អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្សភ្លើងទៀនព្យាយាមជួបក្រសួងមហាផ្ទៃ តែមន្ត្រីក្រសួងមហាផ្ទៃថាមិនមានភាពចាំបាច់

គណបក្ស​ភ្លើងទៀន​សម្តែងការ​សោកស្តាយ​ចំពោះ​ក្រសួង​មហា​ផ្ទៃ ​ដែលបាន​បដិសេធ​មិន​ទទួល​លិខិត​ស្នើសុំ​ជួប​លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ដើម្បី​ពិភាក្សា​លើ​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​ឯកសារ​លិខិត​បញ្ជាក់​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​របស់​គណបក្ស​ភ្លើងទៀន​ដែល​ គ.ជ​.ប តម្រូវឲ្យ​មាន​ឯកសារ​ច្បាប់​ដើម​។ ក៏ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​បាន​អះអាង​ថា ​មិនមាន​ភាព​ចាំបាច់ ​ដោយ​ក្រសួងមហាផ្ទៃ​បានធ្វើ​ការងារ​នេះ​អស់ពី​សមត្ថកិច្ច​ហើយ​។

កិច្ចប្រជុំបណ្តាមន្ត្រីគណបក្សភ្លើងទៀន ពីបញ្ហាប្រឈមកន្លងទៅ
កិច្ចប្រជុំបណ្តាមន្ត្រីគណបក្សភ្លើងទៀន ពីបញ្ហាប្រឈមកន្លងទៅ © គណបក្សភ្លើងទៀន
ផ្សាយពាណិជ្ជកម្ម

ក្រៅពី​សម្តែង​ការ​សោកស្តាយ ​ដែល​ក្រសួង​មហាផ្ទៃ​បដិសេធ​លិខិត​សុំជួប​ម្តងហើយ​ម្តងទៀត ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ធ្វើយ៉ាងណា​ឲ្យ​គណបក្ស​ភ្លើងទៀន​អាចចូលរួម​បោះឆ្នោត​បាន ​គណបក្ស​ប្រឆាំង​មួយនេះ ​បាន​ប្តេជ្ញាថា​នឹង​ប្រឹងប្រែង​បន្ថែមទៀត​ ដើម្បី​ជួបជាមួយ​ក្រសួង​មហាផ្ទៃ​នៃ​រដ្ឋាភិបាល​ថ្មី​។

ក៏ប៉ុន្តែ​សម្រាប់​ពេលនេះ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ​ខៀវ សុភ័គ ​បានប្រាប់​វិទ្យុ​បារាំង ​RFI​ ថា ​មិនមាន​ប្រយោជន៍​អ្វី​ទេ ​ដោយសារ​ការសុំជួប​មិនអាច​ដោះស្រាយ​អ្វី​បាននោះ​។ លោកដាក់ជា​សំណួរ​ថា ​តើជា​ការជួប​ដើម្បី​បង្ក​បញ្ហា​ឬ​?

អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា​ក្រសួង​មហាផ្ទៃ​កន្លងមក​បាន​បញ្ជាក់​តាមបែបបទ​រដ្ឋបាល​រួចរាល់​អស់ហើយ​ តែ​ក្រសួង​មិនមាន​សមត្ថកិច្ច​អ្វីធំ​ជាង​ការ​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គ​.ជ.​ប) និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​។

សូមរំលឹកថា​គណបក្ស​ភ្លើងទៀន ​មិនត្រូវបាន​អនុញ្ញាត​ឲ្យចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ​កាលពី​ថ្ងៃទី​២៣ ​ខែ​កក្កដា ​ឆ្នាំ​២០២៣​ទេ ​ដោយសារ​ខ្វះ​ឯកសារ​ចុះបញ្ជី​គណបក្ស​ច្បាប់ដើម​។ ចំណុចនេះ​គណបក្ស​ភ្លើងទៀន​ដែលបាន​បង្កើតឡើង​ដោយ​លោក ​សម រង្ស៊ី ​កាលពី​ឆ្នាំ​១៩៩៨ ​បាន​បាត់លិខិត​ច្បាប់ដើម​នៃការ​ចុះបញ្ជី​គណបក្ស​នយោបាយ​អំឡុងពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​ត្រូវបាន​បិទ​ ខណៈដែល​ទីស្នាក់ការ​គណបក្ស​ភ្លើងទៀន ​បានស្ថិត​នៅ​ផ្នែកខាងក្រោម​នៃអតីត​គណបក្ស​សង្គ្រោះជាតិ​។

ជុំវិញ​បញ្ហានេះ ​គណបក្ស​ភ្លើងទៀន​បាន​ព្យាយាម​សុំជួប​ក្រសួង​មហាផ្ទៃ​ជាច្រើនលើក​ចាប់តាំងពី​ថ្ងៃ​ទី​១២ ​ខែ​មិថុនា​មក ពោលគឺ​មុនការបិទ​ការចុះបញ្ជី​គណបក្ស​នយោបាយ​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​នេះ​។ ក៏ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​តែង​បដិសេធ ​ហើយ​ទីបញ្ចប់​គណបក្ស​ភ្លើងទៀន​មិនត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរួម​បោះឆ្នោត​នោះទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ