អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នកវិភាគ៖ ការផ្លាស់ប្តូរក្បាលម៉ាស៊ីន និងអវត្តមានគណបក្សភ្លើងទៀន ជាហេតុផលនៃការឈ្នះអាសនៈរបស់ហ្វុនស៊ិនប៉ិច

លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បង្ហាញក្រៅផ្លូវការថាគណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈចំនួន១២០ ក្នុងចំណោមអាសនៈសរុបនៃរដ្ឋសភាជាតិ១២៥។ ដោយឡែក ៥អាសនៈទៀត ត្រូវបានទៅលើគណបក្សរាជានិយមហ្វុនស៊ិនប៉ិច។ នេះបើតាមប្រភពដែលអាចជឿទុកចិត្តបាន។ ទោះយ៉ាងណា នេះគឺជាលទ្ធផលបណ្តោះអាសន្នក្រៅផ្លូវការប៉ុណ្ណោះ។ 

ព្រះអង្គម្ចាស់នរោត្ដម ចក្រាវុធ ព្រះប្រធាននៃគណបក្សរាជានិយមហ្វុនស៊ិនប៉ិច។
ព្រះអង្គម្ចាស់នរោត្ដម ចក្រាវុធ ព្រះប្រធាននៃគណបក្សរាជានិយមហ្វុនស៊ិនប៉ិច។ © FB
ផ្សាយពាណិជ្ជកម្ម

ទោះជាលទ្ធផលផ្លូវការនៅមិនទាន់ដល់ពេលប្រកាសយ៉ាងណាក៏ដោយ ក៏លទ្ធផលបឋមក្រៅផ្លូវការបានបង្ហាញភ្លាមៗហើយ ក្រោយពីប៉ុន្មានម៉ោងនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ ប្រភពដែលអាចជឿទុកចិត្តបាន ឲ្យដឹងថាគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចបច្ចុប្បន្នបានឈ្នះអាសនៈចំនួន១២០ ក្នុងចំណោមអាសនៈសរុប ១២៥ ក្នុងរដ្ឋសភា។ គណបក្សរាជានិយមហ្វុនស៊ិនប៉ិចទទួលបានចំណាត់ថ្នាក់លេខ២ ដោយទទួលបាន៥អាសនៈ។

ក្នុងចំណោមអាសនៈដែលគណបក្សហ្វុនស៊ិនប៉ិចទទួលបាន១អាសនៈដូចៗគ្នានោះរួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ចាម កំពង់ធំ កណ្តាល និងខេត្តព្រៃវែង ដោយខេត្ត រាជធានីទាំងនេះសុទ្ធសឹងជា មណ្ឌលបោះឆ្នោតដែលមានចំនួនអាសនៈច្រើនៗ ភាគច្រើនជាង១០អាសនៈ។ ទោះជាចំនួនអាសនៈ ដែលគណបក្សទាំងពីរបានឈ្នះនៅក្នុងរដ្ឋសភាពេលនេះ មិនទាន់ផ្លូវការក៏ដោយ ជាការកត់សម្គាល់លទ្ធផលផ្លូវការកម្រនឹងលម្អៀងណាស់ បើយោងតាមបទពិសោធន៍នៃការបោះឆ្នោតកន្លងមកនៅកម្ពុជា។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានកត់សម្គាល់ថាប្រសិនបើគណបក្សហ្វុនស៊ិនប៉ិចបានឈ្នះអាសនៈចំនួន៥ ដូចដែលមានការផ្សព្វផ្សាយបឋមមែននោះមានទិដ្ឋាភាពចំនួន៣ ដែលអាចជាប់ទាក់ទង។ ចំនុចទាំង៣នោះ ទី១គឺជាចរន្តថ្មីមួយដែលហ្វុនស៊ិនប៉ិចបានផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំយុវជនបន្តវេន។ ទី២ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច មានមូលដ្ឋានធ្លាប់ជាអតីតគណបក្សធំកាលពីការបោះឆ្នោតឆ្នាំ១៩៩៣ ដោយក្រោយមកមានការបែកចេញជាច្រើនគណបក្ស និងចំណុចទី៣ គឺដោយសារអវត្តមានគណបក្សភ្លើងទៀន ដែលអ្នកគាំទ្រខ្លះងាកមកគាំទ្រហ្វុនស៊ិនប៉ិច។

កាលពីការបោះឆ្នោតឆ្នាំ២០១៨ គណបក្សហ្វុនស៊ិនប៉ិច មិនបានទទួលអាសនៈអ្វីទាំងអស់ ហើយគណបក្សប្រជាជនបានក្រសោបអាសនៈរដ្ឋសភាទាំង១២៥ និងក្លាយជារដ្ឋសភាឯកបក្ស។ មន្ត្រីផ្លូវការរបស់គណបក្សហ្វុនស៊ិនប៉ិចដែលដឹកនាំដោយព្រះអង្គម្ចាស់ចក្រាវុធ បុត្រាសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នៅមិនទាន់មានអត្ថាធិប្បាយអ្វីទាំងអស់។

សូមបញ្ជាក់ថាតាមការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ប្រជាពលរដ្ឋបានទៅបោះឆ្នោតមានចំនួន៨៤,៥៨% នៃចំនួនពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតសរុបជាង ៩,៧លាននាក់។ ដោយឡែកសន្លឹកឆ្នោតមិនបានការមានចំនួនជាង៤៤ម៉ឺនសន្លឹក ដែលចំនួននេះ ត្រូវ គ.ជ.ប បញ្ជាក់ថាតិចជាងសន្លឹកឆ្នោតមិនបានការកាលពីការបោះឆ្នោតឆ្នាំ២០១៨ ដែលមានប្រមាណ៦០ម៉ឺនសន្លឹក។

សូមរំលឹកដែរថា ប្រទេសកម្ពុជាបានធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រកបដោយភាពចម្រូងចម្រាសរវាងគណបក្សកាន់អំណាច និងសកម្មជនប្រឆាំងនៅខាងក្រៅប្រទេស ក្រោយគណបក្សភ្លើងទៀន ដែលគេមើលឃើញថាជាគណបក្សប្រឆាំងដ៏សំខាន់មួយត្រូវបានផាត់ចោលពីការចូលរួមនេះ ដោយហេតុផលឯកសារមិនគ្រប់គ្រាន់។ គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងមានចំនួនសរុប ១៨គណបក្ស។ ក្រៅពីគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វុនស៊ិនប៉ិច មិនមានគណបក្សណាផ្សេងទៀតបានឈ្នះអាសនៈនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ