អានតួអត្ថបទ

របាយការណ៍ស៊ើបអង្កេត៖ វិស័យកាត់ដេរនៅកម្ពុជា ប្រើប្រាស់ឈើខុសច្បាប់ដើម្បីដំណើរការសង្វាក់ផលិតកម្មខ្លួន

រោងចក្រកាត់ដេរជាច្រើនដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា កំពុងជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ឈើខុសច្បាប់ចេញពីតំបន់ការពារព្រៃឈើ ដើម្បីយកមកដុតម៉ាស៊ីនអ៊ុតចំហាយទឹក និងបម្រើដល់ការប្រើប្រាស់ថ្នាំជ្រលក់ពណ៌ក្រណាត់។ នេះបើយោងតាមរបាយការណ៍ស៊ើបអង្កេតរបស់ការសែតបរទេសម៉ុងហ្គាបេ។ នៅចំពោះមុខការស៊ើបអង្កេតនេះ សមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បដិសេធដែលថា សមាជិកខ្លួនប្រើប្រាស់ឈើមកបម្រើដល់សង្វាក់ផលិតកម្ម។

ការកាប់បំផ្លាញព្រៃឈើ
ការកាប់បំផ្លាញព្រៃឈើ © Mongabay AndyBall
ផ្សាយពាណិជ្ជកម្ម

យោងតាមការស៊ើបអង្កេតរបស់ការសែតម៉ុងហ្គាបេបានរកឃើញថា រោងចក្រកាត់ដេរនៅកម្ពុជាដែលចាត់ទុកថា ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ជាតិកំពុងជំរុញការកាប់បំផ្លាញព្រៃឈើចេញពីតំបន់ការពារព្រៃឈើមួយចំនួន ក្រោមកម្មវត្ថុបម្រើដល់ដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួន។

ការស៊ើបអង្កេតខាងលើរកឃើញថា ឈើភាគច្រើនដែលត្រូវបានកាប់ ហើយប្រើប្រាស់ក្នុងឧស្សាហកម្មរោងចក្រកាត់ដេរ គឺគេយកទៅប្រើក្នុងទីតាំងជីវម៉ាស សម្រាប់ស្ងោរទឹកដើម្បីលាងសម្អាតសំលៀកបំពាក់ ឬប្រើប្រាស់ជាថ្នាំជ្រលក់ពណ៍ក្រណាត់ និងប្រើជាចំហាយទឹកសម្រាប់សំលៀកបំពាក់ ឬផលិតផលមុនធ្វើការលក់ចេញ។ ចំណែក រោងចក្រផ្សេងទៀត របាយការណ៍ស៊ើបអង្កេតរបស់កាសែត ម៉ុងហ្គាបេកត់សម្គាល់ថា បានពឹងផ្អែកខ្ពស់ទៅលើការដុតឈើដើម្បីធ្វើជាមធ្យោបាយផលិតថាមពលសម្រាប់បម្រើដល់ម៉ាស៊ីនអគ្គិសនីក្នុងរោងច្រក។  

តែយ៉ាងណា គេនៅមិនទាន់អាចស្វែងរកទិន្នន័យជាក់លាក់ពីការប្រើប្រាស់ឈើរបស់រោងចក្រទាំងនោះឡើយ ត្បិតការប្រើប្រាស់ឈើបម្រើដល់ឧស្សាហកម្មរោងចក្រ ត្រូវបានលាក់បាំងយ៉ាងសម្ងាត់ពីសំណាក់ភាគីរោងចក្រ។

ប្រធានសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា លោក កេន លូ បានអះអាងថា រោងចក្រភាគច្រើនមិនបានប្រើប្រាស់ឈើក្នុងផលិតកម្មរបស់ខ្លួនឡើយ។ ការប្រើប្រាស់ឈើរបស់កម្ពុជាក្នុងវិស័យឧស្សាហកម្មកាត់ដេរ លោក កេន លូលើកឡើងថា គឺមានតម្លៃថ្លៃជាងឈើចេញពីប្រភពផ្សេងៗ។ ក៏ប៉ុន្តែត្រង់ចំណុចនេះ លោក កេន លូបញ្ជាក់ថា ការបើប្រាស់ឈើក្នុងសង្វាក់ផលិតកម្ម គឺផ្ទុយពីតម្រូវការរបស់អ្នកបញ្ជាទិញបរទេស។

យ៉ាងណាមិញ ឈើភាគច្រើនត្រូវបានកាប់ និងដឹកចេញពីតំបន់ការពារព្រៃឈើសំខាន់ៗចំនួន២ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺគឺ  តំបន់ការពារព្រៃឈើភ្នំឱរ៉ាល់ និងឧទ្យានជាតិក្រវាញកណ្តាល។ នេះបើផ្អែកតាមទិន្នន័យពីអង្គការឃ្លាំមើលព្រៃឈើសាកល។ តាមអង្គការនេះ ឈើប្រណិតៗក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ត្រូវបានកាត់បំផ្លាញចោលលើផ្ទៃដីជាង១០ម៉ឺនហិកតានៃផ្ទៃដីសរុបជាង៧១ម៉ឺនហិកតាដែលរដ្ឋាភិបាលកាត់ប្រគល់ឱ្យក្រុមហ៊ុនឯកជនធ្វើជាដីសម្បទានសេដ្ឋកិច្ច។

គិតពីចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០២១ របាយការណ៍របស់អង្គការឃ្លាំមើលព្រៃឈើសាកលរកឃើញថា ដីសម្បទានសេដ្ឋកិច្ចទាំងនោះ ត្រូវបានក្រុមហ៊ុនឯកជនប្រើប្រាស់ខុសគោលដៅ ដោយងាកមកធ្វើប្រតិបត្តិការកាប់បំផ្លាញព្រៃឈើខុសច្បាប់ដែលបណ្តាលឱ្យគម្របព្រៃឈើប្រមាណ២៩ភាគរយក្នុងខេត្តកំពង់ស្ពឺត្រូវបាត់បង់។

បើតាមយោងអត្ថបទស៊ើបអង្កេតរបស់ការសែតម៉ុងហ្គាបេ ឈើដែលរោងចក្រទិញយកមកប្រើប្រាស់ គឺត្រូវចំណាយតម្លៃចន្លោះពី២០-២៥ដុល្លារក្នុងមួយម៉ែត្រគូបដល់ឈ្មួញកណ្តាល ចំណែកអ្នកចូលកាប់ឈើផ្ទាល់វិញឈ្មួញកណ្តាលផ្តល់កម្រៃតិចតូចជាងនេះ។

របាយការណ៍សិក្សាពីសាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យទីក្រុងឡុងដ៍បានបង្ហាញថា រោងច្រកប្រមាណ៣០ភាគរយនៅក្នុងប្រទេសកម្ពុជាបានប្រើប្រាស់ឈើក្នុងផលិតកម្មរបស់ខ្លួន។  

លោក ហេង គឹមហុង ប្រធានកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជាប្រាប់វិទ្យុបារាំងអន្តរជាតិថា លោកសង្កេតឃើញករណីនេះ ពិតជាកើតមានមែន ដែលទាមទារឱ្យអាជ្ញាធរក្នុងមូលដ្ឋានយកចិត្តទុកដាក់ និងប្រើប្រាស់វិធានការច្បាប់ចំពោះអ្នកដែលចូលកាប់បំផ្លាញព្រៃឈើ ហើយវែកមុខមេខ្លោងដែលនៅពីខាងក្រោយការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ទាំងនោះដើម្បីលក់មកឱ្យរោងចក្រកាត់ដេរ។ ចំណែកភាគីរោងចក្រវិញ លោក គឹមហុងស្នើឱ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ដូចគ្នា៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ