អានតួអត្ថបទ
កម្ពុជា-នយោបាយ

HRW ស្នើឲ្យអាជ្ញាធរខ្មែរបញ្ឈប់ការបង្ក្រាបលើសកម្មជនបក្សប្រឆាំង ខណៈការបោះឆ្នោតជិតមកដល់

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានស្នើឲ្យអាជ្ញាធរកម្ពុជាបញ្ឈប់នូវរាល់សកម្មភាពបង្ក្រាបជាបន្តបន្ទាប់ទៅលើសកម្មជននយោបាយនៃគណបក្សភ្លើងទៀន នាខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងធ្វើឡើងនៅថ្ងៃទី២៣កក្កដាខាងមុខនេះ។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីសកម្មជនរបស់គណបក្សភ្លើងទៀន យ៉ាងហោច៦នាក់ ត្រូវបានអាជ្ញាធរបង្រ្កាប និងចាប់ខ្លួននៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ 

គណបក្សភ្លើងទៀន
គណបក្សភ្លើងទៀន © Internet
ផ្សាយពាណិជ្ជកម្ម

យ៉ាងហោចណាស់មានសកម្មជនគណបក្សភ្លើងទៀនចំនួន៦នាក់ ត្រូវបានអាជ្ញាធរកម្ពុជាបង្រ្កាប និងចាប់ខ្លួនពីបទបំពាននានាទាក់ទងទៅនឹងការរារាំងដំណើរការនៃការបោះឆ្នោត។ របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃពុធ បានឲ្យដឹងថា សកម្មជនទាំង៦នោះ មានជាអាទិ៍ លោក ស៊ុំ​ ទិត្យា លោក ថុល សំណាង លោក ខឹម មុនីកុសល លោក លី រី លោក ប៊ុន ខេត លោក អេង ស្រូយ និងលោកស្រី វង រុន្នី។

សម្រាប់លោក ស៊ុំ ទិត្យា គឺអាជ្ញាធរចោទ​ប្រកាន់តាមរយៈការប្រើប្រាស​ហ្វេសប៊ុក​ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២២ ពីបទ «ប្រមាថ​ព្រះមហាក្សត្រ និងញុះញង់​ឲ្យ​មាន​ភាព​ចលាចល​ក្នុង​សង្គម​ក្នុង​ប្រទេស​កម្ពុជា» ។ នេះបើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ។ លោក ស៊ុំ ទិត្យា បានភៀសខ្លួនចេញពីកម្ពុជា និងត្រូវបានអាជ្ញាធរដាក់ក្នុងបញ្ជីខ្មៅ។

រីឯលោក ថុល សំណាង សកម្មជនគណបក្សភ្លើងទៀនក្នុងខេត្តកណ្តាល ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន នៅថ្ងៃសុក្រទី៧កក្កដា ក្រោយសកម្មជនរូបនោះ បានភៀសខ្លួនទៅដល់ប្រទេសថៃ ដើម្បីស្នើសុំការការពារ។ តាមរបាយការណ៍របស់ HRW គឺ អាជ្ញាធរថៃបានចាប់ខ្លួនលោក ថុល សំណាង ដោយសម្ងាត់ និងមិនទាន់ដឹងថា ត្រូវបានឃុំខ្លួននៅទីណានៅឡើយ។

ដោយឡែកលោក ខឹម មុនីកុសល ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តប៉ៃលិន នៅថ្ងៃទី១៣កក្កដា ក៏បានភៀសខ្លួនចេញពីកម្ពុជា ដើម្បីគេចពីការចាប់ខ្លួន។ នេះតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស។

រីឯលោក លី រី លោក ប៊ុន ខេត លោក អេង ស្រូយ និងលោកស្រី វង រុន្នី គឺត្រូវបានចោទប្រកាន់ពីការរារាំងដល់ដំណើរការបោះឆ្នោតខាងមុខ និងធ្វើយុទ្ធនាការឲ្យប្រជាពលរដ្ឋទៅគូសសន្លឹកឆ្នោតចោល ដែលជាការបំពានច្បាប់បោះឆ្នោត ដែលរដ្ឋាភិបាលកម្ពុជាទើបតែធ្វើវិសោធនម្ម។

នៅចំពោះមុខនៃការបង្រ្កាបទាំងអស់នេះ លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស ថារដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបង្រ្កាបលើទៅសកម្មជនបក្សភ្លើងទៀន ដោយរបៀបផ្តាច់ការ បើទោះបីជាគណបក្សប្រឆាំងមួយនេះមិនអាចចូលរួមការបោះឆ្នោតខាងមុខក្តី។

តែយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថារបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ធ្វើឡើងដោយគ្មានមូលដ្ឋាន​ និងបង្កប់ចេតនានយោបាយគាំទ្របក្សប្រឆាំង។ នៅចំពោះមុខនៃការចាប់ខ្លួនសកម្មជនទាំងនោះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុតិ្តធម៌ ថា ព្រោះអ្នកទាំងនោះបានប្រព្រឹត្តខុសទៅនឹងច្បាប់កម្ពុជា ហើយលោកក៏បានចោទសួរទៅវិញថា ចុះសកម្មជនដទៃទៀត ម្តេចមិនរងក៏បង្រ្កាប ព្រោះអ្នកទាំងនោះមិនបានធ្វើសកម្មភាពបំពានច្បាប់ និងជាពិសេសច្បាប់បោះឆ្នោតដែលទើបនឹងធ្វើវិសោធនកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ