អានតួអត្ថបទ
កម្ពុជា-ច្បាប់់

ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យឃើញថា វិសោធនកម្ម​ច្បាប់បោះឆ្នោតធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ

វិសោធនកម្មច្បាប់បោះឆ្នោតបានឆ្លងផុតក្រសែភ្នែកក្រុមប្រឹក្សាធម្មនុញ្ញហើយ​ នៅថ្ងៃទី៣កក្កដានេះបន្ទាប់ពីប្រជុំពិនិត្យលើកចុងក្រោយមុននឹងបញ្ជូនទៅព្រះមហាក្សត្រ។ ដូចការរំពឹងទុកស្ថាប័នមួយនេះទទួលស្គាល់ថា ការកែប្រែមាត្រាមួយចំនួននៃវិសោធនកម្មច្បាប់បោះឆ្នោតគឺស្របតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់គោលរបស់កម្ពុជា។  

ក្រុមប្រឹក្សាធម្មនុញ្ញ
ក្រុមប្រឹក្សាធម្មនុញ្ញ © Internet
ផ្សាយពាណិជ្ជកម្ម

ប្រើពេលមិនដល់មួយខែផងវិសោធកម្មច្បាប់បោះឆ្នោតដែលចំណុចមួយហាមអ្នកទាំងឡាយណាដែលមិនទៅបោះឆ្នោតគឺមិនត្រូវឈរឈ្មោះឲ្យគេបោះឆ្នោត ជិតចេញជារូបរាងក្រោយក្រុមប្រឹក្សាប្រឹក្សាធម្មនុញ្ញពិនិត្យចប់សព្វគ្រប់និងទទួលស្គាល់ថា ការធ្វើ​នេះស្របនឹងរដ្ឋធម្មនុញ្ញ។ ផ្អែកតាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៣កក្កដាស្ថាប័នជាតិមួយនេះមិនបានធ្វើអធិប្បាយអ្វីច្រើន​ឡើយ។ ជាគោលការណ៍ក្រោយក្រុមប្រឹក្សាធម្មនុញ្ញមិនយល់ទាស់ហើយនោះ ច្បាប់នឹងបញ្ចូនទៅព្រះមហាក្សត្រឡាយព្រហស្ថដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ 

គួរជម្រាបជូនថា មុនទៅដល់ដៃក្រុមប្រឹក្សាធម្មនុញ្ញសេចក្ដីព្រាងនៃវិសោធកម្មច្បាប់ស្ដីពីការបោះឆ្នោត ត្រូវបានសង្គមស៊ីវិលមួយក្រុមកាលពីសប្ដាហ៍មុនស្នើឲ្យពិចារណាឡើងវិញពោលគឺរុញវាទៅមុខទៀត ព្រោះច្បាប់នេះ ធ្វើឡើងយ៉ាងប្រញាប់ប្រញាល់ ពុំបាន​ពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ ដែលនេះ គឺជាការប្រាសចាកពីគន្លងប្រជាធិបតេយ្យ។

ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ មានការកែប្រែចំនួន៣មាត្រា គឺមាត្រា២៣ថ្មី មាត្រា១៤២ថ្មី និងមាត្រា១៤៣ថ្មី។ មាត្រា២៣ថ្មី មាន​ខ្លឹមសារចែងបន្ថែមថា ពលរដ្ឋខ្មែរដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ គឺត្រូវអនុវត្តសិទ្ធិបោះឆ្នោត​ដោយបានបោះឆ្នោតសកលចំនួន២លើកចុងក្រោយ។  រីឯមាត្រា១៤២ថ្មី គឺចែងអំ​ពី​ការផាកពិន័យចំនួន៥លានរៀលទៅ២០លានរៀល ចំពោះបុគ្គល ដែលរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត ឬបំផ្លាញដល់ការបោះឆ្នោតទាំងមូល និងធ្វើឲ្យការបោះឆ្នោតទាំងមូលបាត់បង់ទំនុកចិត្ត។

បើតាមមាត្រានេះ បុគ្គលដែលបានប្រព្រឹត្តសកម្មភាពខុស នឹងត្រូវ (គ.ជ.ប) លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬដកសិទ្ធិមិនឲ្យពលរដ្ឋបោះឆ្នោតឲ្យយ៉ាងតិច៥ឆ្នាំ។ ចំណែកឯមាត្រា ១៤៣ថ្មីវិញ គឺចែងអំ​ពី​ការលុបបេក្ខភាពឈរឈ្មោះរបស់គណបក្សនយោបាយ និងត្រូវផាកពិន័យពី១០លានទៅ៣០លានរៀល ចំពោះសកម្មភាពទាំងឡាយដែលរារាំងដល់ដំណើរការបោះឆ្នោត ដូចមានចែងក្នុងមាត្រា១៤២ថ្មី។ ម្យ៉ាងវិញទៀត គណបក្សនយោបាយដែលប្រព្រឹត្តសកម្មភាពបែបនោះ ក៏នឹងត្រូវដកសិទ្ធិចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចំនួន ៥ឆ្នាំយ៉ាងតិចដូចគ្នា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បញ្ជាក់ថា វិសោធនកម្មច្បាប់បោះឆ្នោត យករូបមន្តតាមប្រទេសថៃសម្រាប់ការបោះឆ្នោតទាំងអស់ ដើម្បីវាយក្រុមប្រឆាំងឲ្យចំកញ្ចប់មាត់ និងវាយផ្តាច់ព្រ័ត្រតែម្តង។ នេះមានន័យថា បើពួកគេមិនបានបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០២៣ទេ ពួកគេនឹងមិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតបានដែរ នៅក្នុងការបោះឆ្នោតក្រោយៗមកទៀត ក្នុងនោះរាប់តាំងពីការឈរឈ្មោះតំណាងរាស្ត្រ ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ និងឈរឈ្មោះសមាជិកព្រឹទ្ធសភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ