អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្សនយោបាយចំនួន៤ចេញឃោសនារកសំឡេងគាំទ្រក្នុងក្រុងភ្នំពេញ នៅថ្ងៃដំបូង

យ៉ាងហោច​ណាស់​ មាន​គណបក្ស​នយោបាយ​ចំនួន៤​ បាន​ចាប់​ផ្តើម​ចេញ​ឃោសនា​រក​សំឡេង​គាំទ្រ ​នៅ​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​ បាន​បើក​នៅ​ថ្ងៃ​ទី០១​កក្កដា​នេះ។ ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​កាន់​អំណាច​ បាន​បង្ហាញ​សាច់ដុំ​ធំ​ជាង​គេ​ ក្នុង​ថ្ងៃ​យុទ្ធនាការ​ដំបូង​នេះ ​ដោយ​មាន​អ្នក​ចូលរួម​រហូត​ដល់​ជាង​៧ម៉ឺន​នាក់។​

យុទ្ធនាការឃោសនាការបោះឆ្នោតឆ្នាំ២០២៣
យុទ្ធនាការឃោសនាការបោះឆ្នោតឆ្នាំ២០២៣ © Internet
ផ្សាយពាណិជ្ជកម្ម

គណបក្សនយោបាយចំនួន៤ ដែលចេញឃោសនានៅថ្ងៃដំបូងនេះ រួមមាន គណបក្សប្រជាជនកម្ពុជា​ គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរឈប់ក្រ និងគណបក្សខ្មែរតែមួយ។ សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចបានជួបជុំអ្នកគាំទ្ររបស់ខ្លួន រហូតដល់ជាង៧ម៉ឺននាក់ នៅកោះពេជ្រ ក្រោមវត្តមានដោយផ្ទាល់ របស់លោក ហ៊ុន សែន ដែលជាប្រធានគណបក្ស មុននឹងបើកក្បួនដង្ហែតាមដងផ្លូវកណ្តាលក្រុងភ្នំពេញ។

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងពីគោលនយោបាយរបស់គណបក្សកាន់អំណាចដែលមានរហូតដល់៧ចំណុច ក្នុងន័យទាក់ចិត្តប្រជាពលរដ្ឋ ដែលជាកម្មករ កសិករ និងមន្ត្រីរាជការជាដើម ថា​ គណបក្សប្រជាជនកម្ពុជានឹងផ្តល់រាល់សេវាដល់ប្រជាពលរដ្ឋ ដោយតម្លាភាព និងជឿទុកចិត្ត។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក ហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍។ សម្រាប់លោក ហ៊ុន សែន គឺគោលនយោបាយឆ្នាំ២០២៣-២០២៨ របស់បក្សកាន់អំណាច ជាការឆ្លើយតបទៅនឹងការវិវត្តន៍ជាក់ស្តែងនៃសភាពការណ៍ក្នុងប្រទេស និងក្រៅប្រទេស។

ដោយឡែកសម្រាប់គណបក្សដទៃ រួមមានគណបក្សខ្មែររួបរួមជាតិ ខ្មែរឈប់ក្រ និងខ្មែរតែមួយ បានធ្វើសកម្មភាពជួបជុំអ្នកគាំទ្ររបស់ខ្លួន និងបានធ្វើក្បួនដង្ហែតាមបណ្តាផ្លូវក្រុងភ្នំពេញ ដោយមិនមានការថ្លែងសារគោលនយោបាយរបស់គណបក្សគួរឲ្យកត់សម្គាល់ឡើយ។

គួរបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងគាំទ្ររបស់គណបក្សនយោបាយ នៅចំពោះមុខនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៅថ្ងៃទី២៣កក្កដាខាងមុខនេះ មានរយៈពេល២១ថ្ងៃ ដោយរាប់ពីថ្ងៃទី០១កក្កដា ដល់ ថ្ងៃទី២១កក្កដា ខណៈដែលថ្ងៃទី២២ ជាថ្ងៃស និងថ្ងៃទី២៣ជាថ្ងៃបោះឆ្នោតជាតិ។

នៅក្នុងបោះឆ្នោតឆ្នាំនេះ មានគណបក្សនយោបាយចូលរួមចំនួ​ន១៨ ខណៈដែលគណបក្សភ្លើងទៀន​ដែលធ្លាប់បានសំឡេងគាំទ្រជាង២លាននៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ ត្រូវបានគ.ជ.ប ផាត់ចេញពីបញ្ជីបោះឆ្នោត ដោយសារកង្វះឯកសារច្បាប់ដើម។ ការណ៍នេះ បានរុញឲ្យសហគមន៍អន្តរជាតិ លើកឡើងថា ការបោះឆ្នោតថ្នាក់ជាតិខាងមុខ គឺជាការបោះឆ្នោតដែលមិនមានគោលការណ៍សេរី ពហុបក្ស ដ្បិតគណបក្សប្រឆាំងដ៏មានឥទ្ធិពលមួយ ត្រូវអវត្តមាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ