អានតួអត្ថបទ
កម្ពុជា-នយោបាយ

អង្គការឃ្លាំមើលការបោះឆ្នោតក្នុងតំបន់ ថាការបោះឆ្នោតនៅកម្ពុជាខាងមុខនេះ គ្មានឡើយភាពសេរី និងយុត្តិធម៌

អង្គការឃ្លាំមើលការបោះឆ្នោតក្នុងតំបន់ ANFREL នៅថ្ងៃពុធ បានចេញផ្សាយនូវរបាយការណ៍វាយតម្លៃជាមុនអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅកម្ពុជាពេលខាងមុខនេះ ថាគ្មានឡើយភាពសេរី និងយុត្តិធម៌។ ការវាយតម្លៃនេះ ធ្វើឡើងដោយផ្អែកទៅលើការសម្ភាសជាមួយភាគីពាក់ព័ន្ធនយោបាយនៅកម្ពុជា ខណៈដែលអវត្តមាននៃគណបក្សភ្លើងទៀន គឺជាទឡ្ហីករណ៍នៃការរឹតត្បិតសេរីភាពនយោបាយលើគណបក្សប្រឆាំង។ 

មន្ត្រីការិយាល័យបោះឆ្នោតបង្ហាញដបទឹកថ្នាំដែលប្រើសម្រាប់អ្នកបោះឆ្នោត មុនពេលចាប់ផ្តើមបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ប្រទេសកម្ពុជា កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា។
មន្ត្រីការិយាល័យបោះឆ្នោតបង្ហាញដបទឹកថ្នាំដែលប្រើសម្រាប់អ្នកបោះឆ្នោត មុនពេលចាប់ផ្តើមបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ប្រទេសកម្ពុជា កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា។ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

តាមរយៈរបាយការណ៍ចំនួន៥៤ទំព័រ អង្គការបណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតសេរី (ANFREL) បានលើកចំណុចចំនួន៦ មកពន្យល់អំពីការវាយតម្លៃរបស់ខ្លួន ដែលសន្និដ្ឋានជាមុនថា ការបោះឆ្នោតនៅថ្ងៃទី២៣កក្កដាខាងមុខនេះ គឺមិនអាចមានភាពសេរី និងយុត្តិធម៌។ ចំណុចទាំង៦ នៅក្នុងរបាយការណ៍របស់ ANFREL បានលើកឡើងពី ការធ្វើវិសោធនកម្មច្បាប់ បញ្ហាសមាសភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លំហនយោបាយ ការចូលរួមរបស់អង្គការសង្គមស៊ីវិល សេរីភាពសារព័ត៌មាន និងការចូលរួមពីភាគីដែលគេបានរំលង។

របាយការណ៍របស់ ANFREL បានចង្អុលអំពីលក្ខខណ្ឌច្បាប់នៅកម្ពុជា ដែលបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាហូរហែ នៅក្រោយការរំលាយអតីតគណបក្សសង្រ្គោះជាតិនៅឆ្នាំ២០១៧។ ជាវិសោធនកម្មទាំងឡាយ ដែល ANFREL ថា បានប្រាសចាកពីគន្លងប្រជាធិបតេយ្យ ដែលកម្ពុជាប្រកាន់យក។ របាយការណ៍នេះ បានលើកឡើងទៀតថា លក្ខខណ្ឌច្បាប់នៅកម្ពុជា រួមនឹងច្បាប់ស្តីពីការបោះឆ្នោត ត្រូវតែធានានូវសិទ្ធិមនុស្សជាស្នូល ហើយប្រជាពលរដ្ឋទាំងអស់មានសិទ្ធិក្នុងការបោះឆ្នោត ដោយគ្មានឧបសគ្គ និងការរើសអើង។

ដោយឡែកបញ្ហាសមាសភាពរបស់គ.ជ.ប នៅពេលបច្ចុប្បន្ន ក៏ជាឧបសគ្គនៃការរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាដែរ។ ពោលគឺសមាសភាពមន្ត្រីគ.ជ.ប ទាំង៩រូប មានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជា​ ដែលជាគណបក្សកាន់អំណាច។ នេះបើតាមរបាយការណ៍របស់ ANFREL។ ការណ៍នេះ សមាសភាពរបស់គ.ជ.ប គឺជាគន្លឹះសំខាន់ ដើម្បីធានាដល់ដំណើរការបោះឆ្នោត ដែលសេរី អព្យាក្រឹត និងយុត្ដិធម៌ ហើយធានាបានទំនុកចិត្ត។

រីឯបញ្ហាលំហនយោបាយ គឺ ANFREL បានលើកជាថ្មី ពីការឈានទៅរំលាយអតីតគណបក្សប្រឆាំងដ៏ធំនៅឆ្នាំ២០១៧ ដោយលោក សម រង្ស៊ី ត្រូវនិរទេសខ្លួនទៅប្រទេសបារាំង ខណៈដែលលោក កឹម សុខា ត្រូវកាត់ទោសចំនួន២៧ឆ្នាំ ដោយដកទាំងសិទ្ធិនយោបាយ។ បន្ថែមពីនេះ ការប្រើប្រាស់ប្រព័ន្ធច្បាប់លើមន្ត្រីបក្សប្រឆាំង ដូចលោក សុន ឆ័យ ដែលរងបណ្តឹងពីបក្សកាន់អំណាច និងគ.ជ.ប ក៏ត្រូវបានរបាយការណ៍រាប់បញ្ចូលទៅក្នុងបញ្ហានៅមុនការបោះឆ្នោតដែរ។ ម្យ៉ាងវិញទៀត ការបាត់បង់ដៃគូប្រកួតដ៏សំខាន់ គឺគណបក្សភ្លើងទៀន គឺជាបញ្ហាដែលនាំការបោះឆ្នោតខាងមុខនេះ មិនអាចសេរី។ គណបក្សភ្លើងទៀន ដែលធ្លាប់ទទួលបានសំឡេងគាំទ្ររហូតដល់ជាង២លាន កាលពីបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ២០២២ និងត្រូវអវត្តមាននៅក្នុងការបោះឆ្នោតថ្នាក់ជាតិនេះ ដោយសារតែបញ្ហាកង្វះឯកសារច្បាប់ដើម។

រីឯបញ្ហាលំហអង្គការសង្គមស៊ីវិល សេរីភាពសារព័ត៌មាន និងការចូលរួមរបស់ភាគីដែលគេមើលរំលង គឺ ANFREL ថារដ្ឋាភិបាលបានប្រើប្រាស់យុទ្ធសាស្ត្របង្ក្រាបទៅលើក្រុមសកម្មជន តាមរយៈការចាប់ខ្លួន ការដាក់ឃុំ និងការគំរាមកំហែងពីសុវត្ថិភាពផ្ទាល់ខ្លួន។ នៅទន្ទឹមនេះ អង្គភាពសារព័ត៌មានមិនចំណុះឲ្យរដ្ឋាភិបាល ក៏ត្រូវបង្រ្កាបជាបន្តគ្នា ដែលករណីចុងក្រោយបានកើតមានឡើងលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ VOD។ នេះបើតាម ANFREL។

ការណ៍ទាំងនេះ ANFREL បានសន្និដ្ឋានជាមុនថា ការបោះឆ្នោតនៅកម្ពុជាខាងមុខ គឺមិនខុសពីការបោះឆ្នោតនៅឆ្នាំ២០១៨ ដែលអវត្តមានគណបក្សប្រឆាំងដ៏សំខាន់ និងនាំឲ្យការបោះឆ្នោតមិនអាចទទួលស្គាល់។ មិនអាចទទួលស្គាល់ ដែលរបាយការណ៍ ANFREL ថាព្រោះសហគមន៍អន្តរជាតិ ដែលធ្លាប់ឃ្លាំមើលការបោះឆ្នោត និងផ្តល់ជំនួយកន្លងមក ដូចជាអាមេរិក និងសហគមន៍អឺរ៉ុប សម្រេចមិនបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកចូលរួម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ