អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នកជំនាញផ្នែកសន្តិសុខរបស់អាមេរិក ថាកំពង់ផែរាមកំពុងពន្លឿនការសាងសង់ដើម្បីផ្ទុកនាវាចម្បាំងរបស់ចិន

កំពង់ផែរាម ដែលជាមូលដ្ឋានទ័ពជើងទឹករបស់កម្ពុជា​ កំពុងពន្លឿនការសាងសង់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ តាមរយៈការពន្លឿនការសាងសង់កំពង់ផែទឹកជ្រៅ។ នេះបើតាមការអះអាងរបស់អ្នកជំនាញផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិកមួយរូប តាមរយៈការថតបានរូបភាពពីប្រព័ន្ធផ្កាយរណប។ តាមការអះអាងការពន្លឿនទំនើបកម្មកំពង់ផែរាមនេះ គឺដើម្បីផ្ទុកនាវាចម្បាំងរបស់កងទ័ពជើងទឹកចិន។ 

កំពង់ផែរាម
កំពង់ផែរាម © Planet Labs
ផ្សាយពាណិជ្ជកម្ម

ទំនើបកម្មកំពង់ផែរាម នៅតែជាការប្រទាញប្រទង់របស់ប្រទេសមហាអំណាច ដែលបានដាក់ការសង្ស័យពីវត្តមានកងទ័ពជើងទឹកចិនលើទឹកដីកម្ពុជា។ តាមរយៈរូបភាពចំនួន២សន្លឹក ដែលជាការប្រៀបធៀបពីទំនើបកម្មកំពង់ផែក្នុងរយៈពេល៦ខែចុងក្រោយ លោក Tom Shugart អ្នកវិភាគផ្នែកសន្តិសុខយោធា និងជាមន្ត្រីជាន់ខ្ពស់នៅមជ្ឈមណ្ឌលសម្រាប់សន្តិសុខអាមេរិក បានឲ្យដឹងថា អគារធំៗមួយចំនួន រួមមានទាំងការិយាល័យរដ្ឋបាល និងបន្ទាយទាហាន ត្រូវបានសាងសង់យ៉ាងឆាប់រហ័ស បើធៀបទៅនឹងខែធ្នូឆ្នាំ២០២២។

តាមលោក Tom Shugart ក្នុងរយៈពេល៦ខែឆ្នាំ២០២៣នេះ ការពន្លឿនការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅរាម គឺជាចំណុចពិសេសថ្មី ដែលគួរឲ្យចាប់អារម្មណ៍បំផុត។ ពោលគឺខែកុម្ភៈកន្លងទៅនេះ ការសន្និដ្ឋានរបស់ក្រុមអ្នកជំនាញផ្នែកសន្តិសុខ គិតថា ជាកំពង់ផែបណ្តោះអាសន្នសម្រាប់ជិះកាណូតដឹកជញ្ជូនសម្ភារសំណង់តែប៉ុណ្ណោះ។ ក៏ប៉ុន្តែរូបភាពផ្កាយរណបចុងក្រោយនៅក្នុងខែឧសភា កំពង់ផែនោះត្រូវបានពង្រីកបន្ថែម ដែលមានប្រវែងប្រហែល៣០០ម៉ែត្រ។

អ្នកជំនាញផ្នែកសន្តិសុខ លោក Tom Shugart បានឲ្យដឹងទៀតថា ទំហំកំពង់ផែបែបនេះ គឺអាចផ្ទុកនាវាចម្បាំងផ្សេងៗ ខណៈដែលការសង្ស័យនោះគឺ ជានាវាចម្បាំងរបស់កងទ័ពជើងទឹកចិន។

គួរកត់សម្គាល់ថា ទំនើបកម្មកំពង់ផែរាម គឺជាចំណុចរសើប ដែលសហរដ្ឋអាមេរិកបានដាក់ការសង្ស័យថា នឹងមានវត្តមានកងទ័ពរបស់ចិនលើទឹកដីកម្ពុជា។ មន្ទិលនេះ គឺក្រោយពេលដែលក​ម្ពុជាបានសម្រេចវាយកម្ទេចអគារចំនួន២នៅក្នុងមូលដ្ឋានកំពង់ផែរាម ដែលជាជំនួយរបស់អាមេរិក។ យ៉ាងណាមិញបញ្ហាកំពង់ផែរាមនេះ ទាំងប្រមុខរដ្ឋាភិបាល ទាំងរដ្ឋមន្ត្រីការពារជាតិកម្ពុជា សុទ្ធសឹងតែធ្លាប់ប្រតិកម្មទៅនឹងការចោទប្រកាន់របស់អាមេរិក និងធ្លាប់បានរៀបចំដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិក ទៅកាន់មូលដ្ឋានកំពង់ផែរាម ដើម្បីបញ្ចប់ចំណោទ។

ក៏ប៉ុន្តែបញ្ហានេះ ភាគីអាមេរិក បានអះអាងថា ខ្លួនមិនអាចចូលទៅទីតាំងទាំងអស់នៅក្នុងកំពង់ផែរាមឡើយ។ ការអះអាងនេះបានធ្វើឲ្យប្រមុខរដ្ឋាភិបាល ប្រតិកម្មម្តងទៀត និងបញ្ជាក់ថា កម្ពុជានឹងមិនអនុញ្ញាតឲ្យអ្នកណាចូលមើលកំពង់ផែរាមទៀតឡើយ។ ហើយបញ្ហាដែលថា ទំនើបកម្មកំពង់ផែរាម បានធ្វើឡើងក្រោមជំនួយរបស់រដ្ឋាភិបាលចិន និងសម្រាប់ឲ្យកងទ័ពចិនកាន់កាប់ផ្តាច់មុខវិញ គឺប្រមុខការពារជាតិកម្ពុជា ធ្លាប់បានបញ្ជាក់នៅក្នុងវេទិកាសន្តិសុខ Shangri-La Dialogue កាលពីខែមិថុនាកន្លងទៅនេះថា ទំនើបកម្មកំពង់ផែរាមធ្វើឡើងដោយតម្លាភាព និងមិនមែនជាមូលដ្ឋានអាចិន្ត្រៃយ៍សម្រាប់កងទ័ពបរទេសណាមួយឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ