អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

កម្ពុជារំពឹងថានៅឆ្នាំ២០២៦ នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៧លាននាក់

 កម្ពុជារំពឹងថានៅឆ្នាំ២០២៦ នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៧លាននាក់ ខណៈនៅឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ៤,៥លាននាក់។ ជាមួយគ្នា ដើម្បីជំរុញវិស័យទេសចរនៅកម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរបន្ថែម មានគម្រោងចំនួន២ បានស្នើសុំក្រសួងទេសចរណ៍វិនិយោគលើវិស័យទេសចរណ៍ ដែលមាន​ទុនវិនិយោគសរុបចំនួន ៣៧,៧លានដុល្លារ ក្នុងរយះពេល៦ខែឆ្នាំ២០២៣នេះ។ 

ភ្ញៀវទេសចរ (រូបតំណាង)
ភ្ញៀវទេសចរ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ក្រោយពីវិបត្តិជំងឺកូវីដ១៩ និងបន្ទាប់ពីបើកប្រទេសឡើងវិញ ឃើញថាភ្ញៀវទេសចរអន្តរជាតិចាប់ផ្ដើមចូលមកកម្សាន្តនៅប្រទេសកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ​។ ជាក់ស្ដែងរយះពេល៥ខែឆ្នាំ២០២៣នេះ ឃើញថាភ្ញៀវទេសចរអន្តរជាតិបានមកលេងកម្សាន្តនៅកម្ពុជា ២,១លាននាក់កើនឡើង ៥៣០%។ ក្រៅពីភ្ញៀវទេសចរអន្តរជាតិ ក្នុងនោះក៏មានភ្ញៀវទេសចរជាតិចំនួន ១០លាននាក់ បានដើរលេងកម្សាន្តផងដែរ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

តាមរយះនៃការកើនឡើងភ្ញៀវទេសចរអន្តរជាតិជាបន្តបន្ទាប់នេះ ក្រសួងទេចរណ៍បានព្យាករណ៍ថា នៅឆ្នាំ២០២៦ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៧លាននាក់ ខណៈឆ្នាំ២០២៣នេះ កម្ពុជារំពឹ​ង​ថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ៤,៥លាននាក់។ ប៉ុន្តែការកើនឡើងភ្ញៀវទេសចរអន្តរជាតិនៅពេលនេះ បើប្រៀបធៀបមុនកើតមានវិបត្តិជំងឺកូវីដ១៩ ឃើញថាចំនួននេះនៅមិនទាន់ច្រើនទេ​ ដោ​យសារបញ្ហាសេដ្ឋកិច្ចសកលដែលទទួលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ និងបញ្ហាសង្រ្គាមរវាង​រុស្ស៊ី និងអុយក្រែន នៅតែជាបញ្ហាប្រឈមសម្រាប់វិស័យទេសចរណ៍។

ដើម្បីស្ដារវិស័យទេសចរណ៍នៅកម្ពុជាឡើងវិញ រដ្ឋាភិបាលតាមរយះក្រសួងទេសចរណ៍ បានធ្វើការផ្សព្វផ្សា​យវិស័យទេសចរណ៍កម្ពុជា និងលើកទឹកចិត្ត ក៏ដូចជាអនុគ្រោះពន្ធលើសេវាកម្មទេសចរណ៍ ដូចជាផ្ទះសំណាក់ សណ្ឋាគារ និងភាពអនុគ្រោះដល់ភ្ញៀវទេស​ចរអន្តរជាតិដែលចូលមកកម្សាន្តនៅកម្ពុជាជាដើម។ ក្រៅពីនេះក្រសួងទេសចរណ៍ក៏ជំរុញការវិនិយោគ​លើវិស័យទេសចរណ៍ថ្មីៗបន្ថែមទៀតដែរ ជាក់ស្ដែងរយះពេល៦ខែឆ្នាំ២០២៣នេះ ឃើញថា គម្រោង​ចំនួន២ ស្នើសុំវិនិយោគលើវិស័យទេសចរណ៍ ដែលមានទុនវិនិយោគសរុបចំនួន ៣៧,៧លានដុល្លារ ដោយគម្រោងទី១ ធ្វើនៅកោះទទឹង ខេត្តកោះ​កុង និងគម្រោងទី២​ ធ្វើនៅកោះមួយ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ២,៣លាននាក់ និងទេស​ចរក្នុងស្រុក ១៣,៩លាននាក់។ ប៉ុន្តែទន្ទឹមនឹងនេះ នៅឆ្នាំ២០២២ ក៏មានភ្ញៀវទេសជាតិចេញទៅក្រៅប្រទេសមានចំនួនជិត ១លាននាក់កើនឡើងប្រមាណ ៣០៨០% ធៀបនឹងឆ្នាំ២០២១។

សម្រាប់ការវិនិយោគលើវិស័យទេសចរណ៍នៅឆ្នាំ២០២២វិញ មានគម្រោងវិនិយោគចំនួន ៦ បានវិនិយោគលើវិស័យទេសចរណ៍ ដែលមានទឹកប្រាក់វិនិយោគសរុប ៣ ៧៧០លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ