អានតួអត្ថបទ
កម្ពុជា-នយោបាយ

វិសោធនកម្មច្បាប់បោះឆ្នោត៖ គ.ប.ម ថា ជាការធ្វើផ្ទុយពីប្រជាធិបតេយ្យពហុបក្ស និងបង្កភាពភ័យខ្លាចដល់ម្ចាស់ឆ្នោត

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បាន​ចេញ​មក​ប្រតិកម្ម​ទៅ​នឹង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ថ្មី​ ថា​ជា​ដំណើរ​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​ កាន់តែ​រួម​តូច​ និង​បង្ក​ជា​ភាព​ភ័យខ្លាច​ដល់​ម្ចាស់​ឆ្នោត។​ ប្រតិកម្ម​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ ​ធ្វើឡើង​បន្ទាប់​ពី​ សំណើរ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ បាន​ធ្វើ​ឡើង​ដោយ​ចំណាយ​ពេល​មិនដល់​មួយ​សប្តាហ៍ ​ហើយ​ត្រូវ​រដ្ឋសភា​លើក​ដៃ​គាំទ្រ​ទាំង​ស្រុង​ដោយ​គ្មាន​ជំទាស់។​

សម័យប្រជុំលើកទី៩ របស់រដ្ឋសភា
សម័យប្រជុំលើកទី៩ របស់រដ្ឋសភា © Internet
ផ្សាយពាណិជ្ជកម្ម

សម្រាប់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺជាការខកចិត្តជាខ្លាំង ដែលការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតត្រូវបានអនុម័តដោយរដ្ឋសភាគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា យ៉ាងតក់ក្រហល់កៀកទៅថ្ងៃបោះឆ្នោតបែបនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី២៣មិថុនា។

បើតាមសេចក្តីថ្លែងការណ៍ គឺ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន យល់ថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតលើកនេះ មិនស៊ីសង្វាក់ជាមួយនឹងខ្លឹមសារ ដ្បិតមិនបានលើកស្ទួយគុណតម្លៃនៃប្រជាធិបតេយ្យសេរីពហុបក្ស ដូចបានលើកឡើងនៅក្នុងសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតនោះឡើយ។ សម្រាប់គណក្សក្រៅរដ្ឋាភិបាល នេះគឺការធ្វើឲ្យដំណើរប្រជាធិបតេយ្យសេរីពហុបក្សកាន់តែរួមតូច ហើយបង្កឲ្យមានការភ័យខ្លាច និងប៉ះពាល់ដល់ការសម្រេចចិត្តរបស់ម្ចាស់ឆ្នោត។

បន្ថែមពីនេះ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺនៅមានមន្ទិល និងភាពមិនប្រក្រតី ជាច្រើន ទាក់ទងនឹងនីតិវិធីកំណត់ លក្ខណៈវិនិច្ឆ័យហេតុផល និងការគ្រប់គ្រងទិន្នន័យឈ្មោះអ្នកដែលខកខានមិនបានទៅបោះឆ្នោត។ ការកំណត់ទោសទណ្ឌមិនឲ្យឈរឈ្មោះរហូតដល់១០ឆ្នាំ ដោយសារការខកខានមិនទាន់ទៅបោះឆ្នោត គឺជាលក្ខខណ្ឌដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋាន យល់ថា ជារឿងមិនសមហេតុផល។ នេះបើតាមសេចក្តីថ្លែងការណ៍។

គួរបញ្ជាក់ថា សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតថ្មី បានធ្វើឡើងតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានកែប្រែចំនួន៨មាត្រា រាប់ចាប់តាំងពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ រហូតដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។ វិសោធនកម្មច្បាប់បោះឆ្នោត ដែលត្រូវរដ្ឋសភាអនុម័តគ្មានជំទាស់ នៅថ្ងៃសុក្រ ត្រូវបានលោក ហ៊ុន សែន បញ្ជាក់ជាមុនថា ជាការទះឲ្យចំកញ្ចប់មាត់ក្រុមអ្នកនយោបាយប្រឆាំង ជាពិសេសក្រុមលោក សម រង្ស៊ី។

ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតលើកនេះ ក៏មានការរិះគន់ពីបណ្តាសហគមន៍អន្តរជាតិ ដែលក្នុងនោះ ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ យល់ថា ជាការរឹតត្បិតលើសេរីភាពបញ្ចេញមតិ និងរំលោភសិទ្ធិពលរដ្ឋក្នុងការឈរឈ្មោះបោះឆ្នោត។ បើតាមការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រដ្ឋាភិបាលកម្ពុជាត្រូវធានាបរិយាកាសអំណោយផលសម្រាប់ការបោះឆ្នោតនាខែកក្កដាខាងមុខនេះឲ្យមានភាពសេរីនិងយុត្តិធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ