អានតួអត្ថបទ
កម្ពុជា-សន្តិសុខ

ប៉ូលីស​បាត់ដំបង​៖ ជនសង្ស័យ​រត់កង់បី​ប៉ុនប៉ង​គម្រាម​ប្លន់​ស្ត្រី​ជនជាតិ​បារាំង ​ត្រូវបញ្ជូន​ទៅ​តុលាការ

ជនសង្ស័យ​ឈ្មោះ ​ទេព ភាឡី ​ហៅ ​លីញ ​ជាអ្នក​រត់​ម៉ូតូ​កង់​បី​ដឹកស្ត្រី​ជនជាតិ​បារាំង​បាន​សារភាព​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​សកម្មភាព​របស់​គេ​នា​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​៥ ​ខែ​សីហា ​ឆ្នាំ​២០២៣ ​កន្លង​ទៅ ​គឺជា​ការ​ប៉ុនប៉ង​(គំរាម​ប្លន់​)យក​ទ្រព្យសម្បត្តិ​របស់​ស្រ្តី​រងគ្រោះ​។ ការ​បញ្ជាក់​របស់​ជនសង្ស័យ​រូបនេះ​ គឺ​ធ្វើឡើង​បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់ដំបង​បាន​ឃាត់ខ្លួន​បុរស​រូប​នេះ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ​ក្រោយ​រូបគេ​គេចខ្លួន​អស់​រយៈពេល​ពីរ​ថ្ងៃ​។

ប៉ូលីសបាត់ដំបងសួរចម្លើយជនសង្ស័យ
ប៉ូលីសបាត់ដំបងសួរចម្លើយជនសង្ស័យ © សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះមុខ​សមត្ថកិច្ច​ស្នងការដ្ឋាន​ខេត្ត​បាត់ដំបង ​ជនសង្ស័យ ​ទេព ភាឡី ​ហៅ លីញ ​បានផ្តល់​ចម្លើយថា​រូបគេ​បានធ្វើ​សកម្មភាព​ចំពោះស្ត្រី​បរទេសម្នាក់​ជាជនជាតិ​បារាំង​អាយុ​២២​ឆ្នាំ ដោយ​ព្យាយាម​ដឹក​ស្ត្រី​រូបនេះ​តាមម៉ូតូ​កង់បី​ទៅកន្លែង​ស្ងាត់​ណាមួយ ​ដើម្បី​ប៉ុនប៉ង​(គម្រាម​ប្លន់​)យក​ទ្រព្យសម្បត្តិ​របស់នាង​កាលពី​ថ្ងៃទី​០៥​ ខែ​សីហា​កន្លង​ទៅ ​ខណៈដែល​ស្ត្រីបរទេស​រូបនេះ​បានចុះ​ពី​រថយន្ត​ក្រុង​ ហើយជិះ​ PassApp ​ទៅកាន់​កន្លែង​ស្នាក់នៅ​។

ប៉ូលីស​ខេត្ត​បាត់ដំបង​ឲ្យដឹង​តាមរយៈ​ទំព័រហ្វេសប៊ុក​របស់ខ្លួន​ថា ​ជនសង្ស័យ​ដែល​រត់ម៉ូតូ​កង់បី​មិនបាន​ជូនស្ត្រី​បរទេស​រងគ្រោះ​ទៅកាន់គោលដៅ​ផ្ទះសំណាក់​ ពេជ្រ ខៀវ​ ក្នុងក្រុង​បាត់ដំបង​ទេ ​ដោយ​ព្យាយាម​ជិះពង្វាង​ទៅកន្លែង​ផ្សេង ​ហើយក៏​ក្រឡាប់​ម៉ូតូ​កង់បី​ជាហេតុ​ធ្វើឲ្យ​ស្ត្រី​ទេសចរ​ជនជាតិ​បារាំង​មាន​ឱកាស​រត់ចេញពី​នោះ​ទាំង​របួស​រាងកាយ ​ក្នុងនោះ​ក៏​បាក់ឆ្អឹង​ម្រាមដៃ​កណ្តាល​ផងដែរ​។

ករណី​នេះ ​ត្រូវ​ម្ចាស់គណនី​ហ្វេសប៊ុក​ឈ្មោះ ​Sam Achhara ​ដោយមាន​ការ​សំណូមពរ​ពី​ភ្ញៀវ​ទេសចរ​បរទេស​នេះ ​បាន​សរសេរ​រៀបរាប់​ពី​ហេតុការណ៍​ដែលបាន​កើតឡើង ​ដើម្បី​ជាដំណឹង​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​។ប៉ូលីស​ខេត្ត​បាត់ដំបង​និយាយថា ​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​នេះ​ពីអ្នក​ប្រើប្រាស់​បណ្តាញ​សង្គមហើយ​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅថ្ងៃ​ទី​០៧ ​ខែ​សីហា​ម្សិលមិញ​នេះ​។

ជាមួយគ្នា​នេះ ​អ្នកឆ្លើយឆ្លង​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​បានបញ្ចេញ​នូវ​ទស្សនៈ​ស្រដៀង​ៗ​គ្នា​ថា ​ប្រសិនបើ​រឿងនេះ​ជាការ​ពិត ​នោះ​អាជ្ញាធរ​ត្រូវតែ​ដាក់ទោស​ជន​សង្ស័យ​រត់ម៉ូតូ​កង់បី​នេះ​ឲ្យបាន​ធ្ងន់ធ្ងរ​ ដោយសារ​សកម្មភាព​របស់គេ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​ជាតិ ​សន្តិសុខ ​និង​វិស័យ​ទេសចរណ៍​យ៉ាង​ធ្ងន់ធ្ងរ​ផងដែរ​។

សូមបញ្ជាក់​ថា​ជន​សង្ស័យ​ឈ្មោះ ​ទេព ភាឡី ​ហៅ ​លីញ ​នេះ ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់ដំបង​ធ្វើការ​ឃាត់ខ្លួន​បញ្ជូនទៅ​អនុវត្ត​ទោស​តាម​ផ្លូវច្បាប់​ម្តងរួច​មកហើយ ​កាលពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​ដែលកាលនោះ​រូបគេ​បាន​ធ្វើសកម្មភាព​ឆក់យក​ទ្រព្យសម្បត្តិ​របស់​ជនរងគ្រោះ​ម្នាក់​ជាស្ត្រី​ជនជាតិ​បារាំងដែរ​ នៅក្រុង​បាត់ដំបង​ ប៉ុន្តែ​ក្រោយពី​ចេញពី​ពន្ធនាគារ​វិញ ​បុគ្គលនេះ​នៅតែ​បន្ត​ ប្រព្រឹត្ត​សកម្មភាព​ល្មើស ​បន្តទៀត​ដោយគ្មាន​ការ​រាងចាល ដែល​ពេលនេះ​ប៉ូលីស​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ជន​សង័្សយ ​និង​វត្ថុតាង​ទៅតុលាការ​ខេត្ត​បាត់ដំបង ​ដើម្បី​អនុវត្ត​ទោស​ជាថ្មី​ម្តងទៀត​ទៅតាម​ផ្លូវច្បាប់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ