អានតួអត្ថបទ
កម្ពុជា-ច្បាប់់

សេចក្តីព្រាងច្បាប់បោះឆ្នោតថ្មី ធ្វើវិសោធនកម្មចំនួន៨មាត្រា រាប់ចាប់ពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ

រដ្ឋសភា នៅព្រឹកថ្ងៃសុក្រ បានបើកកិច្ចប្រជុំពិនិត្យអំពីសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតថ្មី ដោយសមាជិករដ្ឋសភាចំនួន១១១រូប បានលើកដៃឯកភាពទាំងស្រុង។ តាមខ្លឹមសារ គឺសេចក្តីព្រាងច្បាប់បោះឆ្នោតថ្មី នឹងធ្វើវិសោធនកម្មចំនួន៨មាត្រា ដោយរាប់ចាប់តាំងពីការបោះឆ្នោតថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ។

រដ្ឋសភា បានបើកកិច្ចប្រជុំពិនិត្យអំពីសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតថ្មី ដោយសមាជិករដ្ឋសភាចំនួន១១១រូប បានលើកដៃឯកភាពទាំងស្រុង។
រដ្ឋសភា បានបើកកិច្ចប្រជុំពិនិត្យអំពីសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតថ្មី ដោយសមាជិករដ្ឋសភាចំនួន១១១រូប បានលើកដៃឯកភាពទាំងស្រុង។ © Internet
ផ្សាយពាណិជ្ជកម្ម

មានមាត្រាធំចំនួន៤ដែល សេចក្តីព្រាងច្បាប់បោះឆ្នោតថ្មី បានធ្វើវិសោធនកម្មនៅពេលនេះ ដោយរាប់ចាប់តាំងការធ្វើវិសោធនកម្មការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ។

និយាយពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មានការកែប្រែមាត្រាថ្មីចំនួន៣ គឺមាត្រា២៣ថ្មី មាត្រា១៤២ថ្មី និងមាត្រា១៤៣ថ្មី។ មាត្រា២៣ថ្មី គឺពលរដ្ឋខ្មែរដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ ត្រូវមានសញ្ជាតិជាខ្មែរពីកំណើត មានអាយុ២៥ឆ្នាំឡើងទៅ មានសិទ្ធិបោះឆ្នោតនិងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានលំនៅឋានក្នុងប្រទេសកម្ពុជា​ មានការតែងតំាងពីគណបក្សនយោបាយ ហើយអ្វីដែលចាំបាច់ទៀតនោះ គឺត្រូវអនុវត្តសិទ្ធិបោះឆ្នោត​ដោយបានបោះឆ្នោតសកលចំនួន២លើកចុងក្រោយ។ រីឯមាត្រា១៤២ថ្មី គឺចែងអំពីការផាកពិន័យចំនួន៥លានរៀលទៅ២០លានរៀល ចំពោះបុគ្គល ដែលរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត ឬបំផ្លាញដល់ការបោះឆ្នោតទាំងមូល និងធ្វើឲ្យការបោះឆ្នោតទាំងមូលបាត់បង់ទំនុកចិត្ត។ សម្រាប់មាត្រានេះ បុគ្គលដែលបានប្រព្រឹត្តសកម្មភាពបែបនោះ នឹងត្រូវ គ.ជ.ប លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬដកសិទ្ធិមិនឲ្យពលរដ្ឋបោះឆ្នោតឲ្យ យ៉ាងតិច៥ឆ្នាំ។ ចំណែកឯមាត្រា១៤៣ថ្មី វិញ គឺ ចែងអំពីការលុបបេក្ខភាពឈរឈ្មោះរបស់គណបក្សនយោបាយ និងត្រូវផាកពិន័យពី១០លានទៅ៣០លានរៀល ចំពោះសកម្មភាពទាំងឡាយដែលរារាំងដល់ដំណើរការបោះឆ្នោត ដូចមានចែងក្នុងមាត្រា១៤២ថ្មី។ ម្យ៉ាងវិញទៀត គណបក្សនយោបាយដែលប្រព្រឹត្តសកម្មភាពបែបនោះ ក៏នឹងត្រូវដកសិទ្ធិចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចំនួន៥ឆ្នាំយ៉ាងតិចដូចគ្នា។

រីឯការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏មានខ្លឹមសារមិនខុសអ្វីជាណាស់ណាពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះដែរ។ ដោយមាត្រាថ្មីទាំង៣ គឺមាត្រា៣៥ថ្មី មាត្រា១៧១ថ្មី និងមាត្រា១៧២ថ្មី បានចែងដូចគ្នាស្ទើរទាំងស្រុងទៅនឹងមាត្រា២៣ថ្មី មាត្រា១៤២ថ្មី និងមាត្រា១៤៣ថ្មី ដែលស្តីអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ រាប់ចាប់តាំងពីសកម្មភាព និងការផាកពិន័យជាទឹកប្រាក់។ អ្វីដែលកត់សម្គាល់ សម្រាប់មាត្រា២៣ថ្មី នៅក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺបានតម្រូវឲ្យអ្នកដែលចង់ឈរឈ្មោះ ត្រូវចូលរួមបោះឆ្នោតជាសកលលើកចុងក្រោយ។

ការធ្វើវិសោធនកម្មការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា វិញ គឺសេចក្តីព្រាងបានធ្វើវិសោធនកម្មមាត្រា១៣ថ្មី ដោយរួមបញ្ចូលមាត្រា២៣ថ្មី និងមាត្រាពាក់ព័ន្ធនៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវយកមកអនុវត្តសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

រីឯការធ្វើវិសោធកម្មទី៤ ទៅលើច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត វិញ គឺចែងអំពីមាត្រា១៥ថ្មី ដែលតម្រូវឲ្យពលរដ្ឋចូលរួមការបោះឆ្នោតជាសកលលើកចុងក្រោយ ប្រសិនបើមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា។

ជារួមការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតលើកនេះ គឺបានបញ្ចូលរាប់តាំងពីការបោះឆ្នោតថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ ហើយក៏ត្រូវគេកត់សម្គាល់ថា ជាការធ្វើវិសោធនកម្មដែលដាក់គោលដៅលើក្រុមអ្នកនយោបាយប្រឆាំង ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់អះអាងថា ជាការធ្វើវិសោធនកម្មដែលទះឲ្យចំកញ្ចប់មាត់ និងវ៉ៃផ្តាច់ព្រ័ត្រតែម្តង។

យ៉ាងណាមិញ អ្វីដែលគួរឲ្យកត់សម្គាល់មួយទៀតនោះ គឺការធ្វើវិសោធកម្មច្បាប់បោះឆ្នោតលើកនេះ លោក ស ខេង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានឡើងថ្លែងការពារនៅក្នុងរដ្ឋសភាព្រឹកនេះ បានអះអាងថា មិនប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋឡើយ។ បើតាមលោក ស ខេង ការទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋ ដោយមិនចាត់ទុកថាជាកាតព្វកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ