អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្សនយោបាយទាំង១៨ បិទបញ្ចប់យុទ្ធនាការតាមទម្រង់ដដែលដូចពិធីបើក

នៅថ្ងៃទី២១ ខែកក្កដានេះ គឺជាថ្ងៃបញ្ចប់នៃយុទ្ធនាការឃោសនារកសម្លេងឆ្នោតរបស់គណបក្សនយោបាយចំនួន១៨ ដែលបានចូលរួមនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ គណបក្សមួយចំនួនបានបិទបញ្ចប់យុទ្ធនាការរបស់ខ្លួនដោយការជួបជុំនិងដង្ហែរក្បួនទ្រង់ទ្រាយធំ ដូចកាលពីការចាប់ផ្តើមដែរ ហើយគណបក្សក្រៅរដ្ឋាភិបាលភាគច្រើនបានបញ្ចប់ការឃោសនាក្នុងទម្រង់រូបភាពតូចតាច តាមលទ្ធភាពធនធានមនុស្ស និងហិរញ្ញវត្ថុរបស់ពួកគេ។ 

គណបក្សនយោបាយទាំង១៨
គណបក្សនយោបាយទាំង១៨ © Internet
ផ្សាយពាណិជ្ជកម្ម

មិនខុសគ្នាពីការបើកនោះទេ គណបក្សប្រជាជនកម្ពុជាប្រចាំរាជធានីភ្នំពេញបានបិទបញ្ចប់យុទ្ធនាការឃោសនារបស់ខ្លួន ដោយជួបប្រជុំគ្នាធំនៅកោះពេជ្រ ដើម្បីស្តាប់ការថ្លែងការណ៍របស់លោក ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីអនាគត។ បន្ទាប់ពីនេះអ្នកគាំទ្រគណបក្សប្រជាជនបានដង្ហែរក្បួនទៅតាមខណ្ឌរៀងៗខ្លួន។ នៅតាមបណ្តាខេត្តនានា គណបក្សប្រជាជនកម្ពុជាក៏បានរៀបចំបញ្ចប់យុទ្ធនាការតាមទម្រង់ដូចគ្នាដែរ។

ជាមួយគ្នានេះ ក្រោមដំណក់ភ្លៀងនាព្រឹកព្រលឹម គណបក្សរាជានិយមហ្វុនស៊ិនប៉ិច ក៏បានរៀបចំការដង្ហែរក្បួននៅថ្ងៃចុងក្រោយនេះ តាមរូបភាពទ្រង់ទ្រាយធំដែរនៅភ្នំពេញ ដែលដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្ស។ ដោយឡែក គណបក្សខ្មែររួបរួមជាតិដែលដឹកនាំដោយលោក ញឹក ប៊ុនឆៃ បានផ្តោតការដង្ហែរក្បួនធំចុងក្រោយនៅខេត្តកំពង់ចាមសម្រាប់ពេលព្រឹក និងបញ្ចប់នៅរាជធានីភ្នំពេញនាពេលរសៀល ខណៈមេដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រមូលផ្តុំគ្នាជាក្រុមតូចៗ ធ្វើសេចក្តីថ្លែងការណ៍ស្តីពីគោលនយោបាយរបស់ខ្លួននៅតាមទីសាធារណៈនានា។

ចំពោះគណបក្សនយោបាយក្រៅរដ្ឋាភិបាលផ្សេងៗទៀតដូចជាគណបក្សខ្មែរតែមួយ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សកសិករ គណបក្សធម្មាធិបតេយ្យ គណបក្សប្រំណងពលរដ្ឋ គណបក្សយុវជនកម្ពុជា គណបក្សខ្មែរឈប់ក្រ គណបក្សស្ត្រីដើម្បីស្ត្រី និងគណបក្សមួយចំនួនទៀត គឺសុទ្ធសឹងតែធ្វើការឃោសនាតាមរូបភាពតូចៗ ក្នុងនោះមានការជិះរថយន្ត និងម៉ូតូ នៅតាមបណ្តាខេត្តរាជធានី ចែកខិតប័ណ្ណគោលនយោបាយគណបក្សដល់ពលរដ្ឋនៅតាមគេហដ្ឋាន កន្លែងប្រកបអាជីវកម្ម នៅតាមទីប្រជុំជននានាចាប់តាំងពីខេត្តរាជធានីរហូតដល់ស្រុកភូមិចុងកាត់មាត់ញ៉ក។

សូមបញ្ជាក់ថា អស់រយៈពេល២០ថ្ងៃកន្លងទៅនេះ គណបក្សនយោបាយទាំង១៨ បានបើកយុទ្ធនាការស្វែងរកសម្លេងឆ្នោតតាមលទ្ធភាព និងមធ្យោបាយរៀងៗខ្លួន។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានវាយតម្លៃថា បរិយាកាសទូទៅនៃយុទ្ធនាការឃោសនាបោះឆ្នោតបានប្រព្រឹត្តទៅល្អ ខណៈអ្នកតាមដានសង្គមមួយចំនួនយល់ឃើញថា ការឃោសនារបស់គណបក្សនយោបាយពេលនេះ មិនសូវមានការចាប់អារម្មណ៍ ក៏ព្រោះតែការបោះឆ្នោតពេលនេះ មិនមានគូប្រជែងស្រួចស្រាល់។ សូមបញ្ជាក់ដែរថា ក្រោយបញ្ចប់យុទ្ធនាការនៅថ្ងៃសុក្រនេះ ថ្ងៃទី២២ ខែកក្កដាស្អែក គឺជាថ្ងៃស្ងប់ស្ងាត់ ឬថ្ងៃស ដោយប្រជាពលរដ្ឋត្រៀមលក្ខណៈចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដាខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ