អានតួអត្ថបទ
កម្ពុជា-នយោបាយ

មន្រ្តីបក្សភ្លើងទៀនចំនួន២រូបទៀតត្រូវចាប់ខ្លួនក្រោមបទចោទបង្កចលាចលដល់ការបោះឆ្នោត

មន្រ្តីគណបក្សភ្លើងទៀនចំនួន ២រូបទៀត ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃទី១៧ ខែកក្កដា ក្រោមបទចោទប្រកាន់ថា បង្កចលាចលដល់ការបោះឆ្នោត។ ការចាប់ខ្លួននេះ រំលងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគណបក្សភ្លើង​ទៀនចេញ​សេច​ក្តី​ថ្លែង​ការណ៍​ ​អំពាវ​នាវ​ឲ្យ​ដោះ​លែង​សមាជិកចំនួន ​២​រូប​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ការ​ចោទ​ប្រ​កាន់​ថា​ «ញុះញង់​ឲ្យ​ពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ចោល»។

គណបក្សភ្លើងទៀនចំនួន
គណបក្សភ្លើងទៀនចំនួន © Internet
ផ្សាយពាណិជ្ជកម្ម

សមត្ថកិច្ចបានចាប់ខ្លួនមន្រ្តីគណបក្សភ្លើងទៀនចំនួន២រូបទៀត តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកក្កដា ដោយចោទប្រកាន់ពួកគេថា បានបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (បង្កចលាចលដល់ការបោះឆ្នោត)។ មន្រ្តីគណបក្សភ្លើងទៀនចំនួន២រូបដែលត្រូវបានចាប់ខ្លួនទៀតនេះ មានដូចជា អ្នកស្រី វង រុន្នី ប្រធានចលនាស្ត្រីថ្នាក់ជាតិគណបក្សភ្លើងទៀន និង​​លោក អេង ស្រូយ ប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តត្បូងឃ្មុំ​។

ការចាប់ខ្លួនមន្រ្តីគណបក្សភ្លើងទៀនចំនួន២រូបទៀតនេះ ធ្វើឡើងក្រោយមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគណបក្សភ្លើងទៀនចេញសេចក្តីថ្លែងការណ៍ អំពាវនាវឲ្យដោះលែងសមាជិករបស់ខ្លួនចំនួន ២រូប ដែលត្រូវបានចាប់ខ្លួនក្រោមការចោទប្រកាន់ថា «ញុះញង់ឲ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល» កាលពីពេលថ្មីៗនេះ។ គណ​បក្ស​ភ្លើងទៀន ចាត់​ទុក​ការ​​ចាប់​ឃុំ​មន្រ្តីខ្លួន​នេះថា​ធ្វើ​ឡើង​ដោយ​អយុត្តិធម៌​ ខណៈ​គណ​បក្ស​​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រកួត​ប្រជែងការបោះឆ្នោតថ្នាក់ជាតិផងនោះ។​

ការចាប់ខ្លួនមន្រ្តីគណបក្សភ្លើងទៀនជាបន្តបន្ទាប់មកនេះ ត្រូវបានអ្នកវិភាគបញ្ហាសង្គម និងនយោ​បាយមួយចំនួនលើកឡើងថា មិនមែនជារូបភាពល្អនៅមុនការបោះឆ្នោតថ្នាក់ជាតិឡើយ ខណៈការបោះឆ្នោតនេះ បាននិងកំពុងទទួលរងនូវការរិះគន់ពីសហគមន៍អន្តរជាតិ។

សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះមានមន្រ្តីគណបក្សភ្លើងទៀនចំនួន ៤រូបហើយត្រូវបានចាប់ខ្លួន​​​ក្នុងនោះមាន លោក លី រី សមាជិកគណកម្មាធិការនាយក និងលោក ប៊ុន ខេត ជាប្រធានស្តីទីប្រតិបត្តិ រាជធានីភ្នំពេញ នៃគណបក្សភ្លើងទៀន ត្រូវបានតុលាការសម្រេចឃុំខ្លួនក្រោមបទចោទប្រកាន់ ​«ញុះ​ញង់​បង្កភាពវឹកវរធ្ងន់ធ្ងរ ដល់សន្ដិសុខសង្គម»។ ចំណែក២រូបទៀត គឺអ្នកស្រី វង រុន្នី ប្រធានចលនាស្ត្រីថ្នាក់​ជាតិគណបក្សភ្លើងទៀន និងលោក អេង ស្រូយ ប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តត្បូងឃ្មុំ ដែលទើបនឹងចាប់ខ្លួនកាលពីម្សិលមិញ។

ក្រោយពីចាប់ខ្លួនអ្នកទាំងនេះ គេកត់សម្គាល់ឃើញថា មានមួយចំនួនបានចេញវីដេអូ និងសរសេរលិខិតសុំទោសលោក ហ៊ុន សែន និងបានទម្លាក់កំហុសរបស់ខ្លួនដោយភ្ជាប់នឹងលោក សម រង្ស៊ី ទៅវិញ ជាពិសេសគឺ លោក ប៊ុន ខេត។ លោក ហ៊ុន សែន តាម​រយៈ​តេឡេក្រាម បានចោទ​សួរទៅគណបក្ស​ភ្លើងទៀនថា ត្រូវទទួលខុសត្រូវបែបណាលើរឿងនេះ ខណៈសមាជិកដែលប្រព្រឹត្តខុសទើបបញ្ជាក់ពីការធ្វើខុសរបស់ខ្លួន ដែលក្នុងនោះមានទាំងបញ្ជាក់ពីការធ្វើតាមបទបញ្ជារបស់លោក សម រង្ស៊ី ផងនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ