អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន ស្នើឲ្យគណបក្សចូលរួមបោះឆ្នោតទាំងអស់រួមគ្នាទប់ស្កាត់ការគូសសន្លឹកឆ្នោតខុស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃពុទ្ធទី០៥ ខែកក្កដានេះ បានអំពាវនាវឲ្យមន្ត្រីគណបក្សប្រជាជន និងគណបក្សដទៃទៀតបង្រៀនប្រជាពលរដ្ឋឲ្យចេះគូសសន្លឹកឆ្នោតយ៉ាងណា ឲ្យទៅជាសន្លឹកឆ្នោតបានការ។ ការលើកឡើងរបស់លោក ហ៊ុន សែន ដូច្នេះគឺដោយសារមានសកម្មជន ដែលតាំងខ្លួនជាអ្នកគាំទ្រគណបក្សប្រជាជនខ្លះ បានបង្រៀនប្រជាជនឲ្យគូសសន្លឹកឆ្នោតខុស នៅក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី០១ ខែកក្កដាមក។

គ.ជ.ប
គ.ជ.ប © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈសារជាសម្លេងបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម មានរយៈពេលជាង៥នាទី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់មន្ត្រីនិងសកម្មជនគណបក្សប្រជាជនគ្រប់ជាន់ថ្នាក់ និងគណបក្សដទៃទៀតដែលចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ ត្រូវណែនាំប្រជាពលរដ្ឋគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងខូចសន្លឹកឆ្នោតក្លាយជាសន្លឹកឆ្នោតមិនបានការ។

លោក ហ៊ុន សែន លើកឡើងថាគណបក្សប្រជាជនបានរកឃើញជនក្លែងបន្លំជាថ្នាក់ដឹកនាំគណបក្ស ហើយបានទៅពន្យល់ណែនាំពលរដ្ឋឲ្យគូសច្រើនដងនៅក្នុងប្រអប់សន្លឹកឆ្នោតគំរូ ឬសរសេរលេខ ដើម្បីបង្ហាញពីក្តីស្រលាញ់ចំពោះគណបក្សប្រជាជន។ ការពន្យល់ណែនាំដ៏ខុសឆ្គងនេះ ក៏បានកើតមានសម្រាប់គណបក្សផ្សេងដែរ។ នេះបើតាមលោក ហ៊ុន សែន។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឲ្យក្រសួងប្រៃសណីយ៍ធ្វើការស្រាវជ្រាវរកអ្នកប្រើប្រាស់ប្រព័ន្ធអនឡាញក្នុងការបង្រៀនគូសសន្លឹកឆ្នោតខុស និងចាប់ឲ្យបានអ្នកដែលតាំងខ្លួនជាសកម្មជនគណបក្សប្រជាជន ដោយលោកចាត់ទុកថាការចាប់បានអ្នកប្រព្រឹត្តគឺជាការជួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងជួយដល់សមត្ថកិច្ចដែលទាក់ទងទៅនឹងការបោះឆ្នោតផងដែរ។ លោក ហ៊ុន សែន សង្កត់ធ្ងន់ផងដែរឲ្យចាប់ខ្លួនអ្នកដែលបន្លំជាសកម្មជនគណបក្សប្រជាជន ដែលណែនាំអ្នកបោះឆ្នោតឲ្យគូសសន្លឹកឆ្នោតខុស ដោយមិនត្រូវអត់ឱនឲ្យឡើយ។

សូមបញ្ជាក់ថាបន្ទាប់ពីគណបក្សភ្លើងទៀនដែលគេយល់ថាជាគណបក្សប្រឆាំងធំជាងគេត្រូវបានផាត់ចេញពីការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣នេះ សកម្មជនប្រឆាំងនៅក្រៅប្រទេស ជាពិសេសលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានធ្វើយុទ្ធនាការតាមអនឡាញឲ្យប្រជាជនកុំទៅបោះឆ្នោត ឬក៏ទៅបោះឆ្នោតដែរតែគូសខ្វែងសន្លឹកឆ្នោតចោល។ ក៏ប៉ុន្តែគណបក្សប្រជាជន ក៏ដូចជា គ.ជ.ប បានហៅទង្វើទាំងអស់នោះថាជាអំពើខុសច្បាប់ ដោយសំអាងទៅលើច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតថ្មី ដែលបានឡាយព្រះហស្ថលេខាដាក់ឲ្យប្រើដោយព្រះមហាក្សត្រនៅថ្ងៃទី០៤ ខែកក្កដាម្សិលមិញ ពួកគេត្រូវមានទោស និងរងការពិន័យផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ