អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ខាន់ ចាន់សុផល រួចទោសក្រោយសុំទោសក្នុងសំណុំរឿងព្រហ្មទណ្ឌបំភ័យប្រជាជនពីការសម្ងាត់បោះឆ្នោត

គ្មានឡើយការចាប់ទោសអូសដំណើរចំពោះ លោក ខាន់ ចាន់សុផល បើទោះបីជាមានពាក្យបណ្ដឹងប្ដឹងឲ្យចាត់វិធានការតាមផ្លូវច្បាប់ក៏ដោយ។  លោក​ ខាន់​ ចាន់សុផល ដែលគេស្គាល់ថា ជាអ្នកគាំទ្រគណបក្សកាន់អំណាចបានរងបណ្ដឹងពីពលរដ្ឋម្នាក់ក្រោយចេញវិដេអូ មុនថ្ងៃបោះឆ្នោតទី២៣កក្កដា ក្នុងសំណុំរឿងបំភ័យប្រជាជនតាមបណ្ដាញសង្គមហ្វេសបុកទាក់ទងការសម្ងាត់ពេលបោះឆ្នោត។ បើតាមគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ទឹកថ្លា គេមិនចាត់វិធានការច្បាប់លើបុគ្គលខាន់ ចាន់សុផល ដោយសារលោកម្នាក់នេះបានចេញមុខសុំទោសរួចទៅហើយ។ 

លោក ខាន់ ចាន់សុផល ដែលគេស្គាល់ថា ជាអ្នកគាំទ្រគណបក្សកាន់អំណាចបានរងបណ្ដឹងពីពលរដ្ឋម្នាក់ក្រោយចេញវិដេអូ មុនថ្ងៃបោះឆ្នោតទី២៣កក្កដា ក្នុងសំណុំរឿងបំភ័យប្រជាជនតាមបណ្ដាញសង្គមហ្វេសបុកទាក់ទងការសម្ងាត់ពេលបោះឆ្នោត។
លោក ខាន់ ចាន់សុផល ដែលគេស្គាល់ថា ជាអ្នកគាំទ្រគណបក្សកាន់អំណាចបានរងបណ្ដឹងពីពលរដ្ឋម្នាក់ក្រោយចេញវិដេអូ មុនថ្ងៃបោះឆ្នោតទី២៣កក្កដា ក្នុងសំណុំរឿងបំភ័យប្រជាជនតាមបណ្ដាញសង្គមហ្វេសបុកទាក់ទងការសម្ងាត់ពេលបោះឆ្នោត។ © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុងលិខិតចុះថ្ងៃទី២៤កក្កដា គណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ទឹកថ្លាបានអះអាងថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពលរដ្ឋរួច គណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ទឹកថ្លាបានតាមដាននិងពិនិត្យឃើញថា លោក ខាន់ ចាន់សុផល បានសុំទោសជាសាធារណៈ និងបានដកពាក្យពេចន៍ដែលបាននិយាយចេញពីទំព័រហ្វេសបុករួចហើយ។

ហេតុផលនេះកើតមានឡើងបន្ទាប់ពីម្ចាស់បណ្ដឹងម្នាក់ដែលក្នុងហ្វេសបុកប្រើឈ្មោះTommy Aagkor បានប្ដឹងលោក ខាន់ ចាន់សុផល នៅថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៣ ទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ទឹកថ្លាពីបទ«បំភ័យប្រជាជននិងធ្វើឲ្យបាត់ទំនុកចិត្តការសម្ងាត់នៃការបោះឆ្នោតតាមបណ្ដាញសង្គមហ្វេសបុកជាសាធារណៈ»ដែលប្រាសចាកទាំងស្រុងពីច្បាប់ស្ដីពីវិសោធកម្មច្បាប់បោះឆ្នោតមាត្រា១៦២ថ្មី-និងមាត្រា១៧១ថ្មីដែលនាំឲ្យមានការភាន់ច្រឡំធ្វើឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។

បន្ទាប់ពីឃើញសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ទឹកថ្លាម្ចាសបណ្ដឹងដែលក្នុងហ្វេសបុកប្រើឈ្មោះTommy Aagkor​ ស្រងាកចិត្តនិងសួរបកវិញថា បទល្មើសព្រហ្មទណ្ឌ ត្រឹមពាក្យសុំទោសរួចខ្លួន? តែបើក្នុងករណីបក្សប្រឆាំង មិនបាច់មានពាក្យបណ្តឹងទេ ចាប់ខ្លួនដោយគ្មានដីកា។

ជាការកត់សម្គាល់ក្រោយឃើញសេចក្ដីសម្រេចនេះ មន្ត្រីសង្គមស៊ីវិលបានលើកឡើងលើបណ្ដាញសង្គមដោយចាត់ទុកថា នេះជាការអនុវត្តច្បាប់ស្តង់ដាពីរខុសគ្នារវាងអ្នកគាំទ្រគណបក្សប្រឆាំង និងអ្នកនាំពាក្យគណបក្សកាន់អំណាច។  ពួកគេបានបន្តចោទសួរក្នុងទម្រង់ដូចគ្នា ចុះបើសិនជាករណីដូចគ្នានេះ ប្រព្រឹត្តដោយប្រជាជនធម្មតា  និងក្រុមអ្នកមានមតិផ្ទុយ  តើ  គ.ជ.ប  នឹង ធ្វើដូចគ្នានេះទេ? នេះជាចម្ងល់របស់លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា។

គួរជម្រាបជូនថា នៅថ្ងៃទី២១កក្កដា លោក ខាន់ ចាន់សុផល លើកឡើងថា ប្រសិនបើប្រជាពលរដ្ឋណាគូសខុសឬគូសខ្វែង គជប នឹងស្កេនស្នាមក្រយៅដើម្បីរកអ្នកដែលគូសខុស ឬគូសខ្វែងមកផ្ដន្ទាទោសឬជាប់ទោសព្រហ្មទណ្ឌ។

ផ្ទុយពីលោក ខាន់ ចាន់សុផល មនុស្ស២១នាក់ក្នុងចំណោមមនុស្សជាង៤០ដែលត្រូវបានរដ្ឋាភិបាលចង្អុលមុខពីបទចូលរួមបំផ្លាញដំណើរបោះឆ្នោតត្រូវបាន គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ លុបឈ្មោះចេញពីបញ្ជីបោះឆ្នោតនិងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ក្នុងម្នាក់ៗរយៈពេល២០ឆ្នាំ និងផាកពិន័យចំនួន១០លានរៀលក្នុងម្នាក់ៗ ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងៗទៀត។ សេចក្ដីសម្រេចនេះកើតមានក្រោយគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បើកការជំនុំជម្រះថ្ងៃទី២៥ ខែកក្កដាម្សិលមិញ។

បន្ថែមពីលើនេះទៀត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ ជ ប ដឹកនាំដោកលោក ប្រាជ្ញ ចន្ទនឹងបើកសវនាការជំនុំជម្រះជាសាធារណៈលើបណ្ដឹងក្នុងសំណុំរឿងចំនួន៥នៅថ្ងៃទី២៧កក្កដា។ បណ្ដឹងទាំង៥នេះប្ដឹងប្រឆាំងនឹងសេចក្ដីសម្រេចរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម ប៉ៃលិន ត្បូងឃ្មុំពាក់ព័ន្ធសកម្មភាពណែនាំនិងញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញឬធ្វើឲ្យខូចសន្លឹកឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ