំផុតដីនិងផ្ទះរដ្ឋ ដែលលោកធ្លាប់រស់នៅអស់ពេល៤ទសវត្សរ៍ ត្រូវលោកប្រគល់ឲ្យក្រសួងការបរទេសវិញ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បញ្ចប់ការប្តឹងបន្តទៀត។

​មកដល់ពេល​អ្វីដែលបានកើតឡើងទៅលើគណបក្សប្រឆាំងធំជាងគេនេះ គឺគណបក្សនេះ​មិនត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​រួមបោះឆ្នោតនៅ​ថ្ងៃ២៣កក្កដា​ឡើយ​ ក្រោម​ហេតុផល​មិនបានបំពេញ​លក្ខខណ្ឌ​តម្រូវ​របស់គណៈកម្មាធិការជាតិ​រៀប​ចំការបោះឆ្នោត៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ