អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី បន្តជំរុញឲ្យពលរដ្ឋទៅគូសសន្លឹកឆ្នោតចោល តែគ.ជ.ប ថាជាអំពើខុសច្បាប់

លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៣ ខែកក្កដា ម្សិលមិញ បានជម្រុញឲ្យអ្នកទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខគូសសន្លឹកឆ្នោតចោល ដើម្បីបង្ហាញពីការផ្លាស់ប្តូរ។ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានហៅសេចក្តីថ្លែងការណ៍របស់លោក សម រង្ស៊ី ថាជាការរំលោភច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្ត្រ មាត្រា១៤២ថ្មី។ 

ប្រជាជនកម្ពុជាទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោត។
ប្រជាជនកម្ពុជាទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោត។ © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈឃ្លីបវីដេអូខ្លីដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យមានការផ្លាស់ប្តូរជំហានទី១ តាមរយៈការទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ ហើយគូសសន្លឹកឆ្នោតចោល។

លោក សម រង្ស៊ី បន្តថាលទ្ធផលនៃការបោះឆ្នោតខាងមុខ ដែលពិភពលោករង់ចាំមើល គឺមិនមែនចំនួនកៅអីដែលទទួលបាននៅក្នុងរដ្ឋសភានោះទេ តែច្បាស់ណាស់គឺចំនួនសន្លឹកឆ្នោត ដែលប្រជាពលរដ្ឋខ្មែរគូសចោលច្រើនដល់កំរិតណា។ លោកថាពិភពលោកច្បាស់ជាជំរុញឲ្យអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ឲ្យបានត្រឹមត្រូវនិងពេញលេញ នៅពេលសន្លឹកឆ្នោតត្រូវបានគូសចោលច្រើន ដោយលោកយល់ថារបបដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាចតំណាងឲ្យប្រជាពលរដ្ឋខ្មែរនោះទេ។

ដោយអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត លោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) យល់ថាការបញ្ចេញមតិគឺជាសិទ្ធិសេរីភាពរបស់បុគ្គល ក៏ប៉ុន្តែត្រូវគោរពទៅតាមបញ្ញត្តិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ លោកថា ការអំពាវនាវរបស់លោក សម រង្ស៊ី គឺជាការរំលោភលើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមាត្រា១៤២ថ្មី ដែលបុគ្គលប្រព្រឹត្តទង្វើនេះនឹងត្រូវទទួលទោស ហើយប្រឈមនឹងការពិន័យដកសិទ្ធិបោះឆ្នោតយ៉ាងតិច៥ឆ្នាំ។

សូមរំលឹកថាការអំពាវនាវរបស់លោក សម រង្ស៊ី មិនមែនជាលើកទី១ទេ ដោយកាលពីឆ្នាំ២០១៨ លោក សម រង្ស៊ី ដែលរងនូវទោសទណ្ឌជាច្រើនករណី ហើយបាននិរទ្ទេសខ្លួននៅក្រៅប្រទេសនោះ ធ្លាប់បានអំពាវនាវមិនឲ្យប្រជាជនទៅបោះឆ្នោតក្រោមយុទ្ធនាការ«ម្រាមដៃស្អាត» និងពាក្យថា«ដេកផ្ទះឈ្នះឯង»។ ក៏ប៉ុន្តែការអំពាវនាវរបស់លោក សម រង្ស៊ី មិនបានជោគជ័យទេ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ មានពលរដ្ឋចេញទៅបោះឆ្នោតជាង៨០%។

សូមបញ្ជាក់ថាកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលនៃយុទ្ធនាការឃោសនារកសម្លេងឆ្នោតថ្ងៃទី៤ហើយ គិតមកត្រឹមថ្ងៃអង្គារ ហើយយុទ្ធនាការដែលមានការចូលរួម១៨គណបក្សនយោបាយនេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី២១កក្កដា ខាងមុខ ខណៈថ្ងៃទី២២ កក្កដា ជាថ្ងៃសហើយថ្ងៃទី២៣កក្កដា គឺជាថ្ងៃបោះឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ