អានតួអត្ថបទ
កម្ពុជា-សង្គម

Freedom House ថា សេរីភាពជាមូលដ្ឋានរបស់កម្ពុជាឈរនៅបាតតារាង ខណៈមន្ត្រីជំទាស់

«នៅក្នុងឆ្នាំ២០២៣សេរីភាពជាមូលដ្ឋានរបស់កម្ពុជាធ្លាក់ដល់បាតតារាង»។ ចំណាត់ថ្នាក់នេះត្រូវបានផ្ដល់ពិន្ទុដោយអង្គការឃ្លាំមើលសេរីភាព Freedom House នៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្ដីពីសេរីភាពក្នុងពិភពលោកដែលចេញផ្សាយនៅថ្ងៃទី១៨កក្កដាម្សិលមិញ។ Freedom House ហ៊ានឲ្យចំណាត់ថ្នាក់កម្ពុជាយ៉ាងដូច្នេះ គឺយោងលើទិដ្ឋភាពនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយដែលត្រូវបានរឹតបន្តឹងយ៉ាងតឹងរ៉ឹង ខណៈសេរីភាពនៃការបញ្ចេញមតិនិងការជួបប្រជុំត្រូវបានគាបសង្កត់យ៉ាងធ្ងន់ធ្ងរ ទាំងនៅលើអ៊ីនធឺណិត និងនៅក្នុងសង្គម។ រីឯគណៈកម្មការសិទ្ធិមនុស្សកម្ពុជាចាត់ទុករបាយការណ៍របស់ Freedom Houseកាន់ជើងបក្សប្រឆាំងនិងក្រុមប្រឆាំង។ 

រូបតំណាង
រូបតំណាង © សហការី
ផ្សាយពាណិជ្ជកម្ម

បើតាមFreedom House សេរីភាពជាមូលដ្ឋាននៅកម្ពុជាបានធ្លាក់ចុះដល់កម្រិតដុនដាបក្នុងពិន្ទុ២៤/១០០។ កម្រិតពិន្ទុនេះគេចែកជាបីបន្ថែ​មទៀត ស្ថានភាពនៃសិទ្ធិនយោបាយនៅកម្ពុជាបានធ្លាក់ចុះនៅត្រឹម៥ពិន្ទុ/៤០ពិន្ទុ សេរីភាពខាងសង្គមស៊ីវិលបាន១៩ពិន្ទុ/៦០ពិន្ទុ ខណៈសេរីភាពបណ្តាញអ៊ិនធឺណិតវិញបាន៤៣ពិន្ទុ/១០០ពិន្ទុ។

សម្រាប់ Freedom House ការផ្ដល់ពិន្ទុខាងលើ គឺយោងទៅលើទិដ្ឋភាពនយោបាយនៅកម្ពុជាដូចជាៈការបោះឆ្នោតរៀបចំឡើងដោយគ្មានបក្សប្រឆាំង ការបន្តយាយីលើអ្នកនយោបាយបក្សភ្លើងទៀន ការបង្កើតបទចោទកាន់តែច្រើនឡើង​លើលោក សម រង្ស៊ី  ការធ្វើវិសោធនកម្មបោះឆ្នោតដែលប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ ដើម្បីបើកផ្លូវឱ្យលោក ហ៊ុន ម៉ាណែត បន្តវេនជានាយករដ្ឋមន្ត្រី ជាដើម។  លើសពីនេះទៀត ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិល ជារឿយៗត្រូវបានកំណត់គោលដៅបង្ក្រាបដោយសារតែការរិះគន់ចំពោះអ្នកមានអំណាច។

អ្នកនាំពាក្យគណកម្មការសិទ្ធិមនុស្សកម្ពុជាលោក កត្តា អន ថ្លែងបានថ្លែងឲ្យដឹងនៅថ្ងៃទី១៩កក្កដានេះថា របាយការណ៍របស់ Freedom House​ កំពុងប្រាចាកពីភាពពិតជាក់ស្ដែង។ ភាពពិតជាក់ស្ដែងរបស់ប្រទេសកម្ពុជា នៅពេលនេះប្រជាជនកំពុងរីករាយក្នុងការប្រើប្រាស់សិទ្ធិ តាមរយៈត្រៀមខ្លួនទៅបោះឆ្នោតជាតិនៅចុងសប្ដាហ៍នេះ ហើយគណបក្សនយោបាយទាំង១៨ កំពុងឃោសនារកសំឡេងឆ្នោតដោយសេរី និងគ្មានការគំរាមកំហែង។​ លោកបន្ថែមថា ការវាយតម្លៃសេរីភាពជាមូលដ្ឋានរបស់កម្ពុជាឈរនៅបាតតារាងពីសំណាក់Freedom House ជាការចង់កំហឹងមករដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយគាំទ្រទៅលើគណបក្សប្រឆាំងដែលល្មើសច្បាប់ និងកំពុងរុញកម្ពុជាឲ្យក្លាយជាប្រទេសអនាធិបតេយ្យ។

អ្នកនាំពាក្យរូបនេះបានផ្ដល់យោបល់ទៅ Freedom Houseថា មុនចេញរបាយការណ៍ត្រូវមានព័ត៌មានច្បាស់លាស់និងវាយតម្លៃទៅលើស្ថានភាពជាក់ស្ដែងក្នុងសង្គម មិនមែនអង្គុយស្ដាប់របាយការណ៍ឬស្ដាប់ព័ត៌មាន ហើយសសេរតាមអារម្មណ៍ពេញចិត្តឬមិនពេញចិត្ត ដើម្បីវាយតម្លៃប្រទេសណាមួយនោះទេ។​ 

គួរជម្រាបជូនថា ការចេញផ្សាយរបាយការណ៍របស់Freedom House ធ្វើឡើងបន្ទាប់ពីតំណាងកម្ពុជាប្រាប់UNថា លំហរពលរដ្ឋនិងនយោបាយនៅកម្ពុជាមានភាពសេរីនិងបើកចំហរ។ ការអះអាងនេះធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៣ស្ដីពីស្ថានភាពសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី១៦មិថុនាដល់ថ្ងៃទី១៤កក្កដាឆ្នាំ២០២៣។ ផ្ទុយពីFreedom House ស្ថានបេសកម្មអចិន្ទ្រៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិអះអាងថា លំហរពលរដ្ឋនិងនយោបាយនៅកម្ពុជាមានភាពសេរីនិងបើកចំហរ ស្ដែងឡើងតាមរយៈភាពរស់រវើករបស់អង្គការមិនមែនរដ្ឋាភិបាលចំនួន៦០​០០​​និងអង្គភាពព័ត៌មានជាង២០០០ ប្រតិបត្តិការការងារដោយសេរី គ្មានការត្រួតពិនិត្យ រឹតត្បិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ