អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន ប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្ត្រីនៅខែសីហាបន្ទាប់ពីដឹកនាំជាង៣៨ឆ្នាំ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានថ្លែងថាលោកនឹងមិនបន្តតំណែងជានាយករដ្ឋមន្ត្រីទៀតទេ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ។ លោកថា លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោក នឹងបន្តធ្វើជានាយករដ្ឋមន្ត្រីចាប់ពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ទៅ ខណៈអ្នកនយោបាយជាន់ខ្ពស់វ័យចំណាស់របស់គណបក្សប្រជាជនកម្ពុជាបន្តស្ថិតនៅពីក្រោយ ដោយបំពេញតួនាទីនៅក្នុងស្ថាប័នព្រះមហាក្សត្រ និងអំណាចនីតិបញ្ញត្តិ។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។ © FB/SPM
ផ្សាយពាណិជ្ជកម្ម

នេះជាការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈទូរទស្សន៍ជាតិ ដែលជាការប្រកាសឲ្យដឹងជាមុនក្នុងការរៀបចំបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលមានសមាសភាពភាគច្រើនជាយុវជនបន្តវេនរបស់គណបក្សកាន់អំណាច ដែលជាការរៀបចំទុកជាមុននៅក្នុងការរក្សាស្ថិរភាព និងសន្តិភាពរយៈពេលវែង។

លោក ហ៊ុន សែន ពន្យល់ថាអ្នកនយោបាយជំនាន់ចាស់នៅបន្តឈរអែបអ្នកជំនាន់ថ្មីរបស់គណបក្ស ដែលរួមមានរូបលោក លោក ហេង សំរិន លោក ស ខេង លោក ទៀ បាញ់ លោកស្រី ម៉ែន សំអន និងឧបនាយករដ្ឋមន្ត្រីមួយចំនួនទៀតក៏នឹងចាកចេញពីតំណែងដែរ ហើយទទួលយកតំណែងជាទីប្រឹក្សា និងឧត្តមទីប្រឹក្សាព្រះមហាក្សត្រ។ សម្រាប់លោក លោក ហ៊ុន សែន បញ្ជាក់ថាលោកនៅតែជាប្រធានគណបក្សកាន់អំណាច ជាសមាជិករដ្ឋសភា ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងក្លាយជាប្រធានព្រឹទ្ធសភាតាមការគ្រោងទុកជំនួសលោក សាយ ឈុំ ដែលនឹងចូលនិវត្តន៍នៅខែកុម្ភៈ ឆ្នាំ២០២៤។

លោកនាយករដ្ឋមន្ត្រី បន្តថាទោះជាលោកនៅមានអំណាចក៏ដោយ តែលោកនឹងមិនជ្រៀតជ្រែកទៅលើកិច្ចការរបស់នាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលថ្មីនោះទេ ខណៈដែលលោកថាជាការធានាបំផុតនៃសន្តិភាព និងធានាស្ថិរភាពនៃការប្រព្រឹត្តទៅអំណាចរបស់រដ្ឋដោយមិនមានការរាំងស្ទះនៅពេលដែលលោកជាប្រមុខរដ្ឋស្តីទីពេលអវត្តមានព្រះមហាក្សត្រ។

ដើម្បីកុំឲ្យយប់យូរសុបិន្តច្រើន និងជម្រះមន្ទិលរបស់កាសែតបរទេស និងការធ្វើអត្ថាធិប្បាយខុស លោក ហ៊ុន សែន បានបញ្ជាក់ម្តងហើយម្តងទៀតថា លោក ហ៊ុន ម៉ាណែត នឹងឡើងកាន់នាយករដ្ឋមន្ត្រីនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដោយការឡើងកាន់តួនាទីនេះមិនមែនជាការបន្តវេនដូចព្រះមហាក្សត្រមានព្រះរាជសិទ្ធិតែងតាំងព្រះរាជទាយាទនោះទេ។

លោកនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា លោក ហ៊ុន ម៉ាណែត ត្រូវឆ្លងកាត់៤ដំនាក់កាលគឺទី១ មានការឯកភាពផ្ទៃក្នុង ទី២ ត្រូវតែជាប់ជាសមាជិកសភាឆ្លងកាត់ការបោះឆ្នោតសកល ទី៣ ត្រូវទទួលបានការតែងតាំងពីព្រះមហាក្សត្រឲ្យរៀបចំរាជរដ្ឋាភិបាល និងទី៤ត្រូវតែឆ្លងកាត់ការអនុម័តដោយរដ្ឋសភាជាតិ។

ជាមួយគ្នានេះ ប្រមុខគណបក្សកាន់អំណាចក៏បានស្នើដល់ផ្ទៃក្នុងគណបក្សដែរដូចជារដ្ឋមន្ត្រីដែលមានវ័យចំណាស់នានាដែលមិនបានទទួលតំណែងរដ្ឋមន្ត្រីបន្តទៀតឲ្យមានការលះបង់ ហើយទទួលតំណែងតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា និងទីប្រឹក្សារដ្ឋាភិបាល។

សូមបញ្ជាក់ថាបើរាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ លោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបាន២០១៤ សប្តាហ៍ គិតជាខែគឺបាន ៤៦៣ខែ ហើយបើគិតជាឆ្នាំគឺបាន៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ