អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន ចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គម Tik Tok មុនពេលយុទ្ធនាការឃោសនាបោះឆ្នោតមកដល់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធ បានបើកទំព័របណ្តាញសង្គមថ្មីមួយទៀត គឺ Tik Tok ជាផ្លូវការ សម្រាប់ឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានរបស់លោក។ ជាការកត់សម្គាល់ ការចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គមមួយផ្សេងរបស់ប្រមុខដឹកនាំគណបក្សកាន់អំណាចនេះ ធ្វើឡើងនៅមុនតែប៉ុន្មានដែលយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី០១កក្កដា។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធ បានបើកទំព័របណ្តាញសង្គមថ្មីមួយទៀត គឺ Tik Tok ជាផ្លូវការ សម្រាប់ឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានរបស់លោក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធ បានបើកទំព័របណ្តាញសង្គមថ្មីមួយទៀត គឺ Tik Tok ជាផ្លូវការ សម្រាប់ឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានរបស់លោក។ © Internet
ផ្សាយពាណិជ្ជកម្ម

មិនទាន់ដល់មួយថ្ងៃ បណ្តាញផ្សព្វផ្សាយសង្គម Tik Tok របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលអ្នកតាមដានចំនួនជាង១០៨០០នាក់ ខណៈដែលវីដេអូដែលប្រមុខរដ្ឋាភិបាលកម្ពុជា បានផ្សព្វផ្សាយ ភាគច្រើនជាសកម្មភាពដែលលោកជួបជាមួយកម្មករ និងជាជីវិតឯកជននៃក្រុមគ្រួសាររបស់លោក។

ជាបណ្តាញសង្គមដែលកំពុងទទួលការពេញនិយមពីសំណាក់ប្រជាពលរដ្ឋខ្មែរ លោក ហ៊ុន សែន បានអះអាងថា ការចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គម Tik Tok នៅពេលនេះ គឺដើម្បីអាចឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនដែលចូលចិត្តលេង Tik Tok  ទទួលបានព័ត៌មានផ្លូវការរបស់លោកបានងាយស្រួល និងឆាប់រហ័ស។

គួរចាប់អារម្មណ៍ថា ការចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គម Tik Tok របស់លោក ហ៊ុន សែន ពេលនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃដែលយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី០១កក្កដា។ ការណ៍នេះ អ្នកតាមដានសង្គមយល់ថា ការជ្រើសយកបណ្តាញសង្គម Tik Tok ជាយុទ្ធសាស្ត្រមួយទៀតដែលគណបក្សប្រជាជនកម្ពុជា ត្រៀមសម្រាប់ទាញយកប្រជាប្រិយភាព សម្រាប់ការបោះឆ្នោតខាងមុខ។

លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម លើកឡើងថា នេះជាជម្រើសរបស់គណបក្សនីមួយ សម្រាប់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាឧបករណ៍ទាញរកសំឡេងគាំទ្រឲ្យមានប្រសិទ្ធិភាព។ តែយ៉ាងណា សម្រាប់លោកបណ្ឌិត មាស នី យន្តការនេះក៏មិនឆ្លុះបញ្ចាំងទាំងស្រុង ដែលថា អាចឲ្យគណបក្សកាន់អំណាចអន្ទងចិត្តប្រជាពលរដ្ឋបានកម្រិតណា ប្រសិនបើយុត្តធម៌សង្គមនៅតែមិនអាចដោះស្រាយបាន។ លោកថា ប្រជាពលរដ្ឋខ្មែរក៏អាចនឹងមិនជឿចំពោះអ្វីដែលគណបក្សកាន់អំណាចបានឃោសនាដែរ បើតថភាពសង្គមជាក់ស្តែងផ្ទុយពីអ្វីដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម តួយ៉ាងដូចជា Tik Tok។

ភ្ជាប់ជាមួយគា្ននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានងាកមកផ្សព្វផ្សាយព័ត៌មានលើបណ្តាញតេលេក្រាម ច្រើនជាងបណ្តាញហ្វេសប៊ុករបស់លោក ដែលធ្លាប់មានការតាមដានយ៉ាងពេញនិយម។ លោក ហ៊ុន សែន បញ្ជាក់ថា លោកនឹងផ្អាកប្រើប្រាស់បណ្តាញ Facebook មួយរយៈ ដើម្បីឲ្យពលរដ្ឋទទួលព័ត៌មានតាមបណ្តាញតេលេក្រាមដែលមានអ្នកតាមដានប្រមាណជាង៨៥ម៉ឺននាក់។ បើតាមលោក ហ៊ុន សែន ការធ្វើយ៉ាងនេះ គឺដើម្បីឲ្យពលរដ្ឋអាចទទួលព័ត៌មាន បើទោះបីជាលោកទៅដល់ប្រទេសមួយចំនួន ដែលមិនអនុញ្ញាតឲ្យប្រើប្រាស់ Facebook ក្តី។

គួរកត់សម្គាល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គមស្ទើរតែគ្រប់ប្រព័ន្ធ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរអាចទទួលព័ត៌មានរបស់លោក។ ក្នុងនោះ លោកមានគណនីហ្វេសប៊ុកដែលមានអ្នកតាមដានរហូតដល់១៤លាន ដែលស្ទើរតែស្មើនឹងចំនួនប្រជាជនខ្មែរសរុបទាំង១៧លាន ហើយក្រៅពីនេះ ប្រមុខរដ្ឋាភិបាលរូបនេះ ក៏មានគណនីនៅលើបណ្តាញសង្គម Instagram Twitter និង Youtube។ អ្វីជាការកត់សម្គាល់ផងនោះ ការចាប់ផ្តើមសករាជប្រើប្រាស់បណ្តាញសង្គមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺចាប់ផ្តើមឡើងក្រោយពេលដែលអតីតគណបក្សសង្រ្គោះជាតិ បានទទួលបានគាំទ្រតាមបណ្តាញសង្គមនេះ កាលពីបោះឆ្នោតឆ្នាំ២០១៣ ដែលគ្រានោះអតីតគណបក្សប្រឆាំងបានប្រើវិធីសាស្ត្របណ្តាញសង្គម ជាប្រព័ន្ធឃោសនាទាញរកការគាំទ្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ