អានតួអត្ថបទ
កម្ពុជា-សន្តិសុខ

បណ្តឹង​ប្រជាពលរដ្ឋ​រងគ្រោះ​បានកើន​ឡើង​ជាង​១​ពាន់​បណ្ដឹង​ ប្រឆាំង​នឹង​ក្រុមហ៊ុន​ពិភព​ដីមាស

គិតមក​ត្រឹម​ថ្ងៃ​ទី​០៩ ​ខែ​សីហា​ ម្សិលមិញ ​ប្រជាពលរដ្ឋ​ខេត្ត​កំពត​បានបន្ត​ដាក់​ពាក្យបណ្តឹង​បន្ថែម​ទៀតរហូត​ដល់ ​១ ១០៥ ​បណ្ដឹង ​ប្រឆាំងនឹង​ក្រុមហ៊ុន​ពិភព​ដីមាស​។ នេះបើគិត​ត្រឹម​ខេត្ត​កំពត​មួយ​ប៉ុណ្ណោះ ​ដោយមិនទាន់​ដឹង​ពី​ប្រតិបត្តិការ​ក្រុមហ៊ុន​នេះ​នៅកន្លែង​ដទៃ​ផ្សេង​ទៀត​។ ការដាក់ពាក្យ​ប្តឹង​របស់​ប្រជាពលរដ្ឋ​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ ​គឺដោយសារ​តែ​ក្រុមហ៊ុន​អលនទ្រព្យ​ពិភព​ដីមាស​នេះ បាន​ធ្វើ​ជំនួញមិន​សុច្ចរិត ​ដោយ​លក់​ដី​ខ្យល់​ឲ្យ​ប្រជាពលរដ្ឋ​។

ក្រុមហ៊ុនពិភពដីមាស
ក្រុមហ៊ុនពិភពដីមាស © សហការី
ផ្សាយពាណិជ្ជកម្ម

តាមការ​ឲ្យដឹង​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ​មកទល់នឹង​ថ្ងៃទី​០៩ ​ខែសីហា​ម្សិលមិញ ​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​នេះ ​បាន​ដាក់ពាក្យ​ប្តឹង​ក្រុមហ៊ុន​ពិភព​ដីមាស​មក​សមត្ថកិច្ច​​ចំនួន ​១ ១០៥ ​បណ្ដឹង ​គិតជាទឹកប្រាក់​ជាង​ ២១​លាន​ដុល្លារ ដែល​ទឹកប្រាក់​ខាតបង់​ទាំងនេះ ​សុទ្ធសឹង​ជាប្រាក់​ដើម​ទាំងអស់​។

កាលពីថ្ងៃ​ចន្ទ​កន្លង​ទៅ សមត្ថកិច្ច​រាជធានីភ្នំពេញ ​បានចាប់ខ្លួន​ម្ចាស់ក្រុមហ៊ុន​ពិភពដីមាស​លោកឧកញ៉ា ​ហ៊ី គីមហុង ​និង​បក្សពួក ​១៣​នាក់​ផ្សេងទៀត ​ដែលមាន​ទីស្នាក់ការ​លក់​នៅ​ភ្នំពេញ ​បញ្ជូនទៅ​តុលាការ​ ក្រោមបទចោទ​ឆបោក​មានស្ថាន​ទម្ងន់ទោស ​ការញុះញង់​ឲ្យប្រព្រឹត្ត​អំពើ​ប្រឆាំង​អ្នករាជការ​សាធារណៈ និង​ការសម្អាត​ប្រាក់​ផងដែរ​។

ស្នងការ​ប៉ូលីស​ខេត្ត​កំពត​បញ្ជាក់តាមបណ្តាញ​សង្គមហ្វេសប៊ុក​ថា ​អ្នកដែល​ពាក់ព័ន្ធ​នៅក្នុង​សំណុំរឿង​នេះផ្សេង​ទៀត​ នឹង​មិនរួចខ្លួន​ទេ​។ នៅក្នុងន័យ​នេះ ​ត្រូវប្រជាពលរដ្ឋ​រាយការណ៍​ថា​ក្រុមហ៊ុន​ពិភពដីមាស ​លក់ដី​ខ្យល់​នេះ ​បានបញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​តាមរយៈ​ភ្នាក់ងារ​របស់ខ្លួន​ជាច្រើននាក់​នៅតាម​មូលដ្ឋាន​ ឲ្យប្រជាជន​ទិញដី ​ចូលរួម​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ ដើម្បី​ស្វែងរក​ប្រាក់ចំណេញ​។ ក៏ប៉ុន្តែ​ជាក់ស្តែង​ប្រជាជន​មិនទទួលបាន​អ្វី​ទាំងអស់ ក្រៅតែពី​ដាក់ដើមទុន​ចូលរួម​ជាមួយ​ក្រុមហ៊ុន ​ដែលមាន​ការបញ្ចុះបញ្ចូល​ដ៏អាក្រក់​។

សូមបញ្ជាក់​ថាកាលពី​ខែ​មេសា ឆ្នាំ២០២៣ ​កន្លងទៅ ​លោកឧកញ៉ា ​ជា សារ៉ន ​និង​បក្ខពួក​៨​នាក់​ផ្សេងទៀត​ ក៏ត្រូវ​ប្រជាពលរដ្ឋ​នៅខេត្ត​កំពត​ជាង​២​ពាន់គ្រួសារ បាន​តវ៉ា​រឿង​ចាញ់បោក​ការវិនិយោគដីខ្យល់នេះ​របស់​ក្រុមហ៊ុន​ ជា សារ៉ន ​សរុប​ជា​ទឹកប្រាក់​ជិត​៤០​លាន​ដុល្លារ​។​

អ្នកតាមដាន​បញ្ហាសង្គម​នានា មើលឃើញ​ថា ក្រុមអ្នក​មានឥទ្ធិពល​នៅក្នុង​សង្គម​មួយចំនួន​ ដែលមាន​ងារជាឧកញ៉ា​ជាបន្តបន្ទាប់​តែង​ប្រព្រឹត្តអំពើ​ទុច្ចរិត​កេងប្រវ័ញ្ច​ បោកប្រាក់​ប្រជាពលរដ្ឋ​តាមរយៈ​វិស័យអចលនទ្រព្យ​នេះ ក៏ព្រោះតែ​ការអនុវត្ត​ច្បាប់​នៅមាន​កំរិត ​និងម្យ៉ាងទៀត​អាចជា​ការ​បង្ហាញ​រូបភាព​តៗ​គ្នានូវ​ការទទួលបាន​ផលចំណេញច្រើន​ពី​យុទ្ធសាស្ត្រ ​និង​រូបភាព​ឆបោក​បែបនេះ ​បើទោះណាជា​អ្នក​ប្រព្រឹត្តត្រូវ​ទទួលនូវ​ទោសទណ្ឌ​មួយរយៈកាល​ក៏ដោយ​។ ដោយឡែក​អ្នកដែលខាតបង់​គឺប្រជាពលរដ្ឋ​ស្លូតត្រង់ ​ដែលស្ថានភាព​នេះបាន​រុញច្រាន​ពួកគេ​ឲ្យកាន់តែ​ធ្លាក់ទៅ​ក្នុង​សភាព​ក្រីក្រ​បន្ថែម​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ