អានតួអត្ថបទ
កម្ពុជា-នយោបាយ

HRW៖ «ការបោះឆ្នោតជាតិកម្ពុជាឆ្នាំ២០២៣បន្តមានការលួចបន្លំសន្លឹកឆ្នោតនិងភាពប្រក្រតី ដូចអាណត្តិមុនដែរ​»

តាមការវិភាគដោយយោងទៅលើរបាយការណ៍ជាក់ស្តែង​ អង្គការឃ្លាំមើលសិទ្ធិមនុស្ស​ Human Right Watch ​​វិនិច្ឆ័យ​ថាការបោះឆ្នោតជាតិ​នៅកម្ពុជាឆ្នាំ២០២៣ខាងមុខ នឹង​​បន្តមានការលួចបន្លំសន្លឹកឆ្នោត និងមានភាពមិន​​ប្រក្រតីដូចជា​ការបោះឆ្នោតនៅ​អាណត្តិមុនដែរ​។ ចំណែក​ គណៈកម្មាធិការរៀបចំការបោះឆ្នោត​ តែងតែ អះអាងថា​ ដំណើរការរៀបចំបោះឆ្នោតនៅកម្ពុជារៀបចំឡើងស្របទៅតាមច្បាប់ស្តីពីការបោះឆ្នោត។

ប្រជាជនកម្ពុជាបង្ហាញស្នាមម្រាមដៃបន្ទាប់ពីបោះឆ្នោតនៅការិយាល័យបោះឆ្នោតក្នុងរាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។
ប្រជាជនកម្ពុជាបង្ហាញស្នាមម្រាមដៃបន្ទាប់ពីបោះឆ្នោតនៅការិយាល័យបោះឆ្នោតក្នុងរាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី​៣កក្កដាឆ្នាំ២០២៣ អង្គការឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស Human Right Watch បានបរិហារ ទុកជាមុន អំពី​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​​នៅកម្ពុជាអាណត្តិទី៧ ក្នុងពេលដ៏ខ្លីខាងមុខនេះថា នឹងមានការរំខាន មាន​ការលួចបន្លំសន្លឹកឆ្នោត។ ជាលំអានចាស់ ដែល​Human Right Watch បានកត់សម្គាល់ ​សម្រាប់ការបោះឆ្នោតនាពេលកន្លងមក​។

ការរិះគន់របស់​ Human Right Watch ធ្វើឡើង ក្រោយបាន​​ពិនិត្យផ្ទៀងផ្ទាត់​ «កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត» ឬ «ទម្រង់បែបបទ១១០២» នៅការិយាល័យ​បោះឆ្នោតរាជធានីភ្នំពេញ ក្នុងដំណើរការបោះឆ្នោតកាលពីឆ្នាំ២០២២។ ក្នុងទម្រង់១១០២នេះ ​ការិយាល័យ​បោះឆ្នោតនៅភ្នំពេញ​ចំនួន ​២១៥៥មណ្ឌល​​​ មាន១៩ភាគរយមិនបានសរសេរបំពេញតួលេខ​​បានត្រឹមត្រូវ  ១៥ភាគរយជា​ការលុប​កែតម្រូវកំហុស​ឯកសារដែលគ្មាន​ការ​ពន្យល់ ជាង​៣ភាគរយទៀតបាត់តួលេខ​ និង៣ភាគរយបាត់​ឈ្មោះគណបក្ស ​ឬ សំឡេងឆ្នោត​​ក្នុងការបំពេញ​​ទម្រង់​​ ១១០២នេះ។

គួរដឹងថា ទម្រង់បែបបទ១១០២ គឺជាទម្រង់ឯកសារសំខាន់ ដែលមានភ្ជាប់បញ្ជីឈ្មោះអ្នកបោះឆ្នោត គល់បញ្ជីសន្លឹកឆ្នោតដែលបានប្រើ ឬ មិនបានប្រើ, សន្លឹកឆ្នោតបានការ ឬមិនបានការ ឬក៏ខូច, ត្រាសម្ងាត់សម្រាប់ការិយាល័យបោះឆ្នោត ព្រមទាំង បណ្ដឹងជំទាស់ ឬតវ៉ាជាដើម។ ឯកសារច្បាប់ទម្រង់១១០២ ទើបនឹងត្រូវបាន​កែ​សម្រួលទម្លាប់​ចែក​ទៅកាន់ភាគីពាក់ព័ន្ធ​នៅមុនការបោះឆ្នោតឆ្នាំ២០២២នោះឯង​។

ហើយអ្វីដែលជាការ​កត់សម្គាល់ភាព​មិនប្រក្រតី​មួយទៀតនោះ គឺអ្នកសង្កេតការណ៍បោះឆ្នោតដ៏ច្រើនលើសលុបចំនួន​ ៤៤ភាគរយ គឺ​មកពីគណបក្សកាន់អំណាច​ នៅក្នុងការឃ្លាំមើលការបោះឆ្នោត។ នេះបើតាម​​Human Right Watch។​

បន្ថែមពីនេះដែរ​​ Human Right Watch បានលើកឡើងទៀតថា ​អ្នកឃ្លាំមើលនិងអ្នកស្ម័គ្រចិត្តក្នុងស្រុក​ជាច្រើន​បានផ្តល់ព័ត៌មានមកថា មានយ៉ាងហោចណាស់​មណ្ឌលបោះឆ្នោត​ចំនួន​៥​ នៅការិយាល័យបោះឆ្នោតរាជធានីភ្នំពេញ ​បាន​បិទទ្វារ​បង្អួត​ អំឡុងពេលនៃការរាប់សន្លឹកឆ្នោតកាលបោះឆ្នោតឆ្នាំ២០២២។ 

ជុំវិញបញ្ហាខាងលើនេះHuman Right Watch អះអាងថា បាន​ផ្ញើលិខិតទៅកាន់ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតាំងតែពីថ្ងៃទី​៥មិថុនាឆ្នាំ២០២៣ដែរ ប៉ុន្តែគ្មានការឆ្លើយតបសោះ​។

គួរជម្រាបជូនថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​​នៅកម្ពុជាអាណត្តិទី៧ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ដោយមានបក្សនយោបាយចូលរួមប្រកួតចំនួន ​១៨គណបក្ស​។ ដោយការបោះឆ្នោតគ្មានវត្តមានបក្សភ្លើងទៀនដែលជាបក្សប្រឆាំង ការបោះឆ្នោតជាតិឆ្នាំ២០២៣​នេះ បានទទួលរងនូវការរិះគន់ជាច្រើន​ពីសហគមន៍អន្តរជាតិ បណ្តាអង្គទូត​​ជាច្រើន​ និង​អង្គការសង្គមស៊ីវិលផ្សេងទៀត ស្របពេលដែលរដ្ឋាភិបាលកម្ពុជាក៏កំពុងតែរៀបចំសម្រេចការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត​​។ ជាវិសោធនកម្មច្បាប់​ដែល​ទទួល​មតិរិះគន់យ៉ាងសន្ធឹកថាផ្ទុយពីប្រជាធិបតេយ្យពហុបក្ស និងបង្កភាពភ័យខ្លាចដល់ម្ចាស់ឆ្នោត តែត្រូវបានរដ្ឋាភិបាលបដិសេធ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ