អានតួអត្ថបទ
កម្ពុជា-សង្គម

គ.ជ.ប ព្រមានថាអ្នកណែនាំឲ្យពលរដ្ឋគូសសន្លឹកឆ្នោតចោលនឹងត្រូវផ្ដន្ទាទោសតាមច្បាប់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានព្រមានថា អ្នកដែលណែនាំឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់ដែលមានជាធរមាន។ ការព្រ​មាននេះ ធ្វើឡើងតាមរយះសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១១ ខែកក្កដានេះ ក្រោយក្រុមដែលមាននិន្នាការប្រឆាំងនៅក្រៅប្រទេសបានបើកយុទ្ធនាការប្រឆាំងការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា ដោយអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត តែត្រូវគូសខ្វែងសន្លឹកឆ្នោតចោល។ 

ប្រជាពលរដ្ឋទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោត
ប្រជាពលរដ្ឋទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោត © Internet
ផ្សាយពាណិជ្ជកម្ម

យុទ្ធនាការគូសខ្វែងសន្លឹកឆ្នោតចោលរបស់ក្រុមដែលមាននិន្នាការប្រឆាំងនៅក្រៅប្រទេស បានអង្រួនដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាល៧ ឆ្នាំ២០២៣ ដោយពួកគេអំពាវនាវឲ្យប្រជាពលទៅបោះឆ្នោត ប៉ុន្តែត្រូវគូសខ្វែងសន្លឹកឆ្នោតចោល។ យុទ្ធនាការនេះ ត្រូវបានក្រុមប្រឆាំងអះអាងថា គឺធ្វើឡើងដើម្បីប្រឆាំងទៅនឹងការបោះឆ្នោតនៅកម្ពុជា ដោយពួកគេចាត់ទុកថា ការបោះឆ្នោតនេះ ជាការបោះឆ្នោតក្លែងក្លាយ ដែលរៀបចំដោយក្រុមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយផាត់គណបក្សភ្លើង​ទៀន ដែលជាគណបក្សប្រឆាំង មានពលរដ្ឋគាំទ្រជាង ២លាននាក់មិនឲ្យចូលរួម។

យុទ្ធនាការគូសខ្វែងសន្លឹកឆ្នោតចោលនេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ថាជាអំពើខុសច្បាប់ ដោយព្រមានថា អ្នកដែលណែនាំឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់ផងដែរ។ ការព្រមានរបស់ គ.ជ.ប ធ្វើឡើងនៅថ្ងៃទី១១ កក្កដានេះ តាមរយះសេចក្ដីប្រកាសព័ត៌មាន។ បើតាម គ.ជ.ប ផ្អែកតាមមាត្រា ១៤២ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ចែងថាត្រូវផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ២០លានរៀលដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាប្រើគ្រប់មធ្យោបាយទុច្ចរិត។

ទុច្ចរិតដែល គ.ជ.ប សំដៅនោះ គឺណែនាំ ឬញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត ធ្វើឲ្យបាត់ទំនុងចិត្តលើការសម្ងាត់នៃការបោះឆ្នោត និងធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោតជាដើម។ ករណីនេះ គ.ជ.ប ថាជនដែលបានប្រព្រឹត្តល្មើសណាមួយ នឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតរបស់សា​មី​ខ្លួនសម្រាប់រយៈពេល ៥ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយ គ.ជ.ប។

សូមបញ្ជាក់ថា ការព្រមានរបស់ គ.ជ.ប នេះ ក្រោយពីក្រុមដែលមាននិន្នាការប្រឆាំងនៅក្រៅប្រទេស បានធ្វើបាតុកម្មប្រឆាំងទៅនឹងការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា និងបានបើកយុទ្ធនាការអំពាវនាវឲ្យពលទៅបោះឆ្នោត តែត្រូវគូសខ្វែងសន្លឹកឆ្នោតចោល។ យុទ្ធនាការក្រុមប្រឆាំងនេះ ធ្វើឡើងក្រោយខ្លួនគិតថាការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺមានចរិតបង្ខំឲ្យពលរដ្ឋទៅបោះឆ្នោត ដោយពុំមានវត្តមានគណបក្សភ្លើងទៀន ជាគណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជា បន្ទាប់ពីអតីតគណបក្សសង្រ្គោះជាតិ ដោយ​សារហេតុផលពុំមានឯកសារច្បាប់ដើម។

ការណ៍ដែលពុំមានវត្តមានគណបក្សប្រឆាំងចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាល៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ត្រូវបានសហគមន៍អន្តរជាតិ ថាការបោះឆ្នោតនេះ ពុំសេរី ត្រឹមត្រូវ និងពុំមានប្រជាធិបតេយ្យឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ