អានតួអត្ថបទ
កម្ពុជា-សង្គម

បោះឆ្នោត២០២៣៖ ក្រសួងការបរទេសកម្ពុជាលើកសរសើរ តែប្រទេសលោកខាងលិចបន្តប្រតិកម្មរិះគន់

នៅក្រោយការបោះឆ្នោតជាតិឆ្នាំ​២០២៣បានបញ្ចប់ បណ្តាប្រទេស​ជាច្រើន​រួមមាន បារាំង អង់គ្លេស អូស្ត្រាលី និងអ៊ឺរ៉ុប ជាដើម បាន​ចាត់ទុកដំណើរការបោះឆ្នោតនៅកម្ពុជាថាបាន​ប្រាចាកពីលទ្ធិប្រជាធិបតេយ្យ។ ជាការឆ្លើយតប ក្រសួងការបរទេសកម្ពុជានៅថ្ងៃចន្ទ​ម្សិលមិញនេះ​អះអាងថា​ ការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី​២៤កក្កដា ឆ្លុះបញ្ជាំងយ៉ាងច្បាស់​ពីភាពចាស់ទុំ​ខាងប្រជាធិបតេយ្យរបស់កម្ពុជាទៅវិញ។ 

ប្រជាជនខ្មែរ​តម្រង់​ជួរ​ទៅ​បោះ​ឆ្នោត​នៅ​ភូមិ​ក្រាំង​ធ្នង់ ក្រៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣។
ប្រជាជនខ្មែរ​តម្រង់​ជួរ​ទៅ​បោះ​ឆ្នោត​នៅ​ភូមិ​ក្រាំង​ធ្នង់ ក្រៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣។ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីអាមេរិក ប្រតិកម្មសម្តែងការខកចិត្ត​ចំពោះការបោះឆ្នោត​ជាតិនៅកម្ពុជាឆ្នាំ២០២៣នេះ បន្តធ្លាក់មកជាបន្តបន្ទាប់ពីបណ្តាប្រទេស​លោកខាងលិច​ដែលរួមមាន បារាំង អង់គ្លេស អូស្រ្តាលី អាល្លឺម៉ង កាណាដា និងអ៊ឺរ៉ុបជាដើម​​ គិតត្រឹមរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងសេចក្តីថ្លែងការ​ណ៍ដែលមាន​ខ្លឹមសារស្រដៀងៗគ្នា បណ្តា​បរទេស​ទាំងនោះ ​បានចាត់ទុកការបោះឆ្នោត​សភាអណត្តិទី​៧នៅកម្ពុជា គឺជាការបោះឆ្នោតដែលខ្វះយុត្តិធម៌និង​តម្លាភាពលើគោលការណ៍ប្រជាធិបតេយ្យ ស៊េរី ពហុបក្ស​។  ​

ក្នុងសេចក្តីថ្លែងការណ៍ ក្រសួងអ៊ឺរ៉ុបនិង​ការបរទេសបារាំង​ បាន​ទទួលស្គាល់លទ្ធផលបោះឆ្នោតនេះ​ ក៏​ប៉ុន្តែសោកស្តាយ ដែលសង្វៀងប្រកួតប្រជែងបោះឆ្នោត ប្រព្រឹត្តិទៅដោយគ្មានបេក្ខភាព​បក្សប្រឆាំង។ ចំពោះអ៊ឺរ៉ុបនិង​បារាំង អវត្តមានគណបក្សភ្លៀងទៀនបាន​ប៉ះពាល់ដល់​ការបោះឆ្នោតបែបពហុនិយម។ អ៊ឺរ៉ុបនិង​បារាំងក៏បានរំព្ញកដែរថា រដ្ឋាភិបាលកម្ពុជា គួរដោះលែងអ្នកទោសនយោបាយទាំងអស់ ហើយត្រូវតែ​អនុលោមទៅតាមសន្ធិសញ្ញាទីក្រុងប៉ារីស ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញកម្ពុជា ហើយ​ស្តារសិទ្ធជាមូលដ្ឋានឡើងវិញ ជាការ​ចាំបាច់។

ស្រដៀងគ្នានេះដែរ អូស្ត្រាលី អង់គ្លេស និងកាណាដា តាមរយៈស្ថានទូតនៅកម្ពុជា បាន​កត់​សម្គាល់អំពី​បរិយាកាស​ ដែលគ្មានការចូលរួមបោះឆ្នោតរបស់បក្សភ្លើងទៀន​ ការដាក់សម្ពាធ​ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិលជាដើម។ ទន្ទឹមគ្នានេះ អូស្ត្រាលី អង់គ្លេស និងកាណាដា បន្តអះអាងធ្វើការជាមួយរដ្ឋាភិបាល​កម្ពុជា និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនដំណើរការប្រជាធិបតេយ្យ លំហពលរដ្ឋនៅកម្ពុជា ក៏ដូចជា​បន្ត​គាំទ្រដល់ប្រជាជនកម្ពុជា។

បន្ថែមពីការកត់សម្គាល់ដំណើរការបោះឆ្នោតនៅកម្ពុជាស្រដៀងនឹងបណ្តាបរទេសខាងលើនេះដែរ អាល្លឺម៉ង់វិញ ក៏បានស្នើឱ្យ​តំណាងរាស្ត្រដែលជាប់ឆ្នោតក្នុងអាណត្តិទី៧​នេះ និងរដ្ឋាភិបាលកម្ពុជារៀបចំ​ថ្មី​ ឱ្យដំណើរការលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ឱ្យបានពេញលេញ​ឡើងវិញ និង​ត្រូវ​​គោរពសិទ្ធិមនុស្ស ដូចដែលបានធានា​ដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

ផ្ទុយពីប្រតិកម្មខាងលើ​ ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៣ បានចេញសេចក្តីថ្លែងការណ៍​លើកសរសើរ​ថា «ការបោះឆ្នោតសកលឆ្នាំ២០២៣នៅកម្ពុជា ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា»។ ការ​​លើកសសើរដោយយោងលើហេតុផលមួយចំនួនរួមមាន៖ អត្រាខ្ពស់នៃអ្នកចូលរួមបោះឆ្នោត បង្ហាញពីប្រជាធិបតេយ្យដ៏រស់រវើករហូតជាង ៨,២លាននាក់។ ហើយលទ្ធផលនេះ បង្ហាញពីការបដិសេធយ៉ាងច្បាស់ចំពោះការអំពាវនាវឱ្យធ្វើពហិការការបោះឆ្នោត។ ក្រសួងការបរទេសកម្ពុជា​ ក៏លើកឡើងអំពី​ការចូលរួមអង្កេតការបោះឆ្នោត​​ជាតិនិងអន្តរជាតិ​​​ ក៏ដូចជា​ការគោរព​តាមច្បាប់​ជាធរមាន។

ជាការកត់សម្គាល់​ បណ្តាប្រទេសសមាជិក​អាស៊ានវិញ​ នៅពុំទាន់មានប្រតិកម្មយ៉ាងណានៅឡើយទេចំពោះការបោះឆ្នោតនៅកម្ពុជា​ គិតត្រឹមថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២៣។ ​

មិនទាន់ចេញលទ្ធផលបោះឆ្នោត​ផង ប្រធានាធិបតីចិន លោក ស៊ី​ ជិនពីង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បាន​ផ្ញើសារអបអរសាទរមកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាគណបក្សប្រជាជនកម្ពុជាទទួលបាន​ជ័យជំនះជាថ្មី។ តាមរយៈសារលិខិតលោក ស៊ី ជិនពីង បាននិយាយលើកតម្កើនការដឹកនាំរបស់លោក ហ៊ុន សែន ថាបាននាំឱ្យកម្ពុជា​សម្រេចបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ ជីវភាពស្ដង់ដារ និងមានកេរ្តិ៍ឈ្មោះទាំងនៅលើឆាកអន្តរជាតិ និងក្នុងតំបន់។ មិត្ត​ចិនក៏បានសន្យាបន្តគាំទ្រដល់កម្ពុជា ដើម្បីបន្តជំហានអភិវឌ្ឍប្រទេសដែលសក្តិសមនឹងលក្ខខណ្ឌរបស់ជាតិ។

គួររំព្ញកផងដែរថា អាមេរិកបានសម្រេចកាត់ផ្តាច់ផ្នែកខ្លះនៃជំនួយបរទេសមកកម្ពុជា និងរឹតត្បិតទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលមួយចំនួន ចំពោះទង្វើបំផ្លាញលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតជាតិ​ អាណត្តិទី​៧នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ