អានតួអត្ថបទ
កម្ពុជា-សង្គម

បទល្មើសព្រៃឈើ៖ លោក សៅ សុខាថា អាជ្ញាធរកំពុងចុះបង្ក្រាបក្នុងខេត្តពោធិ៍សាត់ និងស្វាយរៀង តែមិនទាន់ចាប់បានជនល្មើស

គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិបានឱ្យដឹងថា ខេត្តពោធិ៍សាត់ និងខេត្តស្វាយរៀង គឺជាគោលដៅធំជាងគេក្នុងការចុះអនុវត្តបង្ក្រាបបទល្មើសព្រៃឈើ និងការទន្ទ្រានយកដីរដ្ឋខុសច្បាប់ ខណៈអាជ្ញាធរថ្នាក់ក្រោមជាតិកំពុងពង្រាយកងកម្លាំងចុះបង្ក្រាបតាមទីតាំងដែលមានបទល្មើសព្រៃឈើផ្សេងៗទៀតដូចគ្នា។ ការចុះបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើ និងការទន្ទ្រានដីរដ្ឋខុសច្បាប់នេះ ធ្វើឡើងក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាដាច់ណាត់ឱ្យក្រសួងពាក់ព័ន្ធ និងអាជ្ញាធរដែនដីត្រូវបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យខានតែបាន បន្ទាប់ពីលោកឃើញថា មុនការបោះឆ្នោតករណីបទល្មើសព្រៃឈើកើនឡើង។ 

អាជ្ញាធរថ្នាក់ក្រោមជាតិកំពុងពង្រាយកងកម្លាំងចុះបង្ក្រាបតាមទីតាំងដែលមានបទល្មើសព្រៃឈើ។
អាជ្ញាធរថ្នាក់ក្រោមជាតិកំពុងពង្រាយកងកម្លាំងចុះបង្ក្រាបតាមទីតាំងដែលមានបទល្មើសព្រៃឈើ។ © Internet
ផ្សាយពាណិជ្ជកម្ម

លោក សៅ សុខា ប្រធានគណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិបានថ្លែងមកវិទ្យុបារាំងអន្តរជាតិRFIថា បន្ទាប់ពីមានការបញ្ជាដោយផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ បានបញ្ចូនកងកម្លាំងប្រដាប់វុធចំនួន១០ក្រុម ក្នុងមួយក្រុមមានកម្លាំងចំនួន៣០នាក់ ដើម្បីចុះបង្ក្រាបបទល្មើសព្រៃឈើ និងករណីទន្ទ្រានដីព្រៃរបស់រដ្ឋខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងស្វាយរៀង។

បើតាមលោក សៅ​ សុខា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិអស់រយៈពេលជិត១សប្តាហ៍មកនេះ អាជ្ញាធរនៅមិនទាន់ចាប់បានជនល្មើសណាម្នាក់នៅឡើយ។ ក៏ប៉ុន្តែ នៅខេត្តស្វាយរៀង លោក សៅ សុខាថា អាជ្ញាធរខេត្តបានចុះដកបង្គោលដែលពលរដ្ឋចាប់យកដីរបស់រដ្ឋក្នុងស្ថានីយដាំកូនឈើក្រសាំងរបស់រដ្ឋចំនួន៥០ហិកតា និងបានដកកូនកៅស៊ូ ចំនួន២៥០ដើមផង។

ក្រៅពីខេត្តពោធិ៍សាត់ និងស្វាយរៀង គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក៏កំពុងបន្តប្រមូលព័ត៌មានអំពីករណីកាប់ទន្ទ្រានព្រៃឈើរំលោភយកដីរដ្ឋនៅតាមបណ្តាខេត្តផ្សេងទៀតដូចគ្នា មុននឹងឈានដល់ការចុះបង្ក្រាបជាក់ស្តែង ខណៈអាជ្ញាធរនឹងកំណត់ការចុះបញ្ជីដីរបស់រដ្ឋដើម្បីងាយស្រួលចុះបង្ក្រាប។ ហើយ ទាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ កំពុងបន្តចុះស្រាវជ្រាវមេខ្លោងដែលនៅពីខាងក្រោយករណីទន្ទ្រានដីរដ្ឋខុសច្បាប់ និងឈរកាងពីក្រោយដើម្បីកាប់បំផ្លាញព្រៃឈើ។ នេះជាបើតាមការបញ្ជាក់បន្ថែមរបស់លោក សៅ សុខា។

ចំពោះករណីកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីរដ្ឋខុសច្បាប់ លោក សៅ សុខា ទទួលស្គាល់ថា ពិតជាកើតមានឡើងមែន បើទោះបីអាជ្ញាធរបន្តចុះល្បាត និងបង្ក្រាបជាប្រចាំយ៉ាងណាក្តី។ តែយ៉ាងណា លោកថា ករណីនេះមិនអាចទប់ស្កាត់បានភ្លាមៗ និងឱ្យអស់គ្មានសល់បានឡើយ ត្បិតពលរដ្ឋខ្មែរមួយចំនួននៅបន្តមានតម្រូវការឈើដើម្បីយកមកធ្វើផ្ទះ និងបម្រើដល់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

លោក សេង សុខហេង អ្នកសម្របសម្រួលបណ្តាញសហគមន៍ព្រៃឡង់សង្ឃឹមថា ការចុះបង្ក្រាបបទល្មើសព្រៃឈើរបស់អាជ្ញាធរនឹងមានប្រសិទ្ធិយូរអង្វែង ដោយមិនធ្វើឡើងតែមួយខ្យល់បក់ រួចក៏ស្ងាត់ទៅវិញ។ ចំណែកការវែកមុខមេខ្លោងនៅកាងពីខាងក្រោយករណី​កាប់បំផ្លាញព្រៃឈើ លោក សេង សុខហេងថា អាជ្ញាធរក៏អាចធ្វើបានដូចគ្នា ប្រសិនបើមានឆន្ទៈ។ ក៏ប៉ុន្តែលោកស្នើឱ្យអនុវត្តច្បាប់ឱ្យស្មើភាពរវាងអ្នកមានអំណាច និងពលរដ្ឋធម្មតា ជុំវិញករណីបទល្មើសព្រៃឈើ

ជាក់ស្តែងការចុះបង្ក្រាបបទល្មើសព្រៃឈើនេះ ធ្វើឡើងក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០៥ ខែមិថុនា បានបញ្ជាឱ្យក្រសួងពាក់ព័ន្ធ និងអាជ្ញាធរដែនដីត្រូវចុះបង្ក្រាបទប់ស្កាត់បទល្មើសធនធានធម្មជាតិពិសេសក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីករណីបែបនេះបានកើតមានកាន់តែខ្លាំងមុនការបោះឆ្នោត។ បើតាម លោកនាយករដ្ឋមន្ត្រី សម្រាប់អាណត្តិនេះ លោកមិនត្រូវថ្នាក់ថ្នមដើម្បីការពារសន្លឹកឆ្នោតឡើយ ពោលគឺត្រូវការ​ពារធនធានធម្មជាតិ ព្រៃឈើ និងការពារសណ្ដាប់ធ្នាប់សង្គមជាចាំបាច់​។

សូមជម្រាបថា ក្នុងរយៈពេល៨ ខែឆ្នាំ២០២២ មន្ត្រីចុះល្បាតព្រៃឈើបានបង្ក្រាបបទល្មើសព្រៃឈើសរុប៤,២៥០ករណី។ នេះបើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន។ ក្នុងនោះ ករណីភាគច្រើនគឺការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានដីរដ្ឋខុសច្បាប់ និងបទល្មើសសត្វព្រៃហើយមន្ត្រី​បរិស្ថាន ក៏​បាន​រឹបអូស​ឈើ​ប្រណិត​សរុប​៧៥៨​ម៉ែត្រគូប ​ក្នុង​នោះ​មាន​ម៉ាស៊ីអារឈើចំនួន ​១.៧២៤​គ្រឿង រថយន្ត​៥១​គ្រឿង ត្រាក់ទ័រ​១៣៨​គ្រឿង និង​ម៉ូតូ​១៥២​គ្រឿង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ