អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន ប្រាប់បណ្តាញផ្សព្វផ្សាយរបស់ចិនថា មួយខែទៀតលោកនឹងអស់អំណាច

ការ​ប្រកាស​អស់​អំណាច​របស់​លោក​ ហ៊ុន ​សែន ​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​បទ​សម្ភាស​មួយ​ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃទី​២០​កក្កដា​ ថ្មីៗ​នេះ ​ដោយ​ទូរទស្សន៍​រដ្ឋ​របស់​ចិន​ឈ្មោះថា​ Phoenix TV​។​ បន្ទាប់ពី​កាន់​អំណាច​ជិត​៤០​ឆ្នាំ​ នាយក​រដ្ឋ​មន្ត្រី​យូរ​ជាង​គេ​រូប​នេះ ​ឆ្លើយ​តប​នឹង​សំណួរ​របស់​ស្ត្រីជា​អ្នក​សារ​ព័ត៌​មាន​នោះ​ថា ​លោក​ ហ៊ុន​ ម៉ាណែត ​កូន​ប្រុស​របស់​លោក​ អាច​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ ដែល​នៅ​សល់​ពេល​តែ​១​ខែ​ទៀត​ប៉ុណ្ណោះ​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © Internet
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាន់​អំណាច ​៣៨ឆ្នាំ​មក​ហើយ អះ​អាង​ថា​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន​ ម៉ាណែត ដែល​ជា​បេក្ខភាព​នាយករដ្ឋមន្រ្តី​របស់​គណបក្ស​កាន់​អំណាច អាច​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ភ្លាមៗ ខណៈលោកគូសបញ្ជាក់ថា បេក្ខជននាយក​រដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជាមានដល់ទៅ២រូប​។ ២រូបគឺលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី​ស្រាប់ និងលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយ​ក​រដ្ឋមន្ត្រី​អនាគត។

​នៅ​ក្នុង​បទសម្ភាសន៍​ទូរទស្សន៍រដ្ឋ​របស់ចិន​ឈ្មោះថា Phoenix TV លោក ហ៊ុន សែន ថ្លែង​ថា៖ ចាំ​មើល​ប្រជាជនចេញទៅ​បោះឆ្នោត​ប៉ុន្មាននាក់។ ហើយ​ថា​មិន​ត្រូវ​នៅ​ត្រឹម​តែ​បី​បួន​អាទិត្យ​ទៀត លោក ហ៊ុន ម៉ាណែត អាច​ក្លាយ​ទៅ​ជា​នាយក​រដ្ឋមន្ត្រី​ ក៏​ថា​បាន ខណៈលោកជឿ​ថា​ កូនប្រុស​ច្បងរបស់លោក​រូបនេះ មាន​លទ្ធភាព​ខ្ពស់​ជាងនេះ។

លោក ហ៊ុន សែន​ អះអាងថា លោក​គឺ​ជា​អ្នក​លះបង់​ធំ​ជាង​គេ​ ដោយ​សារតែ​ពេល​នេះលោក​កំពុង​មាន​អំណាច​ពេញ​ដៃ ប៉ុន្តែ​ត្រូវ​លះបង់​អំណាច​ ដើម្បី​សន្តិភាព​ប្រទេស មិនមែនលះបង់អំណាច​ដើម្បី​កូន​របស់លោកនោះ​ទេ។ ជាមួយ​នឹងការអះអាងថាលោក ហ៊ុន ម៉ាណែត នឹង​បម្រើ​ប្រជាជន​ល្អ​ជាងឳពុក​របស់​ខ្លួននោះ លោក ហ៊ុន សែន ចំអក​ឱ្យ​អ្នក​ទិតៀន​បង្កើន​ការ​ទិតៀន​ថែម​ទៀត។

ការ​បង្ហើបពីការ​ចូលកាន់តំណែងជានាយក​រដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត ពីសំណាក់​លោក ហ៊ុន សែន គឺ​ស្របពេល​ដែល​កន្លងមកនេះមាន​ការបញ្ចេញ​លខិត​ព្រាង​សមាសភាពគណៈរដ្ឋមន្ត្រី​បន្ត​វេន​​ក្រោយ​ការ​បោះឆ្នោត​ថ្ងៃទី២៣​កក្កដា​។ តាម​លិខិត​ដែល​ត្រូវបាន​ការ​សម្រួលជាលើកចុង​ក្រោយ​បំផុត​នៅអំឡុង​ខែ​កុម្ភៈ​២០២៣នោះ គឺបង្ហាញថា លោក ហ៊ុន ម៉ាណែត ជានាយ​ក​រដ្ឋមន្ត្រី អម​ដោយ​ឧបនាយក​រដ្ឋមន្ត្រី​ចំនួន​១០​រូប ដូចជា លោក នេត សាវឿន លោក ស សុខា កាន់​ក្រសួង​មហាផ្ទៃ លោក ទៀ សីហា កាន់​ក្រសួង​ការពារជាតិ លោក កើត រិទ្ធិ នៅក្រសួង​យុត្តិធម៌ដដែល លោក សាយ សំអាល់ ទៅកាន់​ក្រសួង​ដែនដី ។

ដោយឡែក ក៏មាន​រដ្ឋមន្ត្រី​ខ្លះ​ដូចជា លោក ស៊ុន ចាន់ថុន ត្រូវដំឡើងជាឧបនាយក​រដ្ឋមន្ត្រី​តែ​មិនកាន់​ក្រសួងណាមួយនោះទេ។ ចំណែក លោក អ៊ូន ព័ន្ធមុនីរ័ត្ន នៅកាន់​ក្រសួង​សេដ្ឋកិច្ច​ដដែល ខណៈលោក ហង់ ជួនណារ៉ុន ក៏ត្រូវតំឡើងជាឧបនាយករដ្ឋមន្ត្រីបន្ត​កាន់​​ក្រសួអប់រំ។

លើសពីនេះ លោក សុខ ចិន្តាសោភា ទៅកាន់​ក្រសួងការបរទេស ហើយ​លោក វង្សី វិសុទ្ធ ទៅកាន់ទីស្តីការគណៈ​រដ្ឋមន្ត្រី ដោយដំឡើងជាឧបនាយក​រដ្ឋមន្ត្រី។

តាម​បញ្ជីសមាសភាពគណៈរដ្ឋមន្ត្រីថ្មីនោះ គឺមានរដ្ឋមន្ត្រីនៅតាម​ក្រសួង​និង​រដ្ឋលេខាធិការដ្ឋានសរុបចំនួន៣០ ហើយ​ស្ទើរតែទាំងអស់ គឺជារដ្ឋមន្ត្រី​ថ្មី ក្នុង​នោះ​នៅសល់​រដ្ឋមន្ត្រីចាស់​តែ៩​ក្រសួងប៉ុណ្ណោះ ខណៈ​លោក ហ៊ុន ម៉ានី ទៅកាន់​ក្រសួង​មុខងាសាធារណៈ។

ទោះជាយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​អះអាងថា បញ្ជីឈ្មោះ​រដ្ឋមន្ត្រីថ្មី​ទាំងនោះមិន​ទាន់​ចាត់ទុកជាផ្លូវការនៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ