អានតួអត្ថបទ
កម្ពុជា-នយោបាយ

អាជ្ញាធរថា គ្មានវត្តមានក្រុមប្រឆាំងរដ្ឋាភិបាលវៀតណាមក្នុងទឹកដីកម្ពុជាឡើយ តែនៅបន្តការប្រុងប្រយ័ត្ន

គិតមកទល់ពេលនេះ អាជ្ញាធរកម្ពុជាប្រចាំការតាមច្រកព្រំដែន នៅមិនទាន់ចាប់បានក្រុមប្រឆាំងប្រដាប់អាវុធវៀតណាម ឬមុងតាញ៉ាណាម្នាក់ដែលសង្ស័យថា បានឆ្លងដែនចូលមកទឹកដីកម្ពុជាឡើយ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី១៩ ខែមិថុនានេះ។ បើទោះបីមិនទាន់មានការចាប់ខ្លួនក្រុមប្រឆាំងរដ្ឋាភិបាលវៀតណាមក្តី ប៉ុន្តែនៅចំពោះមុខការប្រុងប្រយ័ត្នទប់ស្កាត់ក្រុមទាំងនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គអះអាងថា អាជ្ញាធរខេត្តជាប់ព្រំប្រទល់វៀតណាមដូចជា មណ្ឌលគីរី រតនគិរី និងក្រចេះបានអំពាវនាវឱ្យពលរដ្ឋរាយការណ៍មកអាជ្ញាធរប្រសិនបើមានជនប្លែកមុខរស់នៅក្នុងតំបន់ពួកគេ។ 

អាជ្ញាធរកម្ពុជាប្រចាំការតាមច្រកព្រំដែន នៅមិនទាន់ចាប់បានក្រុមប្រឆាំងប្រដាប់អាវុធវៀតណាម ឬមុងតាញ៉ាណាម្នាក់ដែលសង្ស័យថា បានឆ្លងដែនចូលមកទឹកដីកម្ពុជាឡើយ។
អាជ្ញាធរកម្ពុជាប្រចាំការតាមច្រកព្រំដែន នៅមិនទាន់ចាប់បានក្រុមប្រឆាំងប្រដាប់អាវុធវៀតណាម ឬមុងតាញ៉ាណាម្នាក់ដែលសង្ស័យថា បានឆ្លងដែនចូលមកទឹកដីកម្ពុជាឡើយ។ ©
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីមានការបញ្ជាដោយចំហរពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឱ្យកងកម្លាំងយោធភូមិភាគ១ ជាប់ព្រំដែនវៀតណាម ដូចជាអាជ្ញាធរខេត្តមណ្ឌលគិរី រតនគិរី ត្បូងឃ្មុំនិងក្រចេះ បង្កើតការប្រុងប្រយ័ត្នចំពោះក្រុមបោះបោរវៀតណាម ឬម៉ុងតាញ៉ាដែលអាចរត់ភៀសខ្លួនចូលទឹកដីកម្ពុជា លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ឱ្យវិទ្យុបារាំងអន្តរជាតិRFIដឹងថា អាជ្ញាធរកម្ពុជា កំពុងបង្កើតការយាមការ និងចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនយ៉ាងតឹងរ៉ឹង ដើម្បីធានាថា គ្មានក្រុមបោះបោរវៀតណាមណាម្នាក់មានវត្តមានក្នុងទឹកដីកម្ពុជា។

បើតាម លោក ខៀវ សុភ័គ អាជ្ញាធរតាមមូលដ្ឋានកំពុងចុះស្រាវជ្រាវតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងណែនាំពលរដ្ឋឱ្យរាយការណ៍មកអាជ្ញាធរ ប្រសិនបើពួកគេមានការសង្ស័យថា ក្រុមប្រឆាំងប្រដាប់អាវុធវៀតណាម កំពុងមានវត្តមានក្នុងមូលដ្ឋានរបស់ពួកគេ។ តែយ៉ាងណា លោក ខៀវ សុភ័គ អះអាងថា អាជ្ញាធរកម្ពុជាមិនទាន់ចាប់ខ្លួនបានក្រុមនេះណាម្នាក់ឡើយ ខណៈអាជ្ញាធរក៏កំពុងសហការជាមួយអាជ្ញាធរវៀតណាមយ៉ាងម៉ឺងម៉ាត់ដូចគ្នា។

ចំណាត់ការរបស់អាជ្ញាធកម្ពុជាចំពោះបញ្ហានេះ គឺសម្អាងទៅលើបទពិសោធន៍ចាស់ ដែលក្រុមប្រឆាំងរដ្ឋាភិបាលវៀតណាមធ្លាប់ភៀសខ្លួនជ្រកកោនលើទឹកដីកម្ពុជា ក្រោមផ្លាកស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR)

កាលពីថ្ងៃទី ១៦ ខែមិថុនា កន្លងមក លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានដាក់ការសង្ស័យថា មេខ្លោងក្រុមនេះអាចមានវត្តមានក្នុងទឹកដីកម្ពុជា ដែលជាហេតុធ្វើឱ្យលោក ត្រូវបង្កើនការប្រុងប្រយ័ត្ន ប្រសិនបើរកឃើញថា ក្រុមនេះមានវត្តមាននៅក្នុងប្រទេសកម្ពុជា គឺត្រូវបញ្ចូនទៅវៀតណាមវិញ។  បន្ថែមពីនេះ លោក ហ៊ុន សែន បានហៅក្រុមនេះថា ជាក្រុមភេរវកម្ម ដោយលោកជឿជាក់ថា បណ្តាញ និងអង្គការចាត់តាំងក្រុមនេះចេញពីកម្ពុជា។

សូមជម្រាបថា អាជ្ញាធរវៀតណាមបានចាប់ខ្លួនក្រុមម៉ុងតាញ៉ាយ៉ាងហោចណាស់៥០នាក់ បន្ទាប់ពីក្រុមនេះ បានបើកការវាយប្រយុទ្ធគ្នាជាមួយអាជ្ញាធរវៀតណាមកាលពីថ្ងៃទី១១ ខែមិថុនា និងបានសម្លាប់មន្ត្រីឃុំក្នុងខេត្តដាក់ឡាក់ ចំនួន២នាក់ ខណៈក្នុងការវាយប្រហារនាពេលនោះ ប៉ូលីសវៀតណាម និងក្រុមជនជាតិភាគតិចម៉ុងតាញ៉ាចំនួន១១នាក់បានស្លាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ