អានតួអត្ថបទ
កម្ពុជា-នយោបាយ

ការលើកឡើងរបស់លោក ខាន់ ចាន់សុផល គ.ជ.ប រង់ចាំពាក្យបណ្តឹងដើម្បីចាត់វិធានការ

អ្នកគាំទ្រម្នាក់របស់គណបក្សកាន់អំណាចបានលើកឡើងនៅលើបណ្តាញសង្គមថាមានការតម្រូវឱ្យម្ចាស់ឆ្នោតផ្តិតមេដៃ​ និងមានការធ្វើកោសល្យវិច័យលើសន្លឹកឆ្នោត។ សកម្មជនសង្គម អ្នកឃ្លាំមើលសិទ្ធិមនុស្ស កំពុងរង់ចាំមើលចំណាត់ការ ចំពោះការលើកឡើងខាងលើនេះ ព្រោះពួកគេយល់ថាការលើកឡើងនេះប៉ះពាល់ដល់ភាពសម្ងាត់នៃការបោះឆ្នោត។ ប៉ុន្តែ គ.ជ.ប ក៏រង់ចាំមានពាក្យបណ្តឹង ដើម្បីចាត់វិធានការ និងបន្តឃ្លាំមើលបន្ថែមទៀត។

ប្រជាពលរដ្ឋទៅបោះឆ្នោត (រូបតំណាង)
ប្រជាពលរដ្ឋទៅបោះឆ្នោត (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

លោក ខាន់ ចាន់សុផល ដែលគេស្គាល់ថាជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាម្នាក់ បានផ្សព្វផ្សាយជាវីដេអូ នៅលើទំព័រហ្វេសប៊ុក ឈ្មោះ Khan Chansophal ថា “គូសខ្វែងសន្លឹកឆ្នោត សួរថា គ.ជ.ប រដ្ឋាភិបាលដឹងដោយរបៀបណា?....គឺតាមរយៈក្រយៅដៃ តែបើអ្នកឯងគូសខ្វែងចោល នោះមិនមែនសម្ងាត់ទៀតទេ ព្រោះគេនឹងយកសន្លឹកឆ្នោត ដែលគូសខ្វែងនោះ ធ្វើកោសល្យវិច័យ”។ ជាការធ្វើកោសល្យវិច័យស្នាមមេដៃ ដែលជាប់នៅលើសន្លឹកឆ្នោត។ នេះបើតាមលោក ខាន់ ចាន់សុផល។

សារតាមបណ្តាញសង្គមរបស់លោក ខាន់ ចាន់សុផល គឺជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់អ្នកនយោបាយក្រៅប្រទេស​​ ដែលជំរុញឲ្យពលរដ្ឋទៅបោះឆ្នោត តែគូសសន្លឹកឆ្នោតចោល ដោយយល់ថាការបោះឆ្នោតនេះ មិនត្រឹមត្រូវ ក្រោយពីគណបក្សជំទាស់ ដែលអាចជាគូប្រកួតគីឡួប្រហាក់ប្រហែលគណបក្សប្រជាជន មិនអាចចូលរួមការបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដានេះ។

ទាំងសកម្មជនសង្គម ទាំងអ្នកការពារសិទ្ធិមនុស្ស ទាំងសាធារជន កំពុងតែរងចាំមើលចំណាត់ការចំពោះការលើកឡើងរបស់ លោក ខាន់ ចាន់សុផល ព្រោះពួកគេយល់ថាការលើកឡើងនេះ ធ្វើឱ្យបាត់បង់ទំនុកចិត្តលើកការសម្ងាត់នៃការបោះឆ្នោត។

“រដ្ឋធម្មនុញ្ញ មាត្រា៧៦ បានចែងថាការបោះឆ្នោតធ្វើជាសម្ងាត់។ ហេតុនេះប្រសិនបើមានជនណាអះអាងថា គេដឹងថាអ្នកបោះឆ្នោតឱ្យនរណា, នោះជាការបំភិត បំភ័យ និងបំពានសិទ្ធិរបស់អ្នកបោះឆ្នោត និងបំពានច្បាប់ហើយ។” នេះបើតាមលោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ដែលបានលើកឡើងនៅថ្ងៃទី២១ ខែកក្កដានេះ តាមរយៈទំព័រហ្វេសប៊ុកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា។

លោក ហង្ស ពុទ្ធា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា សន្លឹកឆ្នោតដែលគូសនៅក្នុងបន្ទប់សម្ងាត់ គឺមិនមានអ្នកណាដឹងទេ ហើយក៏មិនមានការធ្វើកោសល្យវិច័យ រកម្ចាស់សន្លឹកឆ្នោតដែរ។ លោកបន្តថា ការបកស្រាយរបស់អ្នកប្រើប្រាស់បណ្តាញសង្គមខាងលើ គឺមិនត្រឹមត្រូវទៅតាមច្បាប់ទេ មិនមានចំណុចណាមួយនៃនីតិវិធីតម្រូវឲ្យអ្នកបោះឆ្នោតត្រូវផ្តិតមេដៃនោះទេ។

ឆ្លើយនឹងសំនួរ ថាតើ គ.ជ.ប នឹងមានចំណាត់ការបែបណាចំពោះការលើកឡើងរបស់ លោក ខាន់ ចាន់សុផល អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា មិនមានពាក្យបណ្តឹងអំពីបញ្ហានេះទេ។ លោកបន្តថាអំឡុងពេលនៃការឃោសនាបោះឆ្នោត ប្រសិនបើមានពាក្យបណ្តឹង គ.ជ.ប នឹងចាត់វិធានការ ហើយបើគ្មានពាក្យបណ្តឹងទេ គ.ជ.ប នឹងឃ្លាំមើលស្វែងរកភស្តុតាងជាបណ្តើរៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ