អានតួអត្ថបទ
កម្ពុជា-សង្គម

ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សចាត់ទុកការបោះឆ្នោតធ្វើឡើងក្នុងរូបភាពរឹតត្បិតដែលជះឥទ្ធិលពលដល់ការសម្រេចចិត្តរបស់ពលរដ្ឋ

សេចក្ដីថ្លែងការណ៍បង្ហាញការខកចិត្តជុំវិញដំណើរការបោះឆ្នោតនៅកម្ពុជា ពីសំណាក់សហគមន៍អន្តរជាតិនៅតែបន្តធ្លាក់មកមិនទាន់ចប់ទេ គិតមកដល់ពេលនេះ។ ជាក់ស្ដែងនៅថ្ងៃទី២៦កក្កដាម្សិលមិញ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ចាត់ទុកការបោះឆ្នោតនៅថ្ងៃទី២៣កក្កដា ធ្វើឡើងក្នុងរូបភាពរឹតត្បិតដែលជះឥទ្ធិលពលដល់ការសម្រេចចិត្តរបស់ពលរដ្ឋ។

ប្រជាពលរដ្ឋទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោត។
ប្រជាពលរដ្ឋទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោត។ © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យនៃឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅថ្ងៃទី២៦កក្កដា លោក វលឃ័រ ធឹក (Volker Türk) លើកឡើងថា គ្រប់ទិដ្ឋភាពនៃដំណើរការបោះឆ្នោតមានការរឹតត្បិតយ៉ាងធ្ងន់ធ្ងរ ដែលជះឥទ្ធិពលអវិជ្ជមានដល់សិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមឲ្យបានពេញលេញនិងស្មើភាព។ បើតាមការិយាល័យនៃឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ការរឹតត្បិតអំឡុងពេលរៀបចំការបោះឆ្នោតនិងបោះឆ្នោត គណបក្សកាន់អំណាចដែលដឹកនាំរដ្ឋាភិបាលបានប្រើប្រាស់ច្បាប់រារាំងដល់ការចុះឈ្មោះនិងការចូលរួមរបស់បេក្ខជន និងគណបក្សនយោបាយ ជាពិសេសគណបក្សប្រឆាំង។

មិនត្រឹមតែបង្ហាញការខកចិត្តជុំវិញដំណើរការបោះឆ្នោតដែលគ្មានវត្តមានបក្សប្រឆាំងប៉ុណ្ណោះទេ លោកVorker Turk ក៏លើកយកក្ដីបារម្ភជុំវិញការបិទគេហទំព័រអង្គភាពសារព័ត៌មានមួយចំនួន ដែលផ្សាយពីរឿងរ៉ាវកម្ពុជាផងដែរ។ រី​ឯសហជីព អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយត្រូវប្រឈមនឹងសំណុំរឿងព្រហ្មទណ្ឌ ការគំរាមកំហែង ការបំភិតបំភ័យ និងការវាយប្រហាររាងកាយ…ជាដើម។

ជុំវិញការលើកឡើងទាំងអំបាលមាណរបស់ការិយាល័យនៃឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សត្រូវបានអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបង្ហាញការសោកស្ដាយត្រឡប់ទៅវិញ និងបានចាត់ទុកការវាយតម្លៃអំពីដំណើរការបោះឆ្នោតនៅកម្ពុជាធ្វើឡើងដោយប្រាចាកពីគោលការណ៍សិទ្ធិមនុស្ស។ បើតាមលោក កត្តា អន ធៀបនឹងការបោះឆ្នោតអាណត្តិមុនៗអាណត្តិនេះ ការបោះឆ្នោតមានស្ថានភាពល្អ ព្រោះប្រជាជននិងគណបក្សនយោបាយបានប្រើប្រាស់សិទ្ធរបស់ខ្លួនដោយសេរី ត្រឹមត្រូវ ស្របតាមរដ្ឋធម្មនុញ្ញពោលគឺគ្មានការរឹតត្បិតនិងបង្ខិតបង្ខំឡើយ។

លោក កត្តា អន បានទទូចឲ្យប្រទេសដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យសម្លឹងមើលប្រជាធិបតេយ្យក្នុងប្រទេសខ្លួននិងសម្លឹងមើលអារម្មណ៍របស់ប្រជាជនខ្លួនឯង ព្រោះប្រជាជនខ្មែរជាង៨០ភាគរយបានចេញទៅបោញឆ្នោតដោយគ្មានការរារាំង។  

 

គួរជម្រាបជូនថា ក្រោយការបោះឆ្នោតនៅកម្ពុជាអាមេរិកនាំមុខគេក្នុងការចេញសេចក្ដីបង្ហាញការខកចិត្តហើយអាមេរិកសម្រេចផ្អាកផ្តល់ជំនួយមួយចំនួន និងរឹតត្បិតទិដ្ឋាការមន្ត្រីរដ្ឋាភិបាល ចំពោះការបោះឆ្នោតដែលគេយល់ថា មិនសេរី។ តាមពីក្រោយអាមេរិក ប្រទេស​លោកខាងលិច​ដែលរួមមាន បារាំង អង់គ្លេស អូស្រ្តាលី អាល្លឺម៉ង កាណាដា និងអ៊ឺរ៉ុបជាដើម​​ សេចក្តីថ្លែងការ​ណ៍ដែលមាន​ខ្លឹមសារស្រដៀងៗគ្នាចាត់ទុកការបោះឆ្នោត​សភាអណត្តិទី​៧នៅកម្ពុជា ខ្វះយុត្តិធម៌និង​តម្លាភាពលើគោលការណ៍ប្រជាធិបតេយ្យ ស៊េរី ពហុបក្ស​។  ​ចំពោះអ៊ឺរ៉ុបនិង​បារាំង អវត្តមានគណបក្សភ្លើងទៀនបាន​ប៉ះពាល់ដល់​ការបោះឆ្នោតបែបពហុនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ