អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

លោក ហ៊ុន ម៉ាណែត ទៅបោះឆ្នោត ក្រោមការចាប់អារម្មណ៍ពីបណ្តាញផ្សព្វផ្សាយអន្តរជាតិ និងអ្នកសង្កេតការណ៍អន្តរជាតិ?

លោក​ ហ៊ុន ម៉ាណែត ​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជនកម្ពុជា​ បាន​បង្ហាញ​មុខ​នៅ​មណ្ឌល​បោះឆ្នោត​បឋមសិក្សា​ទួលគោក​ ក្រុង​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​។ ពី​មណ្ឌល​បោះឆ្នោត​បឋម​សិក្សា​ទួលគោក​ ហាក់​មាន​សភាព​អ៊ូអរ​ ដោយសារ​តែ​ដំណឹង​ដែល​បង្ហើប​ថា ​លោក​ ហ៊ុន ម៉ាណែត ​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ភ្លាមៗ​ នៅ​ក្រោយ​ការ​បោះឆ្នោត​នេះ​។

លោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជា បង្ហាញស្នាមជ្រលក់ចង្អុលដៃ ជាតឹកតាងថា​ បានចូលរួមការបោះឆ្នោតឆ្នាំ២០២៣
លោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជា បង្ហាញស្នាមជ្រលក់ចង្អុលដៃ ជាតឹកតាងថា​ បានចូលរួមការបោះឆ្នោតឆ្នាំ២០២៣ REUTERS - CINDY LIU
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃអាទិត្យនេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជាប្រមាណជាង៩លាននាក់ ចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ ដោយសារព្រឹកមិញនេះ នរក្សាបានទៅដល់មណ្ឌលបោះឆ្នោតនៃសាលាបឋមសិក្សា ទួលគោក ដែលជាទីតាំងមានអ្នកនយោបាយបន្តវេនមួយរូបរបស់គណបក្សកាន់អំណាច ដែលគេកំពុងចាប់អារម្មណ៍ គឺលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នរក្សា តើអាចជម្រាបពីសភាពការណ៍នៅទីនោះ ប្រាប់ប្រិយមិត្តអ្នកស្តាប់បន្តិចបានទេ?

គឺនៅម៉ោង៧ព្រឹក កណ្តឹងនៃសាលាបឋមសិក្សា ទួលគោក បានបន្លឺឡើង ដើម្បីជាការបញ្ជាក់ប្រាប់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បានចាប់ផ្តើមហើយ! ពេលដែលខ្ញុំទៅដល់ដំបូង ឃើញថា មណ្ឌលបោះឆ្នោតសាលាបឋមសិក្សាទួលគោកនោះ មានសភាពអ៊ូអរនិយាយជារួម។ ហើយនិយាយដាច់ដោយឡែកមកវិញ គឺការិយាល័យបន្ទប់ ០៥៦១ មានសភាពណែនណាន់ តាន់តាប់ជាងគេ ខុសពីការិយាល័យដទៃទៀត។ សភាពការណ៍តាន់តាប់ ដោយសារតែវត្តមានរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណជាង១០០នាក់ កំពុងតែត្រៀបត្រា ចាំផ្តិតរូបភាពរបស់លោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្សប្រជាជនកម្ពុជា ដែលនឹងត្រូវបោះឆ្នោតនៅទីនោះ ខណៈដែលអ្នកសង្កេតការណ៍អន្តរជាតិមួយចំនួន ក៏មានវត្តមាននៅការិយាល័យ០៥៦១នោះដែរ។

នៅពេលលោក ហ៊ុន ម៉ាណែត មកដល់ តើសភាពការណ៍ក្នុងការិយាល័យនោះ មានលក្ខណៈយ៉ាងដូចម្តេច? 

លោក ហ៊ុន ម៉ាណែត និងភរិយារបស់លោក បានមកដល់ការិយាល័យបន្ទប់ ០៥៦១ នៅម៉ោងប្រមាណជា៨ព្រឹក។ គឺជាការមកដល់មណ្ឌលបោះឆ្នោត ក្រោយពេលដែលឪពុករបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅបោះឆ្នោតតាំងពីម៉ោង៧ព្រឹក នៅឯមណ្ឌលបោះឆ្នោត សាលាគរុកោសល្យវិក្រឹតការក្រុងតាខ្មៅ។ សុចិនាថ ដោយសារតែការិយាល័យនៃមណ្ឌលបឋមសិក្សាទួលគោក មានសភាពតូចបន្តិច ដូច្នេះពេលដែលលោក ហ៊ុន ម៉ាណែតចូលមកដល់នោះ គឺបណ្តាអ្នកសារព័ត៌មានបានព្យាយាមប្រជ្រៀតគ្នាទៅមក ដើម្បីធ្វើយ៉ាងណា អាចផ្តិតនូវរូបភាព និងវីដេអូ ជូនប្រជាពលរដ្ឋ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថា សុចិនាថ មានសំឡេងមួយបានបន្លឺនៅក្នុងការិយាល័យ០៥៦១ នៅពេលដែលលោក ហ៊ុន ម៉ាណែត បានយកសន្លឹកឆ្នោតដែលគូសរួច ដើរសំដៅទៅដាក់ចូលក្នុងធុងឆ្នោត។ យ៉ាងណាមិញ សំឡេងនោះ មិនមានជាបញ្ហាអ្វីនោះទេ គ្រាន់តែអ្នកសារព័ត៌មានព្យាយាមបញ្ជ្រៀតគ្នាទៅវិញទៅមក ដើម្បីផ្តិតយករូបភាពតែប៉ុណ្ណោះ។

តើក្រោយពេលបោះឆ្នោតរួច លោក ហ៊ុន ម៉ាណែត មានបានថ្លែងអ្វីខ្លះដែរទេ នៅក្នុងនាមខ្លួនជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូប របស់គណបក្សប្រជាជនកម្ពុជា?

គឺពិតជាមាន ក៏ប៉ុន្តែតិចតួចបំផុត។ ដូចបានជម្រាបដោយសារតែមានអ្នកសារព័ត៌មានច្រើននាក់នោះ លោក ហ៊ុន ម៉ាណែត បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានតែមួយសំណួរប៉ុណ្ណោះ ខណៈដែលសំណួរដទៃៗទៀត គឺលោកថាគ្មានមតិយោបល់។ សំណួររបស់ក្រុមអ្នកសារព័ត៌មាន នោះគឺ បានសួរពីចំណាប់អារម្មណ៍របស់លោកផ្ទាល់ ហើយលោកក៏បានឆ្លើយថា លោកបានអនុវត្តសិទ្ធិ និងទំនួលខុសត្រូវ ក្នុងនាមជាប្រជាពលរដ្ឋ ដើម្បីបោះឆ្នោតជូនដល់គណបក្សដែលលោកស្រលាញ់ ក្នុងការឈានឆ្ពោះទៅការដឹកនាំប្រទេស។ នៅពេលចូលសំណួរបន្ទាប់ ដែលសួរថា តើលោកនឹងធ្វើអ្វីដើម្បីប្រទេសមួយនេះ នៅពេលលោកក្លាយជានាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ាណែត បានតបវិញថា លោកគ្មានមតិយោបល់អ្វីទាំងអស់។

សុចិនាថ ខ្ញុំចង់បញ្ជាក់បន្តិចដែរថា លោក ហ៊ុន ម៉ាណែត ទើបតែផ្ទេរឈ្មោះមកបោះឆ្នោតនៅភ្នំពេញនាពេលនេះ គឺក្រោយពេលដែលលោកបានឈរឈ្មោះជាបេក្ខភាពតំណាងរាស្ត្រទីមួយរបស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលភ្នំពេញ។ នៅក្នុងការបោះឆ្នោតឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ាណែត គឺជាគោលដៅរបស់សារព័ត៌មានមិនថាជាតិ និងអន្តរជាតិ ឡើយ ដែលចង់ដឹងពីការងារស្នូលដែលលោកនឹងធ្វើពេលក្លាយជានាយករដ្ឋមន្ត្រី។ ជានាយករដ្ឋមន្ត្រី ដ្បិតជាការបង្ហើបឲ្យដឹងពីលោក ហ៊ុន សែន ដែលជាឪពុករបស់លោក ដែលថាលោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រី ក្នុងពេល៣ទៅ៤សប្តាហ៍ នៅក្រោយការបោះឆ្នោតនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ