អានតួអត្ថបទ
កម្ពុជា-សង្គម

ច្រកព្រំដែនខេត្តឧត្តរមានជ័យ និងខេត្តបុរីរាំ សម្រេចបើកដំណើរការពេញមួយសប្តាហ៍ជាលើកដំបូង

 ច្រកព្រំដែនកម្ពុជា-ថៃរវាងខេត្តឧត្តរមានជ័យ និងខេត្តបុរីរាំបានសម្រេចឱ្យបើកដំណើរការរយៈ៧ថ្ងៃក្នុងមួយសប្តាហ៍ជាលើកដំបូង ក្រោយវិបត្តិជំងឺកូវីដ១៩។ ក្រោមកិច្ចព្រមព្រៀងថ្មីនេះ ភាគីកម្ពុជា-ថៃយល់ថា នៅពេលច្រកព្រំដែននៃប្រទេសទាំងពីរបើក មួយសប្តាហ៍ពេញ និងពន្យាពេលម៉ោងបិទ គឺជាឱកាសបន្ថែមដើម្បីបង្កើតលទ្ធភាពធ្វើពាណិជ្ជកម្មតាមច្រកព្រំដែន បង្កើនការវិនិយោគ និងទាក់ទាញភ្ញៀវទេសចរ។ 

ច្រកព្រំដែនកម្ពុជា-ថៃរវាងខេត្តឧត្តរមានជ័យ និងខេត្តបុរីរាំ
ច្រកព្រំដែនកម្ពុជា-ថៃរវាងខេត្តឧត្តរមានជ័យ និងខេត្តបុរីរាំ © Internet
ផ្សាយពាណិជ្ជកម្ម

កាសែតក្នុងស្រុករបស់ប្រទេសថៃបាងកកប៉ុស្តិ៍បានចុះផ្សាយថា ច្រកព្រំដែន«ជប់គគីរ» ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងច្រកព្រំដែន «សាយ តាគូ» ស្ថិតក្នុងខេត្តបុរីរាំ ត្រូវបានដាក់ឱ្យដំណើរការរយៈពេលមួយសប្តាហ៍ពេញ ដោយកន្លងទៅ ច្រកព្រំដែនទាំងពីរនេះបើកដំណើរការតែរយៈពេល៥ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍។

លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យបានថ្លែងមកវិទ្យុបារាំងអន្តរជាតិRFIថា ការសម្រេចបែបនេះ បន្ទាប់ពីថ្នាក់ដឹកនាំខេត្តទាំងពីរបានពិភាក្សាគ្នាជាច្រើនលើកច្រើនសារ ហើយក៏ដោយសារ ស្ថានភាពនៃច្រកព្រំដែន ជប់គគីរបស់កម្ពុជាមានភាពប្រសើរទាំងហេដ្ឋារចនាសម្ព័ន្ធនានា។

លោកអភិបាលរងខេត្តចាត់ទុកថា នៅពេលច្រកព្រំដែនទាំងពីរបើកដំណើរការពេញមួយសប្តាហ៍ វាជាផលប្រយោជន៍ និងឱកាសដល់ពលរដ្ឋនៃខេត្តទាំងពីរ ពិសេសលើការដោះដូរទំនិញតាមច្រកព្រំដែន និងការទាក់ទាញភ្ញៀវទេសចរ។ បន្ថែមពីនេះ លោកថា សេដ្ឋកិច្ចពលរដ្ឋដែលរស់នៅជិតច្រកព្រំដែនក៏មានភាពរីកចម្រើនផងដែរ។

តែយ៉ាងណា អាជ្ញាធរខេត្តបុរីរាំលើកឡើងថា ច្រកព្រំដែន សាយតាគូ ​នៅជួបបញ្ហាផ្លូវច្បាប់មួយចំនួនដែលកំពុងដោះស្រាយ ដោយសារតែច្រកព្រំដែននេះស្ថិតក្នុងតំបន់អភិរក្សឧទ្យានជាតិ តាប្រាយា ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ក៏ប៉ុន្តែ ភាគីថៃ សង្ឃឹមថា កិច្ចសហប្រតិបត្តិការនឹងកាន់តែល្អប្រសើរឡើងក្នុងអាណត្តិរដ្ឋាភិបាលថ្មីរបស់ថៃ។

នៅទន្ទឹមនឹងរឿងនេះ ភាគីកម្ពុជា​ បានស្នើឱ្យអាជ្ញាធរខេត្តបុរីរាំពង្រើកការចេញចូលរបស់ពលរដ្ឋថៃ ពិសេសពលរដ្ឋដែលរស់នៅតំបន់ផ្សេងទៀតក្នុងខេត្តបុរីរាំឱ្យមានសិទ្ធិពេញលេញប្រើប្រាស់ច្រកព្រំដែន ត្បិតបច្ចុប្បន្នច្រកព្រំដែនសាយតាគូ បានដាក់កំហិតចំពោះពលរដ្ឋរស់នៅក្នុងស្រុកបានគ្រុឌ ខណៈពលរដ្ឋខ្មែរភាគច្រើនតែងធ្វើដំណើរទៅកាន់ស្រុកបានគ្រុឌបស់ថៃ ដើម្បីពិនិត្យសុខភាព។

សូមជម្រាបថា ច្រកព្រំដែន ជប់គគីររបស់កម្ពុជា និងច្រកព្រំដែនសាយតាគូ របស់ថៃ​ធ្លាប់បានបិទម្តងរួចហើយកាលពីឆ្នាំ២០២០ នៅពេលដែលស្ថានភាពមេរោគកូវីដ១៩កំពុងផ្ទុះរីករាលដាលខ្លាំង។ ក្រោយមក ច្រកព្រំដែនទាំងពីរក៏បានបើកដំណើរការឡើងវិញនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ប៉ុន្តែបើកដំណើរការតែ៥ថ្ងៃក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។

បច្ចុប្បន្ន ខេត្តឧត្តរមានជ័យមានច្រកព្រំដែនអន្តរជាតិសំខាន់ៗចំនួន៣។ ក្នុងនោះរួមមាន៖ ច្រកព្រំដែនអន្តរជាតិជប់គគីរ ស្ថិតក្នុងស្រុកបន្ទាយអំពិល ជាប់នឹងខេត្តបុរីរាំប្រទេសថៃ ច្រកព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ជាប់នឹងខេត្តស៊ីសាកេតប្រទេសថៃ និងច្រកអន្តរជាតិអូរស្មាច់ ស្ថិតក្នុងស្រុកសំរោងមានព្រំប្រទល់ជាប់នឹងខេត្តសុរិន្ទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ