អានតួអត្ថបទ
កម្ពុជា-នយោបាយ

សឹង្ហបុរី និងឡាវ អបអរលោក ហ៊ុន ម៉ាណែត ក្រោយព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្ត្រី

មួយថ្ងៃ​ក្រោយ​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​ សម្តេច​ព្រះនរោត្តម ​សីហមុនី ​បាន​ចាត់តាំង​លោក ​ហ៊ុន ម៉ាណែត ​ជានាយក​រដ្ឋមន្ត្រី​អាណត្តិ​ថ្មី ​សឹង្ហបុរី ​និង​ឡាវ ​បានចេញមក​សាទរ​មុនគេ ​ក្នុង​ចំណោម​ប្រជាជាតិ​អាស៊ាន​ទាំង​១០​។ ប្រមុខ​រដ្ឋាភិបាល ​និង​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ បាន​សម្តែង​នូវ​ការ​គាំទ្រ ​និង​ត្រៀម​លក្ខណៈ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​កម្ពុជា​អាណត្តិ​ទី​៧ ​ដែលដឹកនាំ​ដោយ​លោក​បណ្ឌិត ​ហ៊ុន ម៉ាណែត​។

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអាណត្តិទី៧
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអាណត្តិទី៧ © សហការី
ផ្សាយពាណិជ្ជកម្ម

​លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី និងប្រមុខរដ្ឋឡាវ ដែលជាប្រទេសអាស៊ាន២ បានចេញមុខមកអបអរ​សាទរមុនគេ ដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត​ បន្ទាប់ពីលោកត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

នៅក្នុងលិខិតខ្លីជាភាសាអង់គ្លេស ដែលផ្ញើទៅកាន់​លោក ហ៊ុន ម៉ាណែត ដោយផ្ទាល់ ហើយត្រូវបានបកប្រែក្រៅផ្លូវការ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុង បានបញ្ជាក់ថា​ក្នុងនាមរដ្ឋាភិបាលសិង្ហបុរី លោកសូមអបអរសាទរដល់លោក ហ៊ុន ម៉ាណែត ដែលត្រូវបានតែងតាំង​ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក លី បានសរសេររៀបរាប់ពីទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើនរវាងកម្ពុជា និងសិង្ហបុរី ព្រមទាំងរំពឹងថា នឹងធ្វើការជាមួយលោក ហ៊ុន ម៉ាណែត និងក្រុមការងាររបស់លោក ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងទ្វេភាគី និងពហុភាគី។ បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាលសិង្ហបុរី ក៏រំពឹងដែរថា នឹងបានជួបលោក ហ៊ុន ម៉ាណែត ដោយផ្ទាល់ នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ក្នុងទីក្រុងហ្សាការតា នៅខែកញ្ញាខាងមុខនេះ។

ដោយឡែក ជាមួយឡាវវិញ លោក ថង លុនស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ ក៏បានសម្តែងការអបអរសាទរ និងគាំទ្រពេញទំហឹង ដែលព្រះមហាក្សត្រកម្ពុជា បានចាត់តាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ព្រមទាំងប្តេជ្ញាថានឹងបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីជំនួបតាមអនឡាញរវាងលោក ហ៊ុន សែន ប្រធានគណបក្ស និងប្រមុខរដ្ឋឡាវនៅថ្ងៃអង្គារនេះ។

សូមបញ្ជាក់ថាបន្ទាប់ពីចាត់តាំងជានាយករដ្ឋមន្ត្រីអាណត្តិថ្មី លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៨ ខែសីហានេះ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជាជា«កិត្តិទេសាភិបាលបណ្ឌិត»តែមួយរូបគត់

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ