អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បដិសេធព័ត៌មានថាមានការបង្ខិតព្រំដែនវៀតណាមចូលកម្ពុជា

គណៈកម្មាធិការ​ចម្រុះកិច្ចការ​ព្រំដែន​ នៅ​ថ្ងៃ​សុក្រ​ បាន​ចេញ​មុខ​មក​បដិសេធ​ជា​ដាច់​អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​របស់​ក្រុម​ប្រឆាំង​ពី​ការ​បង្ខិត​ព្រំដែន​ទឹកដី​វៀតណាម​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។​ ការ​ច្រានចោល​នេះ​ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ក្រុម​អ្នក​ប្រឆាំង​ពី​ក្រៅ​ប្រទេស ​បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ឡើង​វិញ​ នូវ​បណ្តា​វីដេអូ​ឯកសារ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-​វៀតណាម​ ដោយ​ដាក់​ខ្លឹមសារ​ថា ​«វៀតណាម​បាន​បង្ខិត​បង្គោល​ព្រំដែន​ចូល​ទឹកដី​កម្ពុជា»។​

ពិធីប្រគលទទួលផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាម
ពិធីប្រគលទទួលផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាម © Internet
ផ្សាយពាណិជ្ជកម្ម

ដោយយល់ថា ជាចេតនាបង្កើតរឿងប្រឌិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ក្នុងគោលដៅញុះញង់ប្រជាពលរដ្ឋក្នុងកំឡុងពេលជិតបោះឆ្នោតនេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានសម្រេចចេញសេចក្តីថ្លែងការណ៍បដិសេធទាំងស្រុងចំពោះការចោទប្រកាន់គ្មានមូលដ្ឋាន មកលើការងារព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា អំពីការបាត់បង់ទឹកដី និងការរំលោភបំពានពីប្រទេសជិតខាង ជាពិសេសបញ្ហាព្រំដែនកម្ពុជា-វៀតណាម។

បើតាមសេចក្តីថ្លែងការណ៍ គឺកិច្ចការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម បានធ្វើឡើងយ៉ាងត្រឹមត្រូវ ម៉ត់ចត់ និងច្បាស់លាស់បំផុត ដើម្បីរក្សាបានផ្ទៃក្រឡាដីកម្ពុជា ១៨១ ០៣៥គីឡូម៉ែត្រក្រឡា ដោយបានកំណត់ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។

គួរកត់សម្គាល់ថា ការចេញមកបដិសេធរបស់គណៈកម្មាធិការជំនាញព្រំដែននេះ ធ្វើឡើងបន្ទាប់ក្រុមអ្នកនយោបាយនៅក្រៅប្រទេស បាននិងកំពុងផ្សព្វផ្សាយព័ត៌មានអំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម នាអំឡុងពេលដែលកម្ពុជាកំពុងធ្វើយុទ្ធនាការឃោសនាស្វែងរកសំឡេងគាំទ្ររបស់គណបក្សនយោបាយ និងកំពុងឈានទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣កក្កដាខាងមុខនេះ។ បញ្ហានេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានស្នើឲ្យប្រជាពលរដ្ឋ កុំមានការយល់ច្រឡំ និងចែកចាយព័ត៌មានទាំងនោះជាបន្ត ដែលអាចនាំឲ្យមានបញ្ហាប្រឈមចំពោះមុខច្បាប់។

បញ្ហាព្រំដែនកម្ពុជា-វៀតណាម​ នេះក៏ត្រូវបានអាជ្ញាធរខេត្តត្បូងឃ្មុំ ចាត់ទុកការចុះផ្សាយព័ត៌មានមិនពិតរបស់ទូរទស្សន៍ព្រះអាទិត្យកម្ពុជាបែបនេះថា ជាការភន់ច្រឡំទៅដល់សាធារណជន និងបង្កឱ្យជះផលប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីនៅតាមតំបន់ព្រំដែន។ អាជ្ញាធរខេត្តបានធ្វើការដើរល្បាតត្រួតពិនិត្យនៅតាមខ្សែបន្ទាត់ព្រំដែន ជាឯកតោភាគីជាប់ជាប្រចាំ ក៏ដូចជាដាក់ចេញនូវវិធានការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសការលួចនាំមនុស្សឆ្លងដែនខុសច្បាប់ជាដើម។ នេះបើតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការនគរបាលខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា បញ្ហាព្រំដែនរវាងកម្ពុជា-វៀតណាម បានដោះស្រាយបានចំនួន៨៤% ខណៈដែល១៦%ដែលសេសសល់នៅជាប់គាំង ហើយគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរនៅបន្តចរចាប្រកបដោយសុឆន្ទៈបន្ថែមទៀត។ នេះបើតាមលោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ