អានតួអត្ថបទ
កម្ពុជា-សង្គម

អាជ្ញាធរឥណ្ឌូនេស៊ី ថាមានការជួញដូរសរីរាង្គមនុស្សមកកម្ពុជា តែអាជ្ញាធរខ្មែរថាមិនទាន់ទទួលបានព័ត៌មាន

អាជ្ញាធរ​ឥណ្ឌូនេស៊ី ​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន​១២​នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​សរីរាង្គ ​(លក់​ក្រលៀន)​ ជន​រងគ្រោះ​ជាង​១០០នាក់​ ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។​ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន ​Reuters ​នៅ​ថ្ងៃ​សុក្រ។ ​យ៉ាងណា​មិញ​ អាជ្ញាធរ​កម្ពុជា​បាន​បញ្ជាក់​ថា​ ខ្លួន​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ ​ហើយ​បាន​ស្នើឲ្យ​អាជ្ញាធរ​ឥណ្ឌូនេស៊ី ​សហការ​រក​ទីតាំង​ទិញ​លក់​សរីរាង្គ​ ជា​ជាង​ចោទ​ប្រកាន់​មក​លើ​ប្រទេស​កម្ពុជា។​

ការបង្ក្រាបជនឥន្ដោប្រវេសន៍ខុសច្បាប់ដែលឆ្លងចូលមកកម្ពុជាកន្លងមក
ការបង្ក្រាបជនឥន្ដោប្រវេសន៍ខុសច្បាប់ដែលឆ្លងចូលមកកម្ពុជាកន្លងមក © Internet
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរឥណ្ឌូណេស៊ីបានចាប់ខ្លួនមនុស្ស ១២នាក់ រួមទាំងប៉ូលិសម្នាក់ និងមន្ត្រីអន្តោប្រវេសន៍ម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទជួញដូរមនុស្ស ១២២នាក់ មកកម្ពុជា ដើម្បីលក់ក្រលៀន។ ប្រភពដែលជាប្រធានផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មនៅ Jakarta លោក Hengki Haryadi បានអះអាងថា មនុស្សទាំង១២នាក់ ត្រូវបានចោទប្រកាន់ពីបទជ្រើសរើសមនុស្សមកពីទូទាំងប្រទេសឥណ្ឌូនេស៊ី តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបញ្ជូនពួកគេមកប្រទេសកម្ពុជាដើម្បីវះកាត់ប្តូរក្រលៀន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Reuters។

បើតាមប្រភពដដែល គឺជនរងគ្រោះទាំង១១២រូប បានយល់ព្រមលក់សរីរាង្គរបស់ពួកគេដោយសារតែត្រូវការប្រាក់ ខណៈភាគច្រើនជាអ្នកបាត់បង់ការងារក្នុងអំឡុងពេលវិបត្តិកូវីដ១៩។ ជាថ្នូរមកវិញ ការលក់ក្រលៀននោះ គឺជនរងគ្រោះទទួលបានប្រាក់ចំនួន ១៣៥លានរូពី ដែលស្មើនឹងប្រមាណ ៩០០៩ដុល្លារអាមេរិក នៅក្នុងម្នាក់។

យ៉ាងណាមិញ ព័ត៌មានពីការជួញដូរសរីរាង្គមនុស្សចូលមកទឹកដីកម្ពុជានេះ អាជ្ញាធរកម្ពុជាថាខ្លួនមិនទាន់បានទទួលព័ត៌មាននៅឡើយនោះទេ។ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសៅរ៍នេះ ដោយមិនបដិសេធថា បញ្ហាជួញដូរសរីរាង្គ ឬការលក់ក្រលៀន ចូលមកទឹកដីកម្ពុជា ថាជាការពិតឬយ៉ាងនោះទេ។ តែប្រសិនបើមានការឃាត់ខ្លួនបានជនល្មើសចំនួន១២រូបយ៉ាងដូច្នេះ អាជ្ញាធរឥណ្ឌូនេស៊ីគួរសុំការសហការជាមួយអាជ្ញាធរខ្មែរ ដើម្បីវែកមុខរកជនល្មើស និងទីតាំងដែលធ្វើសកម្មភាពទាំងនោះ។

បើតាមលោកស្រី ជូ ប៊ុនអេង ការលើកឡើងរបស់មន្ត្រីឥណ្ឌូនេស៊ី ហាក់ដូចជាច្បាស់ពេកដែលថា មានការជួញដូរសរីរាង្គមនុស្សនៅក្នុងប្រទេសកម្ពុជា ហើយប្រសិនបើករណីនេះពិតជាកើតមានមែន គឺអាជ្ញាធររវាងប្រទេសទាំងពីរគួរសហការស៊ើបអង្កេត ជាជាងការលើកឡើងក្នុងន័យចោទប្រកាន់មកលើកម្ពុជា។

គួរកត់សម្គាល់ថា​ ការលើកឡើងពីករណីជួញដូរមនុស្ស និងការជួញដូរសរីរាង្គមនុស្ស មកក្នុងប្រទេសកម្ពុជា បានកើតឡើងជាបន្តបន្ទាប់ នៅក្រោយពេលដែលកម្ពុជាបានរអិលធ្លាក់ទៅក្នុងបញ្ជីក្រហម នៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សជាប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិក ថាជាប្រទេសដែលប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានតិចតួចបំផុត។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២៣ ដែលទើបនឹងចេញកាលពីពាក់កណ្តាលខែមិថុនា គឺកម្ពុជានៅតែមិនអាចគេចផុតពីចំណាត់ថ្នាក់ទី៣ ឬបញ្ជីក្រហមដដែល បើទោះបីជាអាជ្ញាធរកម្ពុជាបានចុះបង្រ្កាបទីតាំងមួយចំនួន និងសង្រ្គោះពលរដ្ឋបរទេសមួយចំនួន ដែលសង្ស័យថា​ ត្រូវឃុំឃាំងនៅតាមទីតាំងកម្សាន្តមួយចំនួនក្តី។ ការឲ្យចំណាត់ថ្នាក់ជាដដែលនេះ បានធ្វើឲ្យរដ្ឋាភិបាលកម្ពុជាមិនសប្បាយចិត្តសោះឡើយ ចំពោះទង្វើ និងសកម្មភាពដែលខ្លួនបានស្រោចស្រង់ឡើងវិញ។ រដ្ឋាភិបាលកម្ពុជា យល់ថា ការឲ្យចំណាត់ថ្នាក់កម្ពុជា ស្ទួន២ឆ្នាំជាប់គ្នាក្នុងបញ្ជីក្រហម គឺអាមេរិកមានចេតនាមិនឲ្យកម្ពុជាងើបមុខរួច លើឆាកអន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ