អានតួអត្ថបទ
កម្ពុជា-ពាណិជ្ជកម្ម

កម្ពុជាសុំអាមេរិកផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ឡើងវិញ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ចេញ​មុខ​ស្នើ​សុំ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ GSP ​ឡើង​វិញ​ បន្ទាប់​ពី​ប្រព័ន្ធ​អនុគ្រោះពន្ធ​របស់​អាមេរិក​ បាន​អស់​សុពលភាព​តាំង​ពី​ដើម​ឆ្នាំ​២០២១​។ ការ​ស្នើ​សុំ​នេះ​ ធ្វើ​ឡើង​ដោយ​ដ្បិត​ភាគី​កម្ពុជា​យល់ថា ​ជា​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​ ដោយ​ផ្តល់ផលចំណេញទៅវិញទៅមក។

លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងជំនួបជាមួយនឹងប្រតិភូសភាអាមេរិក លោក Jason Smith
លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងជំនួបជាមួយនឹងប្រតិភូសភាអាមេរិក លោក Jason Smith © ក្រសួងពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម

ការបោះដៃរកប្រព័ន្ធអនុគ្រោះពន្ធ GSP សហរដ្ឋអាមេរិក ពីសំណាក់កម្ពុជាពេលនេះ បានធ្វើឡើងតាមរយៈជំនួបមួយរវាងលោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Jason Smith ប្រធានគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយនៃសភាអាមេរិក នៅថ្ងៃទី២សីហា។ នេះបើតាមក្រសួងពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្មបានអះអាងថា លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើសុំឱ្យសភាអាមេរិកបន្តឡើងវិញនូវប្រព័ន្ធ GSP របស់ខ្លួន ជាពិសេសសម្រាប់ទំនិញមួយចំនួន ដូចជា សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ជាដើម។ ការស្នើនេះ ក៏ព្រោះតែការបន្តប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិកឲ្យកម្ពុជាឡើងវិញ នឹងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ ថា ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក បានផ្តល់ការអនុគ្រោះដល់តែការនាំចេញកាតូបធ្វើដំណើររបស់កម្ពុជាតែប៉ុណ្ណោះ។ ដោយឡែក សម្រាប់ការនាំចេញសំលៀកបំបាក់ និងស្បែកជើង ពីកម្ពុជាទៅកាន់អាមេរិក គឺធ្វើឡើងតាមរយៈការបង់ពន្ធ គិតតាមគោលការណ៍ MFN។ បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ទោះបីកន្លងមក ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក បានអស់សុពលភាព តែទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិក នៅតែមានការកើនឡើងគួរឲ្យកត់សម្គាល់។

គួរបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក បានអស់សុពលភាពតាំងពីចុងឆ្នាំ២០២០ ក្រោយពេលដែលសភាអាមេរិកមិនបានអនុម័តបន្ត។ លោក ប៉ែន សុវិជាតិ បញ្ជាក់ថា ករណីនេះភាគីកម្ពុជា និងបណ្តាប្រទេសមួយចំនួនទៀត ក៏ធ្លាប់ស្នើឲ្យភាគីអាមេរិកបន្តប្រព័ន្ធអនុគ្រោះពន្ធនេះឡើងវិញ តែជាសិទ្ធិសម្រេចរបស់អាមេរិកដោយផ្ទាល់។ បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កម្ពុជាក៏មិនរំពឹងពេកដែរ ថាអាមេរិកនឹងអាចផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ឡើងវិញ ខណៈដែលបច្ចុប្បន្នកម្ពុជាបាននិងកំពុងត្រៀមប្រែខ្លួនពីប្រទេសអភិវឌ្ឍតិចតួច ទៅជាប្រទេសកំពុងអភិវឌ្ឍក្នុងពេលខាងមុខ។ ម្យ៉ាងវិញទៀត ក្នុងដៃកម្ពុជាបច្ចុប្បន្ន ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនប្រទេសមួយចំនួន ហើយកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ RCEP ជាដើម។

សូមរំលឹកថា ក្នុងឆ្នាំ២០២២កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក មាន​ទំហំជាង ៩,២៨១​ ពាន់​លាន​ដុល្លារ កើនឡើង ១៨,៦​ ភាគរយ​បើ​ធៀប​ឆ្នាំ ២០២១។ ការនាំចេញ​របស់​កម្ពុ​ជា មាន​ទឹកប្រាក់​ជិត ៨,៩៦៩ ​ពាន់​លាន​ដុល្លារ កើនឡើង ១៩,៧ ​ភាគរយ និង​នាំចូល​មាន​ចំនួន​ជាង ៣១២ ​លាន​ដុល្លារ ធ្លាក់ចុះ ៧,១ ​ភាគរយ​។ នេះ​បើ​តាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ