អានតួអត្ថបទ
កម្ពុជា-សង្គម

អ្នកសង្កេតការណ៍អន្តរជាតិ៖ ការបោះឆ្នោតនៅកម្ពុជាមានភាព សេរី យុត្តិធម៌ និងមានសន្តិភាពរឹងមាំ

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិមួយចំនួនចាត់ទុកការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជាថា មានភាពសេរី យុត្តិធម៌ និងអាចជឿទុកចិត្តបាន។ ទុកចិត្តបាន បើតាមក្រុមអ្នកមកសង្កេតការណ៍អន្តរជាតិទាំងនោះ ដំណើរការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៣ កក្កដា ប្រព្រឹត្តិទៅដោយរលូន គ្មានបាតុភាពហិង្សា គ្មានការគំរាមកំហែង និងការបង្ខិតបង្ខំណាមួយកើតឡើងឡើយ។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា បង្ហាញស្នាមម្រាមដៃឈរក្បែរភរិយា ប៊ុន រ៉ានី បន្ទាប់ពីបោះឆ្នោតនៅការិយាល័យបោះឆ្នោតក្រុងតាខ្មៅ ខេត្តកណ្តាល ភាគអាគ្នេយ៍រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា បង្ហាញស្នាមម្រាមដៃឈរក្បែរភរិយា ប៊ុន រ៉ានី បន្ទាប់ពីបោះឆ្នោតនៅការិយាល័យបោះឆ្នោតក្រុងតាខ្មៅ ខេត្តកណ្តាល ភាគអាគ្នេយ៍រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ក្រោយដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី២៣ កក្កដា គណៈកម្មាធិការរៀបចំការបោះឆ្នោតម៉ាល់ឌីវ និងគណៈកម្មាធិការសម្រាប់កិច្ចសហប្រតិបត្តិការយុវជនអាស៊ាន និងក្រុមប្រឹក្សាយុវជនអាស៊ានបានចេញសេចក្តីថ្លែងការណ៍វាយតម្លៃពីភាពជោគជ័យនៃការបោះឆ្នោតនៅកម្ពុជា។ 

ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមអ្នកសង្កេតការណ៍ទាំងពីរនេះមើលឃើញថា ទិដ្ឋាភាពជារួមនៃដំណើរការបោះឆ្នោតគ្រប់មណ្ឌល និងការិយាល័យបោះឆ្នោតនៅកម្ពុជា មានសភាពល្អប្រសើរ និងបានអនុលោមស្របទៅតាមប្បញ្ញត្តិច្បាប់ដែលមានចែង រួមជាមួយនឹងការធានាបាននូវភាពសម្ងាត់ និងតម្លាភាពនៃការគូសសន្លឹកឆ្នោតរបស់ម្ចាស់ឆ្នោតផង។ 

បន្ថែមពីនេះ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិទាំងនេះចាត់ទុកការបោះឆ្នោតនៅកម្ពុជាសម្រាប់អាណត្តិទី៧ ប្រព្រឹត្តិទៅដោយរលូត សេរី យុត្តិធម៌ សម្ងាត់ និងគ្មានការគំរាមកំហែង ព្រមទាំងស្របតាមស្តង់ដារអន្តរជាតិ។ 

បើតាម គណៈកម្មាធិការរៀបចំការបោះឆ្នោតម៉ាល់ឌីវ និងគណៈកម្មាធិការសម្រាប់កិច្ចសហប្រតិបត្តិការយុវជនអាស៊ាន ការបោះឆ្នោតនៅកម្ពុជានាពេលនេះ បានបង្ហាញពីឆន្ទៈរបស់ពលរដ្ឋខ្មែរ ក្នុងការរក្សាសន្តិភាព ស្ថិរភាព រួមនឹងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសផង ខណៈស្ថាប័នអន្តរជាតិទាំងពីរនេះសង្កេតឃើញថា សន្ទុះនៃយុវជនកម្ពុជា ក៏មានភាពសកម្មក្នុងដំណើរការនយោបាយក្នុងរបស់ប្រទេសខ្លួនផងដែរ។ 

ក្រៅពីនេះ ក្រុមអ្នកសង្កេតការណ៍មកពីបណ្តាប្រទេសហ្វ្រង់កូហ្វូនី និងមកពីបណ្តាប្រទេសសហភាពអឺរ៉ុប ក៏បានវាយតម្លៃដូចគ្នាដែរថា ការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តិទៅប្រកបដោយតម្លាភាព សេរីប្រជាធិបតេយ្យ និងគ្មានអំពើហិង្សា។ នៅក្នុងសន្និសីតកាសែតព្រឹកថ្ងៃទី២៤ កក្កដា ក្រុមអ្នកសង្កេតការណ៍ទាំងនេះ អះអាងថា នៅតាមមណ្ឌល និងការិយាល័យបោះឆ្នោតដែលពួកគេចុះទៅអង្កេតនោះ ពុំមានបាតុភាពអ្វីកើតឡើងដែលបង្កឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតឡើយ។

សូមជម្រាបថា នៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៧ ឆ្នាំ២០២៣នេះ កម្ពុជាមានអ្នកសង្កេតការណ៍ជាតិចំនួនជិត៩ពាន់នាក់ ដែលមកពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន១៣៤ ខណៈអ្នកសង្កេតការណ៍អន្តរជាតិវិញ មានចំនួន១៦៣រូប ដែលមកពី៥២ស្ថាប័ន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គជប៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ