អានតួអត្ថបទ
កម្ពុជា-សង្គម

សកម្មជនព្រៃឈើចង្អុលមុខក្រុមជនល្មើសកាប់ឈើ បន្ទាប់ពីមេបង្ក្រាបបទល្មើសឲ្យចង្អុលមេខ្លោង

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះ​វិហារ​បាន​ចង្អុល​មុខមេខ្លោង​២​នាក់​ និង​បក្ខ​ពួក​២០​នាក់​ទៀត​ដែល​កំពុង​កាប់​បំផ្លាញ​ព្រៃ​ឡង់​ ក្នុង​តំបន់​មុំ​បី​ រវាង​ខេត្ដ​ព្រះ​វិហារ ​ខេត្ដ​កំពង់ធំ​ និង​ខេត្ដ​ស្ទឹង​ត្រែង​។​ ក្រុម​ជន​ល្មើស​ទាំង​នោះ​ក៏​មាន​ដែរ​ អាវុធ​កែ​ច្នៃ​ចំនួន ​៨​ដើម ​ប្រើ​ប្រាស់ ​គំរាម​កំហែង​ដល់​ក្រុម​អ្នក​ចុះ​ល្បាត​ព្រៃ។​ ការ​ចង្អុល​មុខ​ក្រុម​បំផ្លាញ​ព្រៃ​ឈើ​នៅពេល​នេះ​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ សៅ ​សុខា​ ជា​ប្រធាន​គណៈ​កម្ម​ការ​ជាតិ​ទប់​ស្កាត់ ​និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្មជាតិ​ បាន​ស្នើ​ឲ្យ​ចង្អុល​មុខ​ អ្នក​ណា​ជាមេ​ខ្លោង​នៅ​ពី​ក្រោយ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​កន្លង​មក​នេះ​។​

បទល្មើសព្រៃឈើ
បទល្មើសព្រៃឈើ © Internet
ផ្សាយពាណិជ្ជកម្ម

មនុស្សយ៉ាងតិច២នាក់គឺ ឈ្មោះ អុល (ហៅខ្លាឃ្មុំ) និង ឈ្មោះ សូប៉ោង ត្រូវបានចង្អុលមុខ​ថាមេខ្លោងនិងបក្ខពួក ២០នាក់ផ្សេងទៀត បានចូលទៅសម្ងំកាត់ឈើយ៉ាងអនាធិបតេយ្យក្នុងព្រៃឡង់ នៅចំណុចស្រែស្តៅ ចំណុចវាលលំហាច ចំណុចអូរពូរោង ចំណុចស្រែពពេល ស្ថិតក្នុងភូមិសាស្ដ្រតំបន់មុំបី ចំណុចប្រសព្វ ៣ខេត្ត រវាងខេត្ដព្រះវិហារ ខេត្ដកំពង់ធំ និងខេត្ដស្ទឹងត្រែង។ នេះបើតាម​របាយការណ៍​របស់បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ ដែល​វិទ្យុ​បារាំងអន្តរជាតិRFIទទួលបាននៅថ្ងៃនេះ។

បើតាមរបាយការណ៍គឺបណ្តាញសហគមន៍ព្រៃឡង់ ចំនួន ៣៤នាក់ បានចុះល្បាតរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដោយ​រកឃើញក្រុមជនល្មើសទាំងនោះមានអាវុធកែច្នៃចំនួន ៨ដើម ប្រើប្រាស់ និងធ្វើការគំរាមកំហែងដល់ក្រុមអ្នកចុះល្បាតទៀត​ផង។

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះ​វិហារ បន្តរកឃើញឈើថ្មី ចំនួន ២៥០គល់ឈើ និងរកឃើញឈើអារច្រៀកជាបន្ទះក្ដា និងឈើអារឃ្លុំជាបួនជ្រុង ពុំទាន់ដឹកចេញសរុប ២១.២៤ម៉ែត្រគូប រួមទាំងក្រុមជនល្មើសចំនួន ២២នាក់ ប្រើប្រាស់រណាយន្តចំនួន ៧គ្រឿង គោយន្តចំនួន ៦គ្រឿង ម៉ូតូចំនួន ៦គ្រឿង ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលថ្មីៗបានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្ម គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងអភិបាលខេត្តពាក់ព័ន្ធបង្ក្រាបការកាប់បំផ្លាញព្រៃឈើ និងការទន្រ្ទានយកដីរដ្ឋ ដែលតែងតែកើតមានអំឡុងពេលមានការបោះឆ្នោត។

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិបានថ្លែងថា គណៈកម្មការដែលមានសមាសភាពពាក់ព័ន្ធបានកោះប្រជុំភ្លាមៗ និងចុះធ្វើការជាប្រចាំផងដែរ ដោយប្រើយន្តការអប់រំ ណែនាំដល់ប្រជាពលរដ្ឋ និងស្រាវជ្រាវបង្ក្រាបមេខ្លោងនៅពីក្រោយ។ លោក សៅ សុខា ក៏បានប្រតិកម្មផងដែរ ទៅនឹងការលើកឡើងពីសង្គមស៊ីវិលពីរបាយការណ៍បទល្មើសព្រៃឈើនេះ ដោយលោកស្នើឲ្យចង្អុលប្រាប់លោកចំៗថាតើអ្នកណាជាមេខ្លោងនៅពីក្រោយការកាប់បំផ្លាញព្រៃឈើនេះ។ 

បើតាមលោក សៅ​ សុខាក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅរយៈពេលចុងក្រោយនេះសមត្ថកិច្ចនៅមិនទាន់ចាប់បានជនល្មើសណាម្នាក់នៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ