អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្សប្រជាជនធ្វើខួបកំណើត៧២ឆ្នាំភ្ជាប់ថ្ងៃឃោសនាបោះឆ្នោតនៅថ្ងៃទី០១ ខែកក្កដា

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជាបានចាប់កំណើត៧២ឆ្នាំហើយ ដោយនៅឆ្នាំនេះ គណបក្សប្រជាជនដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកមិទ្ទិញប្រារព្ធខួបកំណើតរបស់ខ្លួនទៅធ្វើរួមគ្នានៅថ្ងៃទី០១ ខែកក្កដាវិញ ដែលជាថ្ងៃឃោសនាបោះឆ្នោតដំបូងនៃការជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ ជាមួយគ្នានេះ លោក សម រង្ស៊ី ដែលជាមេដឹកនាំប្រឆាំងនៅក្រៅប្រទេសក៏បានឆ្លៀតឱកាសនេះវាយប្រហារលើគណបក្សកាន់អំណាចផងដែរ ទាក់ទងទៅនឹងប្រវត្តិមេដឹកនាំគណបក្សប្រជាជនកម្ពុជា។ តែមន្ត្រីជាន់ខ្ពស់គណបក្សថាជាការមួលបង្កាច់។

គណបក្សប្រជាជនធ្វើខួបកំណើត៧២ឆ្នាំភ្ជាប់ថ្ងៃឃោសនាបោះឆ្នោតនៅថ្ងៃទី០១ ខែកក្កដា
គណបក្សប្រជាជនធ្វើខួបកំណើត៧២ឆ្នាំភ្ជាប់ថ្ងៃឃោសនាបោះឆ្នោតនៅថ្ងៃទី០១ ខែកក្កដា © Internet
ផ្សាយពាណិជ្ជកម្ម

គណបក្សប្រជាជនកម្ពុជានឹងប្រារព្ធខួបកំណើត៧២ឆ្នាំ របស់ខ្លួននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ជាមិទ្ទិញទ្រង់ទ្រាយធំនៅទូទាំងប្រទេសភ្ជាប់នឹងថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសម្លេងឆ្នោត នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថាមិទ្ទិញខួប៧២ឆ្នាំថ្ងៃបង្កើតគណបក្សប្រជាជននឹងត្រូវធ្វើនៅកោះពេជ្រ ដោយមានអ្នកចូលរួមពីអ្នកគាំទ្រពី៥ម៉ឺន ទី១០ម៉ឺននាក់ ដោយថ្នាក់ដឹកនាំកំពូលគណបក្សអានសារនយោបាយផ្សាយបន្តផ្ទាល់ទៅគ្រប់ខេត្តរាជធានីទូទាំងប្រទេស។ បន្ទាប់ពីមិទ្ទិញគណបក្សប្រជាជននឹងដង្ហែរក្បួនយុទ្ធនាការរកសម្លេងឆ្នោតទៅតាមតំបន់នានានៅរាជធានីភ្នំពេញ ខណៈដែលក្បួនគណបក្សនៅតាមខេត្តចេញដំណើរពីទីរួមខេត្តនីមួយៗទៅកាន់ស្រុកនានាក្នុងខេត្ត។

ស្របពេលខួប៧២ឆ្នាំថ្ងៃបង្កើតគណបក្សប្រជាជននេះដែរ លោក សម រង្ស៊ី ដែលជាមេដឹកនាំប្រឆាំងមួយរូបនៅឯក្រៅប្រទេស ក៏បានឆ្លៀតលើកឡើងដែរដោយសំអាងលើប្រវត្តិវិទូឯករាជ្យថាគណបក្សប្រជាជនជាគណបក្សដែលបង្កើតដោយវៀតណាមនៅឆ្នាំ១៩៥១ ហើយស្ថាបនិកគណបក្សនេះគឺលោក សឺង ង៉ុកមិញ ហៅអាចារ្យមៀនក៏ជាអាចារ្យក្លែងក្លាយក្បត់ជាតិដែរ។

ក៏ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានហៅការលើកឡើងរបស់លោក សម រង្ស៊ី ថាជាការមួលបង្កាច់មិនត្រឹមតែពេលនេះទេ គឺអស់រយៈពេល៤៤ឆ្នាំមកហើយ។ លោកថាការមួលបង្កាច់របស់ក្រុមប្រឆាំងមិនទទួលបានអ្វីទាំងអស់។

សូមរំលឹកថាគណបក្ស​ប្រជាជន​កម្ពុជា មានឈ្មោះ​ដើម​ថា បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​។ គណបក្ស​នេះ​បាន​បដិសន្ធិ​ឡើង​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ ដោយមាន​ប្រភពពី​ចលនា​តស៊ូរបស់​ប្រជាជន​កម្ពុជា ប្រឆាំង​ពួក​អាណានិគមនិយមដើម្បី​ឯករាជ្យ​ជាតិ​។​

ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ គណបក្សប្រជាជនមានឈ្មោះថា ​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ​រហូតដល់​ឆ្នាំ​១៩៩១ ហើយ​ឈ្មោះ​នេះ ត្រូវបាន​គេ​ប្ដូរ​ទៅជា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គេ​ស្គាល់​រហូតមកទល់​ពេលបច្ចុប្បន្ន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ