អានតួអត្ថបទ
កម្ពុជា-នយោបាយ

ពលរដ្ឋខ្មែរសម្រុកទៅបោះឆ្នោតកកកុញនៅពេលព្រឹក ហើយថមថយនៅថ្ងៃត្រង់

នៅក្នុង​ឱកាស​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧​នា​ថ្ងៃទី២៣​ ខែកក្កដា​នេះ ​មនុស្ស​ម្នា​បាន​នាំគ្នា​សម្រុក​ទៅ​កាន់​ការរិយាល័យ​បោះឆ្នោត​ចាប់​តាំង​ពី​ការរិយាល័យ​បើក​ដំណើរ​ការ​គ្រប់ទី​កន្លែង​នៃ​ប្រទេស​កម្ពុជា​នៅ​ម៉ោង​៧​ព្រឹក។​ មិន​ខុស​គ្នា​ពី​ការ​បោះឆ្នោត​មុនៗ​ទេ​ ការ​ដែល​ប្រជែង​គ្នារ​ហូត​ដល់​ស្ទះ​ផ្លូវ​ជា​អន្លើ​នោះ ​ក៏​ព្រោះ​តែ​ភាគ​ច្រើន​យល់​ថា​យក​ពេល​សម្រាក​ និង​ដើរ​កម្សាន្ត​នៅ​ពេល​រសៀល​ ហើយ​ខ្លះ​ទៀត ​ហាក់​បង្ហាញ​ថា​វត្តមាន​នៃ​ការ​ទៅ​បោះឆ្នោត​ គឺ​ជា​ការ​ចាំបាច់​បំផុត។​

ពលរដ្ឋសម្រុកទៅកាន់ការរិយាល័យបោះឆ្នោត
ពលរដ្ឋសម្រុកទៅកាន់ការរិយាល័យបោះឆ្នោត © Internet
ផ្សាយពាណិជ្ជកម្ម

ចរាចណ៍នៅតំបន់ដែលមានមណ្ឌលបោះឆ្នោតបានកកស្ទះនាពេលព្រឹកព្រលឹមជាអន្លើ ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតបានចេញពីលំនៅដ្ឋានទៅកាន់មណ្ឌលបោះឆ្នោត ដែលរៀបចំឡើងនៅតាមភូមិឃុំរបស់ពួកគេរស់នៅ ក្នុងនោះមានវត្តអារាម សាលារៀន និងទីតាំងសាធារណៈដែលបោះតង់លើកំណាត់ផ្លូវ ឬសួនច្បារសាធារណៈផងដែរ។

ស្ទើរគ្រប់មណ្ឌលបោះឆ្នោតទាំងអស់ ត្រូវគេរាយការណ៍ស្រដៀងៗគ្នាថា មានប្រជាជនសម្រុកទៅបោះឆ្នោតដំណាលគ្នាជាពិសេសអំឡុងពេលពីពីរ ទៅបីម៉ោងព្រឹក ដោយពួកគេកាន់ឯកសារចាំបាច់នៅនឹងដៃ ក្នុងនោះរួមមានអត្តសញ្ញាណប័ណ្ណ និងលិខិតបញ្ជាក់ពីអាជ្ញាធរដែលអាចបោះឆ្នោតបាន។

ជាការកត់សម្គាល់ការិយាល័យបោះឆ្នោតនីមួយៗ ត្រូវបានទទួលរ៉ាក់ទាក់ពីមន្ត្រីប្រចាំការ ក្រោមការការពារសន្តិសុខយ៉ាងម៉ត់ចត់ និងសម្រួលឲ្យមានការបោះឆ្នោតបានលឿន ហើយមិនសូវមានការរាំងស្ទះបើទោះណាជាការិយាល័យខ្លះត្រូវតម្រង់ជួរវែងយ៉ាងណាក៏ដោយ។

ក្រៅពីការហាមថតរូបភាព និងវីដេអូនៅក្នុងការរិយាល័យបោះឆ្នោត អ្នកបោះឆ្នោតជាច្រើនបាននាំគ្នាថតម្រាមដៃរបស់ខ្លួនដោយម្នាក់ឯង ឬជាក្រុម ដើម្បីទុកជាភស្តុតាងថាពួកគេបានទៅបោះឆ្នោត ហើយអ្នកខ្លះទៀតដែលជាមន្ត្រីរាជការ បានចាត់ទុកការថតចុងម្រាមដៃជ្រលក់ទឹកខ្មៅក្រោយការបោះឆ្នោតថាជារឿងសំខាន់បំផុត ខណៈអ្នកបោះឆ្នោតរួចភាគច្រើនបានបង្ហាញមា្រដៃជ្រលក់ទឹកខ្មៅរបស់ខ្លួនតាមហ្វេសប៊ុក។

ទោះជាមានភាពចម្រូងចម្រាសនយោបាយមុនការបោះឆ្នោត ដែលគណបក្សកាន់អំណាច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានប្រទាញប្រទង់គ្នាជាមួយសកម្មជនប្រឆាំងខាងក្រៅប្រទេស ពិសេសលោក សម រង្ស៊ី ក៏ដោយ ក៏ប៉ុន្តែអ្នកទៅបោះឆ្នោតហាក់បង្ហាញនូវទឹកមុខរីករាយនៅមណ្ឌលបោះឆ្នោត ក៏មានផងដែរការខ្សឹបសខ្សៀវគ្នាមួយចំនួនដែរ ក្រោយពេលដែលពលរដ្ឋខ្លះបានបោះឆ្នោតហើយ។

ទោះយ៉ាងណា ការបោះឆ្នោតដែលត្រូវបិទការិយាល័យនៅម៉ោង៣រសៀល បានថមថយអ្នកបោះឆ្នោតចាប់តាំងពីថ្ងៃត្រង់ទៅ ដែលស្ថានភាពនេះមិនខុសពីការបោះឆ្នោតមុនៗទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ