អានតួអត្ថបទ
កម្ពុជា-សង្គម

ស្នងការខេត្តត្បូងឃ្មុំថា គ្មានករណីវៀតណាមបង្ខិតព្រំដែនចូលមកទឹកដីកម្ពុជាឡើយ

ស្នងការនគរបាលខេត្តត្បូងឃ្មុំបានចេញមកច្រានចោលចុះផ្សាយថា ភាគីវៀតណាមកំពុងបង្ខិតបង្គោលព្រំដែនចូលមកទឹកដីកម្ពុជា។ ការបដិសេធរបស់ស្នងការនគរបាលខេត្តត្បូងឃ្មុំ ធ្វើឡើងបន្ទាប់ពី ផេកទូរទស្សន៍ព្រះអាទិត្យកម្ពុជាបានចុះផ្សាយព័ត៌មានមិនពិត មានចេតនាបង្កភាពយល់ច្រឡំដល់សាធារណជន។ បើតាមសេចក្តីបំភ្លឺមួយសន្លឹក ស្នងការខេត្តចាត់ទុកករណីនេះថា បានធ្វើ​ឱ្យប៉ះពាល់ដល់សន្តិសុខ និងបូរណភាពទឹកដីនៅតាមតំបន់ព្រំដែន។ 

បង្គោលព្រំដែនកម្ពុជា-វៀតណាម
បង្គោលព្រំដែនកម្ពុជា-វៀតណាម © Internet
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីគណនីផេកហ្វេសប៊ុកឈ្មោះ ទូរទស្សន៍ព្រះអាទិត្យកម្ពុជាបានបង្ហោះវីដេអូមួយភ្ជាប់នឹងខ្លឹមសារថា វៀតណាមបានបង្ខិតបង្គោលព្រំដែនចូលទឹកដីកម្ពុជាឱ្យទៅវៀតណាមកាលពីថ្ងៃទី០៩ ខែកក្តដាកន្លងមក ស្នងការនគរបាលខេត្តត្បូងឃ្មុំចាត់ទុកការចុះផ្សាយនេះជាព័ត៌មានមិនពិត។  

មិនពិតត្រង់ថា ក្លីបវីដេអូនោះជាវីដេអូចាស់របស់លោក ប៉ើយ ណារ៉ាដែលបានបង្ហោះកាលពីអំឡុងឆ្នាំ២០២០ ខណៈខ្លឹមសារវីដេអូស្នងការខេត្តត្បូងឃ្មុំអះអាងថា មិនជាប់ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-វៀតណាមឡើយ បើទោះបីរូបភាពទាំងស្រុងក្នុងវីដេអូនោះមានទីតាំងភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំក៏ពិតមែន។

លោក ប៉ើយ ណារ៉ា ម្ចាស់វីដេអូបានចេញវីដេអូបកផ្សាយថា ខ្លួនទទួលស្គាល់ពីកំហុសដោយអចេតនាដែលបានបង្ហោះកាលពីឆ្នាំ២០២០កន្លងមក។ ប៉ុន្តែលោកបញ្ជាក់ថា ការបង្ហោះរបស់ខ្លួនមិនមានចេតនាទាញភ្ជាប់ចូលបញ្ហានយោបាយអ្វីឡើយ ត្បិតវីដេអូនោះមានទីតាំងជាប់ព្រំដែនវៀតណាមក៏ដោយក្តី។

ចំណែក ស្នងការខេត្តត្បូងឃ្មុំចាត់ទុកការចុះផ្សាយព័ត៌មានមិនពិតរបស់ទូរទស្សន៍ព្រះអាទិត្យកម្ពុជាបែបនេះថា ជាការភន់ច្រឡំទៅដល់សាធារណជន និងបង្កឱ្យជះផលប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីនៅតាមតំបន់ព្រំដែន។ ក៏ប៉ុន្តែជាក់ស្តែង អាជ្ញាធរខេត្តបានធ្វើការដើរល្បាតត្រួតពិនិត្យនៅតាមខ្សែបន្ទាត់ព្រំដែន ជាឯកតោភាគីជាប់ជាប្រចាំ ក៏ដូចជាដាក់ចេញនូវវិធានការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសការលួចនាំមនុស្សឆ្លងដែនខុសច្បាប់ជាដើម។ នេះបើតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការនគរបាលខេត្តត្បូងឃ្មុំ។ 

បើយោងតាម វីដេអូដែលផ្សព្វផ្សាយដោយទូរទស្សន៍ព្រះអាទិត្យកម្ពុជា ពលរដ្ឋរស់នៅជិតព្រំដែនវៀតណាមអះអាងថា ភាគីវៀតណាមបានបោះបង្គោលព្រំដែនចូលមកទឹកដីកម្ពុជាជាបន្តបន្ទាប់ ដោយពលរដ្ឋខ្លះបញ្ជាក់ថា ដីស្រែ ដីចម្ការរបស់ពួកគេមួយផ្នែកត្រូវបានអាជ្ញាធរវៀតណាមគំរាមមិនឱ្យចូលទៅមើល ឬធ្វើស្រែចម្ការបានឡើយ។ វីដេអូនោះពលរដ្ឋបន្តថា អាជ្ញាធរកម្ពុជាមិនបានអើពើចំពោះករណីវៀតណាមបោះបង្គោលព្រំដែនចូលទឹកដីកម្ពុជាដោយឯកតោភាគីនោះទេ។

ចំណែកវីដេអូដែលស្នងការខេត្តត្បូងឃ្មុំប្រតិកម្មនោះ គឺពាក់ព័ន្ធនឹងការបង្ខិតបង្គោលព្រំដែនដូចគ្នា​ដែលស្ថិតក្នុងភូមិស្អំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្នុងវីដេអូជាង៦នាទី លោក ប៉ើយ ណារ៉ាដែលជាម្ចាស់វីដេអូបានលើកឡើងថា បង្គោលព្រំដែនកម្ពុជាត្រូវបានភាគីវៀតណាមបន្តបង្ខិតជារៀងរាល់ថ្ងៃ រហូតដល់វត្តអារាមត្រូវរុះរើទីតាំងថ្មី។ ចំណែកដីស្រែចម្ការរបស់ពលរដ្ឋក៏ត្រូវបាត់បង់ផងដែរ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ