អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្សក្រៅរដ្ឋាភិបាលខ្លះចេញមកទទួលយកលទ្ធផលឆ្នោត តែអតីតបក្សប្រឆាំងស្នើបរទេសកុំទទួលស្គាល់លទ្ធផលឆ្នោត

មួយថ្ងៃក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គណបក្សនយោបាយក្រៅរដ្ឋាភិបាលមួយចំនួនចេញមកទទួលស្គាល់លទ្ធផលឆ្នោតយ៉ាងរួសរាន់ គណបក្សនយោបាយខ្លះទៀតស្ថិតនៅក្នុងសភាពស្ងប់ស្ងៀមនៅឡើយ។ ការចេញមកទទួលស្គាល់លទ្ធផលឆ្នោតរបស់គណបក្សនយោបាយដែលមិនបានជាប់អាសនៈរដ្ឋសភាទាំងនេះ ធ្វើឡើងស្របពេលដែលអតីតគណបក្សប្រឆាំងចេញសេចក្តីថ្លែងការណ៍ទាត់ចោលការបោះឆ្នោតផងដែរ។ 

គណបក្សនយោបាយក្រៅរដ្ឋាភិបាលមួយចំនួនចេញមកទទួលស្គាល់លទ្ធផលឆ្នោតយ៉ាងរួសរាន់ គណបក្សនយោបាយខ្លះទៀតស្ថិតនៅក្នុងសភាពស្ងប់ស្ងៀមនៅឡើយ។
គណបក្សនយោបាយក្រៅរដ្ឋាភិបាលមួយចំនួនចេញមកទទួលស្គាល់លទ្ធផលឆ្នោតយ៉ាងរួសរាន់ គណបក្សនយោបាយខ្លះទៀតស្ថិតនៅក្នុងសភាពស្ងប់ស្ងៀមនៅឡើយ។ © សហការី
ផ្សាយពាណិជ្ជកម្ម

គណបក្សខ្មែរតែមួយរបស់លោក គុច លី នៅថ្ងៃទី២៤ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍មួយគាំទ្រដល់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ ថាប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស និងអាចទទួលយកបាន។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមានលោក យ៉េង វីរៈ ជាប្រធានបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកដែរថាលោកគោរពទទួលស្គាល់ការសម្រេចចិត្តរបស់អ្នកបោះឆ្នោតដោយលោកបញ្ជាក់ថាទោះពលរដ្ឋមិនបានបោះឆ្នោតគាំទ្រឲ្យជាប់ជាតំណាងរាស្ត្រនៅរដ្ឋសភាក៏ដោយ ក៏លោកមិនមានការខកចិត្ត ខកបំណងអ្វីដែរ។ ដោយមិនបានបញ្ជាក់ថាលាពីឆាកនយោបាយដោយត្រង់ៗ លោក យ៉េង វីរៈ បានផ្តែរផ្តាំជាចុងក្រោយថា លោកផ្ទេរការតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យជូនអ្នកជំនាន់ក្រោយ ដើម្បីបន្តវេន។

អនុប្រធានគណបក្សខ្មែររួបរួមជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានចេញមកអរគុណអ្នកបោះឆ្នោត បើទោះណាជាគណបក្សរបស់លោកមិនបានសម្លេងគ្រប់គ្រាន់ក្នុងការទទួលបានអាសនៈរដ្ឋសភាក៏ដោយ។ អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិរូបនេះបញ្ជាក់ថាគណបក្សខ្មែររួបរួមជាតិ​ នឹងខិតខំព្យាយាម​តស៊ូក្នុងវិស័យនយោបាយបន្តទៀត​ ដើម្បីបុព្វហេតុកម្ពុជា​ និងប្រជាពលរដ្ឋ​ជាចម្បងទី១។

តាមរយៈការចេញមកផ្សាយផ្ទាល់តាមហ្វេសប៊ុក លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានសម្តែងនូវមោទនភាព និងទទួលយកលទ្ធផលនៃការបោះឆ្នោត ដោយលោកអះអាងថាគណបក្សយុវជនកម្ពុជាដ៏ក្មេងខ្ចីរបស់លោកមានសម្លេងកើនឡើង ហើយទទួលបានការគាំទ្រចំណាត់ថ្នាក់លេខ៤ បើទោះជាមិនគ្រប់គ្រាន់ឈ្នះអាសនៈរដ្ឋសភាក៏ដោយ។

ដោយឡែកគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលមិនបានចូលរួមបោះឆ្នោតសកលឆ្នាំ២០២៣នេះ ក៏ចេញមកសាទរដែរ ដោយគណបក្សក្រៅសង្វៀននេះ បានមើលឃើញថាការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ប្រកបដោយប្រជាធិបតេយ្យសេរីពហុបក្ស។

គណបក្សក្រៅសង្វៀនដូចគ្នាដែរ គឺអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃអង្គារនេះ ក៏បានចេញសេចក្តីថ្លែងការណ៍មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ដោយគណបក្សនេះយល់ថាជាការបោះឆ្នោតក្លែងក្លាយ ដែលបានផាត់ចោលគណបក្សភ្លើងទៀនជាគណបក្សប្រឆាំងពិតប្រាកដ។ អតីតគណបក្សសង្គ្រោះជាតិក៏បានបរិហារដល់ការរៀបចំការបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សកាន់អំណាច លើកទឹកចិត្តដល់អ្នកហ៊ានគូសសន្លឹកឆ្នោតចោល និងអំពាវនាវឲ្យសហគមន៍អន្តរជាតិកុំទទួលស្គាល់ការបោះឆ្នោត។

សូមបញ្ជាក់ថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ មានគណបក្ស១៨ចូលរួម ហើយលទ្ធផលបឋមបង្ហាញថាគណបក្សប្រជាជនបានឈ្នះ១២០អាសនៈ គណបក្សហ្វុនស៊ិនប៉ិច បានឈ្នះ៥អាសនៈ ក្នុងចំណោមអាសនៈរដ្ឋសភាសរុប១២៥អាសនៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ