អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នកនាំពាក្យថា បក្សភ្លើងទៀនបន្តរងការបង្រ្កាប ខណៈដែលសកម្មជនមួយរូបត្រូវចាប់ខ្លួននៅប្រទេសថៃ

គណបក្ស​ភ្លើងទៀន​ ដែល​ជា​គណបក្ស​ប្រឆាំង​ បាន​អះអាង​ពី​ការ​បន្ត​រងការ​យាយី​ និង​បង្រ្កាប​មក​លើ​មន្ត្រី ​និង​សកម្មជន​របស់​ខ្លួន​ជា​បន្ត​ទៀត​ បើ​ទោះ​បី​ជា​ខ្លួន​មិន​បាន​ចូល​រួម​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​នេះ​ក្តី។​ នេះ​បើ​តាម​ អ្នក​នាំពាក្យ​គណបក្ស។​ ការ​អះអាង​នេះ ​ធ្វើ​ឡើង​នា​គ្រា​ដែល​សកម្មជន​បក្ស​ភ្លើងទៀន​មួយ​រូប​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ ក្រោយ​បាន​ភៀសខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា។ ​

ផ្លាកគណបក្សភ្លើងទៀន
ផ្លាកគណបក្សភ្លើងទៀន AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

លោក ថុល សំណាង សកម្មជនគណបក្សភ្លើងទៀនក្នុងខេត្តកណ្តាល ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន នៅថ្ងៃសុក្រ ក្រោយសកម្មជនរូបនោះ បានភៀសខ្លួនទៅដល់ប្រទេសថៃ ដើម្បីស្នើសុំការការពារ។ នេះបើតាមការអះអាងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch។ លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានឲ្យដឹងតាមបណ្តាញសង្គមធ្វីតធ័រថា អាជ្ញាធរថៃបានចាប់ខ្លួនលោក ថុល សំណាង ដោយសម្ងាត់ និងមិនទាន់ដឹងថា ត្រូវបានឃុំខ្លួននៅទីណា។ ការចាប់ខ្លួននេះ ធ្វើឡើងតាមការស្នើសុំរបស់ភាគីកម្ពុជា ខណៈដែលថៃត្រៀមបញ្ជូនសកម្មជនគណបក្សភ្លើងទៀនរូបនោះ ត្រលប់មកកម្ពុជាវិញ។

តាមប្រភពដដែរ លោក ថុល សំណាង បានភៀសខ្លួនទៅដល់ប្រទេសថៃ ដើម្បីស្នើសុំការជ្រកកោននៅក្នុងប្រទេសថៃ ក្រោយពេលដែលសកម្មជនរូបនោះ បានរត់គេចពីការចាប់ខ្លួនរបស់អាជ្ញាធរកម្ពុជា។ ជាការចាប់ខ្លួន ក្រោយពេលដែលលោក ថុល សំណាង ត្រូវបានអាជ្ញាធរនៅមូលដ្ឋានស្វែងរក នាពេលដែលសកម្មជនរូបនេះ បានបញ្ចេញមតិបានបណ្តាញសង្គមហ្វេសប៊ុក ក្នុងន័យរិះគន់គណបក្សកាន់អំណាច។

ទាក់ទងទៅនឹងការចាប់ខ្លួននេះ អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ បានបញ្ជាក់ថា គណបក្សបានទទួលព័ត៌មាននេះ និងកំពុងតាមដានបន្ត។ តាមអ្នកនាំពាក្យ គឺគណបក្សភ្លើងទៀនកំពុងរង់ចាំមើលថា លោក ថុល សំណាង នឹងត្រូវបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជាវិញ តាមលក្ខខណ្ឌនៃការធ្វើបត្យាប័ន ឬយ៉ាងណា។

នៅចំពោះមុខនៃបញ្ហាដែលកើតឡើងលើសកម្មជនរបស់ខ្លួនជាហូរហែ អ្នកនាំពាក្យគណបក្សភ្លើងទៀន បានអះអាងថា គណបក្សប្រឆាំងមួយនេះ នៅតែបន្តរងការបង្រ្កាប រាប់ចាប់តាំងពីមន្ត្រី រហូតដល់សកម្មជន បើទោះបីជាខ្លួនមិនអាចចូលរួមការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះក្តី។ លោក គីមសួរ ភីរិទ្ធ យល់ថា សេរីភាពបញ្ចេញមតិរបស់គណបក្សប្រឆាំង កាន់តែចង្អៀត នៅពេលដែលមានការចាប់ខ្លួនជាហូរហែយ៉ាងដូច្នេះ។ សម្រាប់បញ្ហាដែលមិនអំណោយផលសម្រាប់បក្សប្រឆាំងបែបនេះ អ្នកនាំពាក្យបក្សភ្លើងទៀន បានអំពាវនាវឲ្យមានការយោគយល់ និងឈប់ធ្វើទុក្ខបុកម្នេញសកម្មជនរបស់ខ្លួន ដ្បិតថាបក្សមួយនេះ ក៏មិនបានចូលរួមការបោះឆ្នោតខាងមុខរួចទៅហើយ។

គួរបញ្ជាក់ថា គណបក្សភ្លើងទៀន ដែលធ្លាប់បានសំឡេងគាំទ្រជិត២លាន នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចដកចេញពីការចុះឈ្មោះប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣នេះ ដោយសារតែបាត់បង់ឯកសារច្បាប់ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ