អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន អះអាងថា បរិយាកាសបោះឆ្នោតដំណើរការរលូន ខណៈលោក សម រង្ស៊ី បង្ហាញសន្លឹកឆ្នោតខ្វែង

ប្រ​មុខ​គណ​បក្ស​កាន់​អំណាច​ លោក ​ហ៊ុន​ សែន​ អះ​អាង​ថា​ បរិយា​កាស​នៃ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ​បាន​ដំណើរ​ការ​ទៅ​ដោយ​រលូន​ ហើយ​ថា​ មាន​អ្នក​សង្កេត​ការណ៍​ជាតិ​ និង​អន្តរ​ជាតិ​ចូល​រួម​ពិនិត្យ​តាម​ដាន​និង​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ជា​ប្រវត្តិ​សាស្រ្តនេះ​ផង​ដែរ​។ ប៉ុន្តែ​ពីក្រៅប្រទេសមកវិញ លោក សម រង្ស៊ី បានសម្រុក​ផ្សព្វផ្សាយពីការគូសសន្លឹក​ឆ្នោត​ចោល​ដែលលោកអះអាងថា ជាសន្លឹកឆ្នោត​ពលរដ្ឋបានថតផ្ញើឲ្យក្រុមការងារ​របស់លោក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន​ រ៉ានី​ ហ៊ុនសែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន​ រ៉ានី​ ហ៊ុនសែន © Internet
ផ្សាយពាណិជ្ជកម្ម

​លោក​ ហ៊ុន​ សែន​ ប្រមុខ​គណបក្សកាន់អំណាចបាន​បដិសេធ​មិន​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​នោះ​ឡើយ​ ខណៈ​លោក​ទៅ​បោះ​ឆ្នោត​នៅ​មណ្ឌល​បោះ​ឆ្នោត​ ក្នុង​សាលា​គរុកោ​សល្យ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​នៅថ្ងៃអាទិត្យនេះ។

​តែនៅលើ​ទំព័រ​ហ្វេសប៊ុកដែល​អះអាងថាជំនួយការរបស់​លោកជាអ្នកកាន់កាប់នោះ លោក ហ៊ុន សែន ចាត់ទុក​ថា​ បរិយា​កាស​នៃ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ​បាន​ដំណើរ​ការ​ទៅ​ដោយ​រលូន​ ហើយ​ថា​ មាន​អ្នក​សង្កេត​ការណ៍​ជាតិ​ និង​អន្តរ​ជាតិ​ចូល​រួម​ពិនិត្យ​តាម​ដាន​និង​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ជា​ប្រវត្តិ​សាស្រ្តនេះ​ផង​ដែរ​។  

ទន្ទឹមគ្នានឹងសន្ទុះពលរដ្ឋចេញទៅបោះឆ្នោត​នៅអាណត្តិទី៧នេះ ពីខាងក្រៅ​ប្រទេសមកវិញ លោក សម រង្ស៊ី បាន​សម្រុក​បញ្ចេញសន្លឹក​ឆ្នោត​ដែលពលរដ្ឋគូសខ្វែង​ចោល និងក៏មានដែរ​សន្លឹក​ឆ្នោត​ដែលមានសរសេរពាក្យ​រិះគន់មក​លើ​បក្សកាន់អំណាច ដែលលោក សម រង្ស៊ី អះអាងថា ជាសន្លឹកឆ្នោត​ដែលពលរដ្ឋបានថតផ្ញើឲ្យក្រុមការងារ​របស់លោកផ្សព្វផ្សាយបន្ត។

នៅចំពោះមុខ​នៃ​ចរន្តគូសបំផ្លាញសន្លឹក​ចោលនេះ ពីខាង​បណ្តាញសារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាលវិញ ក៏​បាន​ផ្សាយ​ដែរករណី​សមត្ថកិច្ច​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​ព្យាយាម​យក​សន្លឹក​ឆ្នោត​ចេញពីការិយាល័យ​បោះឆ្នោត​មួយ​កន្លែងនៅសាលាបឋមសិក្សាវត្តមហាមន្ត្រី រាជធានីភ្នំពេញ។

បើតាម​ប្រព័ន្ធផ្សព្វផ្សាយ​ដែល​ស្និទនឹងរដ្ឋាភិបាល សមត្ថកិច្ច​ក៏កំពុង​កំណត់​មុខសបញ្ញា​មនុស្ស​មួយចំនួន ដែលបានបង្ហោះផ្សព្វផ្សាយសន្លឹកឆ្នោតក្លែងក្លាយ ដោយគូសខ្វែងចោលសន្លឹកឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ